More

    វិធីសាស្ត្រ​ត្រួសៗក្នុងការចិញ្ចឹម​គោ​ជា​លក្ខណៈគ្រួសារ

    - Advertisement -
    Advertisement

    សត្វគោ​ជា​សត្វ​ផ្ដល់​ប្រយោជន៍​ដ៏​សំខាន់​ដល់​បងប្អូន​កសិករ​ខ្មែរ​យើង។ សត្វគោ​ជា​កម្លាំង​អូសទាញ​ក្នុង​ការ​ធ្វើស្រែ។ ជាមួយ​គ្នា​នេះ​ដែរ លាមក​របស់​វា​ក៏​អាច​ប្រែក្លាយ​ជា​ជីសម្រាប់​ដីស្រែចម្ការ​របស់​យើង ហើយ​ថែម​ទាំង​អាច​ច្នៃ​យក​ធ្វើ​ជា​ឧស្ម័ន​ធម្មជាតិ សម្រាប់​បង្កាត់​ភ្លើង​​ទៀត    ​ផង។

    ការ​ចិញ្ចឹម​គោ​ត្រូវ​ធ្វើ​តាម​ដំណាក់កាលៗមួយ​ចំនួន ដើម្បី​ឱ្យ​គោ​មាន​សុខភាព​ល្អ ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​កសិករ​យើង។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ត្រួសៗមួយចំនួន ដើម្បី​ចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​បាន​ជោគជ័យ។

    សំណង់​ក្រោល ឬ ជម្រក

    ការសាងសង់​ក្រោល​គោ យើង​ត្រូវ​រក​ទីទួល​ខ្ពស់ មាន​ខ្យល់ចេញចូល និង​ស្រួលបង្ហូរទឹក។ បន្ថែម​ពីនេះ​ទៅ​ទៀត យើង​ត្រូវ​សង់​ក្រោម​ខ្យល់​ដើម្បី​កុំ​ឱ្យ​មាន​ធុំក្លិន​ដល់​សមាជិកគ្រយសារ។ យើង​ត្រូវ​សង់ក្រោល​គោ​តាម​បណ្ដោយ​ថ្ងៃ ដើម្បី​កុំ​ឱ្យ​គោ​ចាំង​ភ្នែក​ពេក ហើយ​មាន​ពន្លឺគ្រប់ គ្រាន់។ រោងគោ​ត្រូវ​មាន​កន្លែង​ដាក់ស្មៅ និង​កន្លែង​ដាក់​ទឹក ហើយ​ត្រូវ​មាន​រណ្ដៅ ឬរោងដាក់​លាមក។ និយាយ​រួម​ទៅ​ សង់ក្រោល​គោ​ត្រូវ​ការ​ដី​ធំ​បន្តិច ដោយ​គោពេញវ័យមួយក្បាល ត្រូវ​ការ​យ៉ាង​តិច ៤ម៉ែត្រការេ។ នេះ​នៅ​មិន​ទាន់​រាប់​ទំហំ​គោបំបៅ​កូន និង​កន្លែង​ដាក់​លាមក​គោ​ទៀត​ផង។

    ការ​ជ្រើសរើស​ពូជគោ

    ការ​ជ្រើសរើស​ពូជគោ​ត្រូវ​គិតគូរ​ខ្ពស់​លើ​រូបរាង​គោ​ទាំង​មូល ដែល​រួមមាន ក្បាល ក ​ដងខ្លួន ជើង កន្ទុយ ស្បែក និង​ប្រដាប់​បន្តពូជ។ បន្ថែម​ពី​នេះ​ទៅ​ទៀត ដើម្បី​អនាគត​វែង​ឆ្ងាយ យើង​ត្រូវ​ចេះ​រើស​ទាំង​គោ​បា និង​គោ​មេ។ ចំពោះ​គោ​បា​បង្កាត់ យើង​ត្រូវ​រើស​គោ​ដែល​មាន​ប្រវត្តិល្អ និង​មាន​កាយសម្បទា​ធំ និង​មាំមួន ជាមួយ​នឹង​ពងស្វាស​ទំហំស្មើគ្នា។ ចំណែក​គោមេ ឬ គោញីវិញ ត្រូវ​មាន​រូបរាង​ស្អាត និង​ធំធាត់ល្អ។ បន្ត​មក​ទៀត យើងត្រូវ​រៀនសូត្រ​ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្កាត់​កូនគោ និង​ថែទាំ​កូន​គោ ក្រោយ​ពេល​វា​កើត​មក។

    ការ​ផ្ដល់ចំណី​ឱ្យ​គោ

    ការ​ជ្រើសរើស​ចំណី​ជា​រឿង​សំខាន់​មួយ ក្នុង​ការ​ចិញ្ចឹម​សត្វ​គោ។ ចំណី​ដ៏​សំខាន់​របស់​គោ​​រួមមាន កន្ធុំថេត ស្លឹកអង្គារដី ដំឡូងមី ស្មៅដំរី ក៏​ដូច​ជា​ចំបើងផ្អាប់​ជាដើម។ ក្រៅ​ពី​ចំណី យើង​ត្រូវ​ចេះតាមដាន​តម្រូវការ​ទឹក​របស់​គោ​ផង​ដែរ ដោយ​ជាទូទៅជា​​មធ្យមគោ​មួយ​ក្បាលត្រូវការ ទឹក​៣០-៤០លីត្រ​ក្នុង​មួយ​ថ្ងៃ។

    ការ​ថែទាំ និង​ការការពារ​ជំងឺ

    ក្រៅ​ពី​រឿង​សង់ក្រោលគោ និងរើសពូជគោ យើង​ក៏​ត្រូវ​ចេះតាមដាន និង​ថែទាំ​សត្វគោ​យើង​ពី​ជំងឺ​ផ្សេងៗ​ដែរ។ ជំងឺ​សត្វគោ​មួយចំនួន​រួម​មាន ជំងឺអុតក្ដាម ជំងឺសារទឹក ជំងឺឈាមខ្មៅ និង​បូសខ្យល់​ជា​ដើម។ ដើម្បី​ការពារ​ពី​ជំងឺ​នេះ យើង​ត្រូវ​ចាក់​ថ្នាំបង្ការ​​​ ក៏ដូចជាអនុវត្តវិធានការការពារ​ផ្សេងៗ៕

    ប្រភព៖ lethbridgeanimalclinic

    - Advertisement -
    Advertisement