ការដាំដុះរបស់កសិករយើងលើដីកសិកម្មពីមួយឆ្នាំទៅមួយឆ្នាំនឹងធ្វើឲ្យបរិមាណអាសូតដែលមាននៅក្នុងដីថយចុះជារឿយៗ។ ដូចដែលយើងបានដឹងហើយថា ការបាត់បង់អាសូតវាមិនសូវល្អប៉ុន្មានទេសម្រាប់ការលូតលាស់របស់ដំណាំ ហេតុនេះយើងត្រូវរកវិធីសាស្ត្រដើម្បីជួយបន្ថែមអាសូតឲ្យទៅកាន់ដីវិញ។
តើមានវិធីសាស្ត្រអ្វីអាចជួយបន្ថែមអាសូតឲ្យទៅកាន់ដីវិញបាន?
ក្នុងអត្ថបទនេះនឹងបង្ហាញបងប្អូនកសិករយើងពីវិធីសាស្ត្រមួយចំនួនដែលអាចជួយផ្ដល់អាសូតឲ្យទៅដីវិញបាន។
ការដាក់បន្ថែមនូវកំប៉ុស្តលាមកសត្វទៅលើដីឬដំណាំ៖ លាមកសត្វមានសភាពក្ដៅ ជាពិសេសលាមកមាន់ ដូចនេះយើងមិនអាចយកលាមកសត្វទៅដាក់ផ្ទាល់ជាមួយរុក្ខជាតិនោះទេ។ហេតុយើងត្រូវយកលាមកសត្វទៅធ្វើជាកំប៉ុស្តជាមុនសិន រួចចាំយកទៅដាក់លើដំណាំជាជាក្រោយ។ លាមកសត្វមានផ្ទុកអាសូតដែលអាចជួយផ្ដល់ការលូតលាស់របស់ដំណាំ។
ការប្រើប្រាស់កាកកាហ្វេ៖ គ្រាប់កាហ្វេជាប្រភពនៃអាសូត សម្រាប់អ្នកដំាំដំណាំតិតតួចក្បែរៗផ្ទះ អាចបន្ថែមកាកកាហ្វេទៅក្នុងកំប៉ុស្ដក៏បាន ឬយកវាទៅបាចលើដីផ្ទាល់ក៏បាន ហើយម្យ៉ាងទៀតវាក៏ជួយឲ្យដីធូរ មានខ្យល់ចេញចូលល្អមិនខះទឹក។ តែការប្រើប្រាស់កាកកាហ្វេនេះគឺត្រូវការពេលដើម្បីបំបែកនិងបញ្ចេញទៅក្នុងដី បើបងប្អួនចង់បានផលលឿនវាមិនអាចនោះទេ។ សម្រាប់ការប្រើប្រាស់កាកកាហ្វេវាពិតជាចំណេញនិងមិនមានការចំណាយច្រើននោះទេ ដោយសារបច្ចុប្បន្ននេះ អត្រានៃការលក់ឬហាងកាហ្វេមានច្រើន ដូចនេះយើងអាចស្វែងរកកាកកាហ្វេពីហាងកាហ្វេបាន។

ការដាំរុក្ខជាតិបង្កើនអាសូត៖ បងប្អូនយើងប្រហែលជាធ្លាប់បានដឹងអំពីដំណាំគម្របដីហើយមែនទេ? ការប្រើប្រាស់ដំណាំគម្រប់ដី ដំណាំគ្រួសារសណ្ដែកត្រូវបានអ្នកវិទ្យាសាស្ត្រផ្នែកកសិកម្មក្នុងនិងក្រៅស្រុកណែនាំ។ ជំនួសឲ្យការស្រូបយកអាសូត ពពួកសណ្ដែកគឺបានផ្ដល់អាសូតឲ្យទៅកាន់ដីវិញ។
ការបន្ថែមជីគីមី៖ ការបន្ថែមជីអាសូតទៅក្នុងដីឬដំណាំវាក៏ជួយឲ្យអាសូតក្នុងដីកើនឡើងលឿនផងដែរ ប៉ុន្តែត្រូវប្រើប្រាស់ទៅតាមកម្រិតណែនាំដែលមាននូវលើសម្បកបាវឬការណែនាំរបស់អ្នកបច្ចេកទេសដើម្បីជៀសវាងការលើសអាសូតបណ្ដាលឲ្យខូចដី ឬដំណាំទៅវិញ។
ចុះបងប្អូនវិញមានវិធីអ្វីផ្សេងទៀត? ចែករំលែកចំណេះដឹងជាមួយកសិ ដើម្បីកសិកររបស់យើងទាំងអស់គ្នា។
ចែករំលែកដោយ៖ ទូច ស្រីនាថ
ប្រភព៖ EZFLO
