ទឹកគឺជាធាតុសំខាន់ណាស់ក្នុងដំណើរការលូតលាស់របស់ដំណាំ។ ក្នុងករណីដែលមានទឹកមិនគ្រប់គ្រាន់ ដីដាំដំណាំនឹងមានសភាពស្ងួត រីឯដំណាំនឹងចាប់ផ្ដើមស្វិត ខ្សោះជាតិទឹក។
កំដៅថ្ងៃនិងភាពស្ងួតរបស់ដីគឺជាកត្តាដែលធ្វើឲ្យរុក្ខជាតិត្រូវការទឹកបន្ថែម។ ការផ្ដល់ទឹកទៅឲ្យរុក្ខជាតិ ឬដំណាំ អាចជារឿងធម្មតា តែបើសិនជាផ្តល់ទឹកឲ្យទៅរុក្ខជាតិមិនត្រូវពេលវាលា វាក៏ផ្ដល់ផលមិនល្អទៅដល់រុក្ខជាតិផងដែរ។
ចុះតើពេលណាជាពេលវេលាល្អសម្រាប់ការស្រោចស្រពដំណាំ?
ជាការពិតណាស់ ពេលវេលាស្រោចស្រពដែលល្អគឺជាការស្រោចស្រពនៅពេលដែលអាកាសធាតុត្រជាក់ ដូចជាពេលព្រឹកនិងពេលល្ងាចជាដើម ដោយជៀសវាការស្រោចទឹកនៅពេលថ្ងៃត្រង់ឬពេលដែលមានកំដៅថ្ងៃខ្លាំង។
ការស្រោចស្រពដំណាំនៅពេលដែលមានថ្ងៃក្ដៅ វានឹងធ្វើឲ្យឆួលកំដៅឡើងមកលើ ដែលអាចធ្វើឲ្យរុក្ខជាតិស្លោក ម្យ៉ាងទៀត កំដៅថ្ងៃធ្វើឲ្យទឹកដែលបានស្រោចទៅលើដីឆាប់ហួតដែលនាំឲ្យទឹកមិនអាចជ្រាបចូលទៅក្នុងដីបានច្រើន។

ការស្រោចស្រពទឹកនៅពេលព្រឹកនិងពេលរសៀលក៏មានភាពខុសគ្នាដែរ។ ការស្រោចស្រពនៅពេលព្រឹកត្រូវការទឹកច្រើន ដោយសារថ្ងៃឡើងទឹកនឹងហួត រីឯពេលល្ងាច យើងអាចស្រោចស្រពក្នុងបរិមាណតិចតួច ព្រោះអាកាសធាតុមានសភាពត្រជាក់ដែលធ្វើឲ្យដីអាចរក្សាសំណើមបានយូរ។ ក្នុងករណីដែលយើងស្រោចទឹកនៅពេលរសៀលច្រើនពេក វាអាចនឹងបណ្ដាលឲ្យមានសំណើមខ្ពស់ខ្លាំង ងាយនឹងកើតផ្សិត រុក្ខជាតិងាយនឹងរលួយ នឹងអាចបណ្ដាលឲ្យកើតឡើងនូវពពួកសត្វល្អិតផងដែរ។
ចុះបងប្អូនយើងវិញនិយមស្រោចទឹកដំណាំពេលណាដែរ? មានបទពិសោធអ្វីចង់ចែករំលែក កុំភ្លេចទាក់ទងកសិ/Kakse ណា។
ចែករំលែកដោយ៖ ទូច ស្រីនាថ
ប្រភព៖ Ugaoo
