ដង្កូវស៊ីរូងដើមពោត ត្រូវដោះស្រាយម៉េច?

ដំណាំពោតជាដំណាំមួយ​ប្រភេទ​ដែលតែង​ទទួលរងនូវការបំផ្លាញពីពពួកសត្វល្អិតចង្រៃជាច្រើន​។ ដោយការបំផ្លាញពីសត្វល្អិតចង្រៃទាំងនោះ ពិសេស​ដង្កូវ​ស៊ីរូង​ដើម​ បាន​ធ្វើឲ្យមានផលប៉ះពាល់ ដល់ការលូតលាស់ និងទិន្នផលពោតគួរឲ្យកត់សំគាល់ផងដែរ។

ដង្កូវស៊ីរូងដើមពោត ជាពពួកសត្វល្អិតចង្រៃដែលភាគច្រើនគេឃើញពួក​វាបំផ្លាញនៅប្រទេសមួយចំនួនដូចជា ឥណ្ឌា​ សហរដ្ឋអាមេរិច ថៃ​ វៀតណាម និងកម្ពុជាជាដើម។ ដង្កូវស៊ីរូងដើមនេះមិនត្រឹមតែស៊ីបំផ្លាញទៅលើដើមពោតតែមួយមុខទេ​ តែវាក៏បំផ្លាញទៅលើដំណាំមួយចំនួនទៀតដូចជាដើមត្រប់ និងក្រចៅផងដែរ។

ដង្កូវនេះកើតឡើងពីពពួកមេអំបៅ ដែលមេអំបៅញីមួយក្បាលអាចទម្លាក់ពងបានពី១០០ទៅ២០០គ្រាប់ និងក្រោយពីទម្លាក់ពងបាន៤ទៅ៧ថ្ងៃវាក៍ញាស់ទៅជាដង្កូវ។ 

ដង្កូវស៊ីរូងដើម បំផ្លាញដើមពោតដោយបែងចែកជា២ដំណាក់កាលគឺ៖ 

  • ពោតនៅតូច មិនទាន់មានដើម​វាបំផ្លាញនៅលើស្លឹកខ្ចី
  • ពេលពោតមានដើម វាចូលទៅក្នុងប្រគាបស្លឹក ស៊ីផ្នែកខាងក្នុងនៃស្រទាប់ស្លឹក រួចចោះចូលទៅក្នុងដើមស៊ីឡើងទៅខាងលើ តែវាមិនអាចចោះទំលុះថ្នាំងពោតទេ

កសិករយើង​អាចគ្រប់គ្រងដង្កូវស៊ីរូងដើមបានដោយវិធីមួយចំនួនដូចខាងក្រោមដោយមិនប្រើប្រាស់ថ្នាំពុល៖

  • សម្អាត​ដីឲ្យបានស្អាតដោយការភ្ជួរហាលដី ដើម្បីកម្ចាត់​នូវពពួកឌុកឌឿដែលរស់នៅគល់ចាស់និងក្នុងដី។
  • កាប់ប្រមូលនូវដើមពោតដែលប្រមូលផលរូចយកទៅដុតចោលភ្លាមៗព្រោះដង្កូ​វឌុកឌឿងអាចរស់នៅក្នុងដើមពោតបានរយៈពេលយូរ។
  • ដាំដុះដំណាលគ្នា​ជាមូយកសិករដទៃទៀតដើម្បីកាត់បន្ថយការបំផ្លាញខ្លាំង ព្រោះការដាំតែឯងដង្កូវវានឹងបំផ្លាញខ្លាំងតែក្នុងមួយចំការ។
  • កាប់ដើមពោតដែលរង​ការ​បំផ្លាញចោលក្នុងករណីដែលវាបំផ្លាញមិនសូវខ្លាំងដើម្បីការនិង​បន្ថយការចម្លងនូវពពួកដង្កូវពីដើមមួយទៅដើមមួយ។
  • កុំភ្លេចក្នុងការដាំនូវដំណាំគម្របដី ឬដាំដំណាំផ្សេងក្រៅពីពោតនូវរដូវកាលក្រោយដើម្បីកាត់បន្ថយនូវការបំផ្លាញ​។​

បងប្អូន​ជួប​បញ្ហា​នេះ ហើយ​ចង់ចែក​រំលែក​បទពិសោធ អាច​ទាក់ទង​ក្រុមការងារ​កសិ/Kakse បាន​ណា។​

ចែករំលែកដោយ៖ ទូច ស្រីនាថ
ប្រភព៖ University of Minnesota