More

    ចិញ្ចឹមគោបានត្រឹមត្រូវ គួរមើលលើចំណុច​ទាំងនេះ

    - Advertisement -
    Advertisement

    វិស័យ​កសិកម្ម មាន​ការរីក​ចម្រើន​ឡើង​ជារៀង​រាល់​ឆ្នាំ ដូចនេះ​ហើយ​ផលិតកម្ម​សត្វ​​ក៏​បាន​ដើរ​តួយ៉ាង​សំខាន់​មួយ​ក្នុងការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដែលផ្ដល់នូវសារជាតិ​ចិញ្ចឹម​ខ្ពស់ និង​ជាប្រភព​ថវិកា​មួយដ៏​សំខាន់​ក្នុងការ​រួមចំណែកលើកស្ទួយជីវភាព​រស់​នៅរបស់ប្រជា​កសិករ។ មិន​តែ​ប៉ុណ្ណោះ ​ការចិញ្ចឹម​ សត្វគោ-ក្របី ​ក៏​ជាផ្នែកមួយ​ដ៏សំខាន់​ក្នុង​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាទូទៅ កសិករ ចិញ្ចឹមគោ-ក្របី ជា លក្ខណៈ​គ្រួសារ​ហើយ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​​ជា​កម្លាំង​អូស​ទាញ​បើទោះ​ជាមាន​គ្រឿង​យន្ត​មកជំនួស​។ ជាង​នេះទៅ​ទៀត​ គោ ក្របី​ជាប្រភព​ចំណូល​មួយ​ដ៏សំខាន់​ប្រចាំគ្រួសារផង​ដែរ​។

    បច្ចុប្បន្ននេះ ការចិញ្ចឹមគោ​ក្របីរបស់កសិករជួបប្រទះនូវ​បញ្ហាជាច្រើន​ដែល​អាចរាំង​ស្ទះដល់​ដំណើរ​ការ​ផលិតកម្ម​។ កត្ដាជាច្រើន បានជំរុញឲ្យ​ការចិញ្ចឹម​គោក្របី​អាចទទួល​បានជោគជ័យ​មានដូច​ជា​ ការថែទាំ និងអនាម័យ ការជ្រើសរើសពូជ និងការ​បង្កាត់ពូជ ​ចំណីអាហារ និង​វិធានការ​ការពារ​ជំងឺ​ជាដើម។​

    ១. ជម្រក ឬរោងគោ

    ជម្រក ឬរោងគោមានសារៈសំខាន់ណាស់សម្រាប់ការពារទប់ទល់ជាមួយកម្ដៅព្រះអាទិត្យ ទឹកភ្លៀង និង កត្ដាចង្រៃផ្សេងៗទៀត។ ទីតាំងក្រោល​គោ​ត្រូវស្ថិតនៅលើដី ទីទួលមិនលិចទឹក ឬគ្មាន​ទឹកហូរកាត់ ហើយបាតគ្រោល​ត្រូវស្ងួតជានិច្ច។ ក្រោល​​គួរ ស្ថិតនៅក្រោម​ទិស​ខ្យល់បៀប​នឹងផ្ទះរស់នៅដើម្បីកុំឲ្យជះក្លិនមិនល្អចូលលំនៅឋាន។ កសិករ​មិន​គួរ​ចិញ្ចឹម​គោក្រោមផ្ទះនោះ​ទេ ព្រោះវាជះក្លិនមិនល្អ និងប៉ះពាល់សុខភាពម្ចាស់ផ្ទះ ងាយ​មានជំងឺ​ដំកាត់​ផ្សេង​ៗ។ ម្ចាស់ត្រូវបោសសំអាត កើបលាមកចេញ ពីក្រោលជា រៀងរាល់ថ្ងៃ។ ម្យ៉ាងទៀតគួរ​តែមានកន្លែង សម្រាប់ដាក់លាមកសត្វឲ្យបានត្រឹមត្រូវទុកសម្រាប់ធ្វើជី និង​ត្រូវ​សង់ឲ្យ​ឆ្ងាយ​ពី​ទ្រុ​ង។

    ២. ស្នូកចំណី និងទឹក

    ក្នុងក្រោល​ត្រូវដាក់ស្នូកចំណីនៅតាមបណ្ដោយក្រោល​ដើម្បីគោងាយស្រួលស៊ី និង​មិន​ខ្ជះខ្ជាយ​ចំណី​ចោល។ យើងអាចដាក់ទឹកក្នុងធុងប៉េត្រូសម្រាប់​គោ​ផឹក​និង​ត្រូវ​ដាក់​ធុង​ទឹក​ឲ្យបានច្រើន និងមានទឹកគ្រប់គ្រាន់តាមចំនួនគោ។

    ៣. ការជ្រើសរើសពូជគោ

     ពូជគោមានសារសំខាន់សម្រាប់ផលិតកម្មគោ។ កាលណាកសិកររើសពូជចិញ្ចឹមត្រឹមត្រូវ ទិន្នផល ក៏តាមនោះដែរ។ ការជ្រើសរើសបាគោ​ត្រូវមាន​ រូបរាងស្អាត មាឌធំ ជើងរឹងមាំ ក្រចកល្អ ពងស្វាសធំ ឬមានទំហំ​ប្រហាក់ប្រហែល មានសុខភាពល្អ និង​មិនធ្លាប់​កើត​ជំងឺឆ្លង​ផ្សេង​ៗ ជាពិសេសជំងឺផ្លូវ​បន្តពូជ។ ការជ្រើសគោមេ ត្រូវ​មាន​រូបរាងស្អាត ក្បាលរាងងើប បន្តិច មាន​កន្សោមដោះធំល្អ ចុងដោះស្មើគ្នាទាំងបួន សុខភាពល្អ និងមិនធ្លាប់កើតជំងឺឆ្លង ជា​ពិសេស​ជំងឺ​ផ្លូវ​បន្តពូជ ​ឬមាន​ប្រវត្តិ​រលូតកូន​៕

    បងប្អូន​អ្ន​ក​មាន​បទពិសោធចិញ្ចឹមគោ មានអ្វីចង់ចែករំលែក កុំភ្លេច​ទាក់ទង​មក​កសិ/Kakse ណា​។​

    ចែករំលែកដោយ៖ រក្សា
    ប្រភព៖ ឯកសារក្រសួង​កសិកម្ម

    - Advertisement -
    Advertisement