More

    វិធីសាស្ត្រ​មួយ​ចំនួន​ជួយកម្ចាត់​រុក្ខជាតិ​ចង្រៃ​នៅ​ក្នុង​ស្រែ​ចម្ការ

    - Advertisement -
    Advertisement

    ​ការ​ធ្វើ​ស្រែ​ចម្ការ បងប្អូន​កសិករ​តែងតែ​ជួបប្រទះ​រុក្ខជាតិ​ចង្រៃ​មួយ​ចំនួន ដែល​តែងតែ​យារយី​ដំណាំ និង​ផលិតកម្ម​កសិកម្ម​របស់​យើង។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌលអូស្ត្រាលី​សម្រាប់​ការ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ រុក្ខជាតិ​ចង្រៃ​​នៅ​ស្រុក​យើង​មាន​រហូតទៅដល់ ៧០ប្រភេទ។ រុក្ខជាតិ​មួយ​ចំនួន​អាច​ជា​មាន​លក្ខណៈ​ជា​ស្មៅ​និងកក់ ដែល​រួមមាន ស្មៅគោ ស្មៅចិញ្ចៀន ហើយ​មួយ​ចំនួន​ទៀត​ជា​ប្រភេទ​ស្លឹក​ធំ​រួមមាន ផ្ទីបន្លា ឬ ផ្ទីដូង និងប៉េងប៉ោះ​ស្រោម​ជា​ដើម។

    តាមពិត​ទៅ​ រុក្ខជាតិ​ទាំង​នោះ​ដើមឡើយ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​កត្តា​ចង្រៃ​មក​ដល់​ដំណាំ​ស្រូវ និងដំណាំក្នុង​ចម្ការ​របស់​យើង​ទេ តែ​ការ​វិវត្តនានា​តាម​រយៈ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើកសិកម្ម​របស់​យើង រុក្ខជាតិ​ទាំង​នោះ​បាន​វិវត្តខ្លួន​មកជា​កត្តា​​យារយី​ទៅ​លើ​ផលិតផល​កសិកម្ម​របស់​បងប្អូនកសិករ។

    ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​រុក្ខជាតិ​ចង្រៃ៖

    ការអនុវត្ត​​បែប​ប្រពៃណី៖​ ការគ្រប់គ្រង​បែប​ប្រពៃណី​គឺ ការ​កម្ចាត់​រុក្ខជាតិ​ចង្រៃ​ដោយ​ដៃ ការ​រៀបចំ​ដី និង​ការ​ទទួល​យក​រុក្ខជាតិ​ចង្រៃ​ក្នុង​ចម្ការ។

    ការ​អនុវត្តវិធានការ​គ្រប់គ្រង​បែបចម្រុះ៖​ នៅ​ក្នុង​វិធីសាស្ត្រ​នេះ បងប្អូន​កសិករ​យើង​អាច​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​នានា ដើម្បី​កម្ចាត់រុក្ខជាតិ​ចង្រៃ។ វិធីសាស្ត្រ​ទាំង​អស់​នោះ​មាន​គោលបំណង​ធ្វើ​យ៉ាង​ណា​រក្សា​រុក្ខជាតិ​ចង្រៃ​ឱ្យ​មាន​តិចតួច និង​ការពារ​កុំ​ឱ្យ​ដាក់​​​គ្រាប់​រីករាលដាល​ពេញ​មួយ​វដ្ដ​ដំណាំ។ រុក្ខជាតិ​មួយ​ចំនួន​អាច​ប្រើប្រាស់​ជា​ចំណី​សត្វ ឬ ក៏​អាច​ប្រើប្រាស់​ជា​បន្លែ​សម្រាប់​បរិភោគ​។

    ក្នុង​ការ​អនុវត្ត​វិធីសាស្ត្រ​នេះ​ យើង​ត្រូវ​តែ​គិតគូរ​​មុន​ពេល​​ដាំដំណាំ​ ដោយ​យើង​ត្រូវ​គ្រប់គ្រង​កុំ​ឱ្យ​មាន​រុក្ខជាតិ​ចង្រៃ​នៅ​តាម​ព្រំ​ចម្ការ បណ្ដោយចង្អូរ​ទឹក និង​ដី​ទំនេរ​ជិត​ចម្ការ​ដំណាំ។ មួយ​វិញ​ទៀត ប្រសិន​បើ​ដាំដំណាំ​ហើយ យើង​ពិបាក​ក្នុង​ការ​កម្ចាត់​រុក្ខជាតិ​ចង្រៃ​ទាំង​អស់​នោះ​ណាស់ ដោយ​រុក្ខជាតិ​ខ្លះ​ដុះ​ជា​ឫស​ ឬជា​មើម​ក្នុង​ដី។

    ការ​ធ្វើ​ជា​ចំណីសត្វ៖ រុក្ខជាតិ​ចង្រៃ​មួយ​ចំនួន​ដូច​ជា​ ប្រភេទ​ស្មៅ អាច​ដាក់​ឱ្យ​សត្វ​ស៊ី​ដោយ​ផ្ទាល់ ឬ ច្រូត​យក​ឱ្យ​សត្វ​ស៊ី។

    ការ​អនុវត្ត​តាម​បែប​ក្សេត្រសាស្ត្រ ឬ តាម​បច្ចេកទេស​កសិកម្ម៖ ការ​អនុវត្ត​បែប​នេះ​គឺយើង​មើល​ចាប់​តាំង​ពី​ការ​ជ្រើសរើស​ពូជ និង​ជ្រើសរើស​គ្រាប់​ក្នុង​ការ​សាបព្រោះ។ ចំពោះ​ការ​ពិនិត្យ​មើល​គ្រាប់​ពូជ​ដំណាំ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ ឱ្យ​គ្រាប់​របស់​យើង​ស្អាត​ល្អ និង​មិន​ឱ្យ​គ្រាប់​របស់​យើង​ជាប់​លាយ​ជាមួយ​នឹង​គ្រាប់​រុក្ខជាតិ​ដទៃ​ទៀត។ ការ​ជ្រើសរើស​គ្រាប់​ពូជ​បាន​ល្អ​អាច​ធ្វើ​ឱ្យ​ដំណាំ​របស់​យើង​ដុះលូតលាស់​លឿន និង​ធន់​នឹង​រុក្ខជាតិ​ចង្រៃ​ផ្សេង​ទៀត៕

    ប្រភព៖ Agri Tech

    - Advertisement -
    Advertisement