More

    យុទ្ធសាស្ត្រជាក់ស្តែងទាំង៧ ជួយកសិករផលិតស្រូវឲ្យមានប្រាក់ចំណេញ

    - Advertisement -
    Advertisement

    នៅសព្វថ្ងៃនេះ កសិករជាច្រើននៅកម្ពុជា​កំពុងប្រឈមមុខនឹងបញ្ហា តម្លៃស្រូវទាប កសិករ​ខ្លះ​កំពុង​ជាប់​បំណុល និង​ការខ្វះឱកាសទីផ្សារ។ ដើម្បីជួយកសិករ​ឲ្យមានជីវភាពប្រសើរឡើង នេះជាយុទ្ធសាស្ត្រជាក់ស្តែង​ចំនួន​៧ ប្រភេទ ដែលអាចអនុវត្តបានទាំងក្នុងរយៈពេលខ្លី និង​វែង បើ​សិន​ជាមាន​ការ​ចូល​រួម​​។

    ១. រួមគ្នាជាក្រុមផលិត ឬសហគមន៍កសិករ

    ពេលកសិករយើងរួមគ្នា យើង​មានអំណាចចរចានិង​សមត្ថភាពគ្រប់គ្រងចំណាយល្អជាងមុន។

    • ចរចាតម្លៃលក់ស្រូវឲ្យបានល្អជាងមុន
    • ទិញជី ឬគ្រឿងសម្ភារៈកសិកម្មក្នុងតម្លៃថោកជាង​មុន
    • ប្រើប្រាស់ម៉ាស៊ីនរួម ដើម្បីកាត់បន្ថយថ្លៃចំណាយ​
    • ចូលរួមកម្មវិធីគាំទ្រពីរដ្ឋ ឬអង្គការងាយជាងមុន

    ការរួមគ្នាជាសហគមន៍កសិករជាជំហានដំបូងដ៏សំខាន់ក្នុងការរីកចម្រើនទៅ​រក​ផ្លូវចំណេញ។

    ២. ស្តុកស្រូវរង់ចាំពេលតម្លៃឡើង

    តម្លៃស្រូវភាគច្រើនធ្លាក់នៅពេលទើបប្រមូលផល។ បើកសិករអាច​ស្តុកស្រូវបាន២ ឬ៣ខែ នោះ​នឹង​អាចលក់ចេញ​វិញ​នៅ​ពេលតម្លៃស្រូវ​ចាប់​ផ្ដើម​ឡើងថ្លៃ​។ ប៉ុន្តែវិធី​នេះ​ត្រូវ​មាន​មូលដ្ឋាន​សំខាន់​ពី​រ​។

    • ប្រើឃ្លាំងស្តុក ឬសៃឡូសហគមន៍
    • ប្រើម៉ាស៊ីនសម្ងួត ដើម្បីរក្សាគុណភាពស្រូវ

    ការស្តុកស្រូវជួយកសិករបង្កើនចំណេញ និងបន្ថយការខាតបង់ក្រោយប្រមូលផល។

    ៣. ស្វែង​រក​ឥណទានអត្រាការប្រាក់ទាប

    កសិករជាច្រើននៅតែពឹងលើម្ចាស់បំណុលឯកជនដែលមានអត្រាការប្រាក់ខ្ពស់។ ដូច្នេះកសិករ​យើង​គួរ៖

    • បង្កើត មូលនិធិសន្សំ និងឥណទានសហគមន៍
    • ភ្ជាប់ជាមួយ ធនាគារកសិកម្ម ឬកម្មវិធីរដ្ឋ ដើម្បីទទួលបានឥណទានថោកជាងកម្ចីឯកជន​
    • ប្រើបច្ចេកវិទ្យាឌីជីថល​សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

    ការស្វែង​រក​ឥណទានមាន​ការ​ប្រាក់ទាប​ជួយកសិករបន្ថយបំណុល និងវិនិយោគបានច្រើនជាងមុន។ ការ​ចូល​រួម​បង្កើត​ជា​សហគមន៍​អាច​នឹង​ជួយ​កសិករ​យើង​មានភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ប្រាក់​កម្ចី​មានការប្រាក់ទាប​។​

    ៤. ផ្លាស់ប្តូរទៅផលិតស្រូវដែលមានតម្លៃខ្ពស់

    កសិករអាចបង្កើនប្រាក់​ចំណេញដោយផលិតស្រូវដែលមានតម្លៃខ្ពស់ជាងស្រូវធម្មតា៖

    • ស្រូវក្រអូប ដូចជា ផ្ការរមដួល ឬសែនក្រអូប
    • ស្រូវសរីរាង្គ (Organic Rice) ដែលតម្រូវការកាន់តែខ្ពស់​មិថា​ទីផ្សារ​ក្នុង​ស្រុក ឬក្រៅស្រុក​

    អង្គការ និងក្រសួងកសិកម្មអាចជួយផ្តល់វិញ្ញាបនបត្រនិងភ្ជាប់ទៅទីផ្សារបាន។ ស្រូវមានគុណភាពខ្ពស់នឹងធានាថាកសិកររកចំណេញបានច្រើនជាងមុន។

    ៥. ភ្ជាប់ទៅអ្នកទិញ ឬក្រុមហ៊ុន

    កសិករអាចភ្ជាប់ទៅក្រុមហ៊ុន ឬរោងម៉ាស៊ីន​កិនស្រូវ​តាមរយៈ កិច្ចសន្យាលក់ទិញ ដើម្បីធានាតម្លៃលក់ថេរ។

    • កិច្ចសន្យាជួយកសិករមានទីផ្សារស្ថិរភាព
    • អាចទទួលបានការបណ្តុះបណ្តាល និងគាំទ្រផ្នែកបច្ចេកទេស

    បណ្តាញគាំទ្រមួយ​ចំនួន​​អាចជួយភ្ជាប់កសិករទៅទីផ្សារ ជាតិ​និង​អន្តរជាតិបាន។ ស្វែង​រក​ព័ត៌មាន​ទាំង​នេះ​ពី​មន្ត្រី​កសិកម្ម​ឃុំ ឬ​សហគមន៍​កសិកម្ម​ក្នុង​មូល​ដ្ឋាន​របស់​បងប្អូន​។

    ៦. បន្ថែមតម្លៃក្នុងស្រុក

    ជំនួសការលក់ស្រូវ កសិករអាចរក​តម្លៃបន្ថែមដោយ​លក់ចេញ​ជា​អង្ករ​វិញ​៖

    • កិនស្រូវ និងផលិតអង្ករដែលមានម៉ាក​យីហោ​របស់​សហគមន៍​ “ស្រូវសហគមន៍”
    • វេចខ្ចប់​ឲ្យ​បាន​ស្អាត ដើម្បីលក់ក្នុងទីផ្សារក្នុង​ស្រុក​ ពិសេស​នៅ​ទីក្រុង​សំខាន់ៗ​។
    • ប្រើអង្កាម កន្ទក់ ឬចុង​អង្ករ ដើម្បីផលិតជា​ចំណី​សត្វ ឬលក់​ឲ្យ​អ្នក​ផលិត​ចំណី​សត្វ​

    ការបង្កើតតម្លៃបន្ថែមក្នុងស្រុកជួយរកប្រាក់ចំណេញបន្ថែម និងបង្កើតការងារថ្មីក្នុងសហគមន៍។

    ៧. ផ្តល់ការគាំទ្រពីរដ្ឋ និងវិស័យឯកជន

    នៅរយៈពេលវែង រដ្ឋ និងវិស័យឯកជនគួរតែមានតួនាទីសំខាន់ក្នុងការជួយកសិករ៖

    • កំណត់ តម្លៃទិញស្រូវអប្បបរមា ក្នុងរដូវប្រមូលផល
    • ឧបត្ថម្ភ ឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួតស្រូវ
    • ផ្តល់ ការបណ្តុះបណ្តាលអំពីកសិកម្មឆ្លាតវៃ និង​បច្ចេកវិទ្យាបរិស្ថាន

    ការគាំទ្រពីគ្រប់ភាគីជួយអោយវិស័យកសិកម្មរឹងមាំ និងអភិវឌ្ឍន៍​ទៅ​មុខ​ជាបន្តបន្ទាប់។

    «ស្រូវគឺជាជីវិតកសិករ — យើងគ្រប់គ្នា និង​កសិករ​ខ្លួនឯង​អាចជួយកសិករឱ្យរស់បានប្រសើរឡើង!»​

    ប្រភេទ៖ អត្ថបទទស្សនៈ

    - Advertisement -
    Advertisement