More

    ហេតុអ្វីកសិករមិនគួរដុតជញ្ជ្រាំងក្រោយប្រមូលផល​?

    - Advertisement -
    Advertisement

    ការ​ដុត​ជញ្ជ្រាំង​ក្រោយ​ប្រមូល​ផល​នៅ​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​កសិករ​មួយ​ចំនួន​យល់​ថា​ការ​ដុត​នេះ​នឹង​​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ក​បង្កើន​ផល​នៅ​រដូវ​បន្ទាប់​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ មិន​មែន​ជា​រឿង​ល្អ​សម្រាប់​វិស័យ​កសិកម្ម​ និង​បរិស្ថាន​នោះ​ទេ​។ ការ​ដុត​ជញ្ជ្រាំង​បង្ក​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ដល់​វិស័យ​កសិកម្ម​ និង​បរិស្ថាន​។​​

    ប៉ះពាល់​គុណ​ភាព​ដី​

    ការ​ដុត​​ដល់​ជញ្ជ្រាំង​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាសធាតុ​សរីរាង្គ​នៅ​ក្នុង​ដី រួម​ទាំង​សត្វល្អិត​ក្នុង​ដី​ដែល​មាន​នាទី​ជួយ​បំបែក​កាក​សំណល់​ រក្សា​ជីជាតិ​ដី និង​រចនាសម្ព័ន្ធ​របស់​ដី​។ ការ​បន្ត​ដុត​​ជញ្ជ្រាំង​ម្ដង​ហើយ​ម្ដង​ទៀត​នឹង​ធ្វើ​ឲ្យ​គុណភាព​ដី​ធ្លាក់​ចុះ និង​ផល​​ដំណាំ​ក៏​ថយ​ចុះ។

    បាត់​បង់​ជីជាតិ​

    ​គល់​ជញ្ជ្រាំង​មាន​ផ្ទុក​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​ ដែល​ជួយ​ដល់​ការ​លូត​លាស់​របស់​ដំណាំ​នៅ​រដូវ​បន្ទាប់​ បើ​សិន​ជា​យើង​គ្រប់​គ្រង​គល់​ជញ្ជ្រាំង​ទាំង​នោះ​បាន​ល្អ។ ចំណែក​ការ​ដុត​ជញ្ជ្រាំង​​នឹង​ធ្វើ​ឲ្យ​ដី​ស្រែ​បាត់​បង់​សារជាតិ​ចិញ្ចឹម​ទាំង​នោះ ហើយ​កសិករ​នឹង​ត្រូវ​ប្រើ​ជី​គីមី​កាន់​តែ​ច្រើន ដើម្បី​ធានា​ដល់​ការ​លូត​លាស់​របស់​ស្រូវ ឬ​ដំណាំ​ផ្សេង​ទៀត​។​

    ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ​ការ​ដុត​ជញ្ជ្រាំង​​​នឹង​ធ្វើ​ឲ្យ​បាត់​បង់​សមាសធាតុ​សរីរាង្គ​​សម្រាប់​ប្រើ​ជា​ជី​ជំនួយ​ដី ជា​ពិសេស​គឺ​អាសូត​។​ ក្រៅ​ពី​នេះ​ក៏​សម្លាប់​​ពពួក​មីក្រូ​សរីរាង្គ​នៅ​ក្នុង​ដី ធ្វើ​ឲ្យ​ដី​ប្រែ​​ទៅ​ជា​ក្ដាំង រឹង​ មិន​មាន​ជីជាតិ និង​បាត់​បង់​គម្រប​ការពារ​ដី​ពី​កម្ដៅ​ថ្ងៃ​ផង​ដែរ​។ ក្រៅ​ពី​នេះ ការ​ដុត​ជញ្ជ្រាំង​ក៏​​ធ្វើ​ឲ្យ​កើត​មាន​ឧស្ម័ន​កាបូនិច​ បំពុល​បរិយាកាស និង​បង្ក​ឲ្យ​​អាកាស​ធាតុ​ឡើង​កម្ដៅ​ទៀត​ផង​។

    បងប្អូន​ណា​ខ្លះបាន​បញ្ឈប់ទង្វើនេះ ឬ​នៅ​បន្ត​? ហេតុអ្វី? ជួយ​ចែក​រំលែក​ឲ្យ​ក្រុម​ការងារ​កសិ/Kakseបាន​ដឹង​ផង​។

    ចែករំលែកដោយ៖ ទូច ស្រីនាថ
    ប្រភព៖ International Journal of Life Sciences

    - Advertisement -
    Advertisement