កសិករយើងមួយចំនួនបានឲ្យ កសិ/Kakse ដឹងថាខ្លួនត្រូវចំណាយថ្លៃដើមផលិតស្រូវចន្លោះពី២លាន៤សែនរៀលទៅ៣លានរៀលក្នុងមួយហិកតា។ ការចំណាយអាចលើសនេះបើសិនជាកសិករជួលដីគេសម្រាប់ធ្វើស្រែ។
ថ្ងៃនេះ កសិ/Kakse នឹងលើកយកបទពិសោធរបស់ប្រទេសវៀតណាមដែលធ្វើបានជោគជ័យលើការកាត់បន្ថយថ្លៃដើមផលិតស្រូវ និងជួយឲ្យកសិករចំណេញបានមួយផ្នែកពីការចំណាយលើថ្លៃផលិតនិងធាតុចូលផ្សេងៗ។
កសិករវៀតណាមអនុវត្តវិធានការកាត់បន្ថយថ្លៃដើមលើចំណុចចំនួនប្រាំ៖
១. កាត់បន្ថយគ្រាប់ពូជ
កាត់បន្ថយគ្រាប់ពូជ កសិករវៀតណាមបានប្រើប្រាស់បច្ចេកទេសព្រោះស្រូវដោយម៉ាស៊ីនផ្ទាល់ដែលវិធីនេះប្រើប្រាស់បរិមាណពូជស្រូវតិចជាងព្រោះដោយដៃ។ ជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយការប្រើប្រាស់ពូជស្រូវចំនួន៥០%។
២. កាត់បន្ថយការប្រើប្រាស់ជីអ៊ុយរ៉េ (N)
កសិករវៀតណាមមានចំណេះដឹងខាងប្រើប្រាស់ជី ដោយប្រើទៅតាមតម្រូវការរបស់ដំណាំ និងអនុវត្តការដាក់ជីទៅតាមពណ៌ស្លឹករបស់ដំណាំស្រូវ។ ជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយជីអ៊ុយរ៉េបានប្រលែក២០% ដែលនាំឲ្យកសិករចំណេញប្រាក់មួយផ្នែកលើថ្លៃទិញជី និងជួយកាត់បន្ថយការបំពុលផងដែរ។

៣. កាត់បន្ថយការប្រើប្រាស់ទឹក
កសិករវៀតណាមបានអនុវត្តបច្ចេកទេសស្រោចស្រពឆ្លាស់គ្នា ដែលនេះជា វិធីសាស្រ្តដែលអនុញ្ញាតឱ្យដីស្រែ ស្ងួតឆ្លាស់គ្នា មុននឹងបញ្ចូលទឹកចូលវិញ ជំនួសឱ្យការទុកទឹកឱ្យលិចស្រែជាប់ជានិច្ចដូចទម្លាប់ពីដើមមក។ វាមិនមែនជាការទុកឱ្យស្រូវខ្វះទឹកទេ តែជាការគ្រប់គ្រងកម្រិតទឹកដោយមានការតាមដានត្រឹមត្រូវ។ ជាលទ្ធផលកសិករវៀតណាមអាចសន្សំថវិកាបានពីការកាត់បន្ថយលើថ្លៃថាមពលដែលប្រើសម្រាប់ការបូមទឹកញឹកញាប់។
៤. កាត់បន្ថយថ្នាំកសិកម្ម
កសិករវៀតណាមបានអនុវត្តបច្ចេកទេសគ្រប់គ្រងសត្វល្អិតចង្រៃរួមបញ្ចូលគ្នា (IPM) ដែលផ្ដោតលើការការពារ និងតាមដាន ជាជាងការបាញ់ថ្នាំសម្លាប់សត្វល្អិត។ ជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយថ្លៃចំណាយលើការទិញថ្នាំកសិកម្ម។
៥. កាត់បន្ថយការបាត់បង់ទិន្នផលពេលប្រមូលផល
ត្រង់ចំណុចនេះ កសិករវៀតណាមបានប្រើប្រាស់ម៉ាស៊ីនច្រូត និងសម្ងួតត្រឹមត្រូវ ដើម្បីធានាថាទិន្នផលបាត់បង់តិចតួចបំផុត។ ជាលទ្ធផលកសិករវៀតណាមអាចទទួលបានទិន្នផលស្រូវច្រើន ហើយគ្រាប់ស្រូវក៏មានគុណភាពល្អ។
តាមរយៈការអនុវត្តន៍នេះ កសិករវៀតណាមបានបង្កើនប្រាក់ចំណេញបាន ១៧% ទៅ ៣០% ដោយសារការកាត់បន្ថយថ្លៃដើមធាតុចូលនិងការបង្កើនទិន្នផល។
ចុះបងប្អូនកសិករយើងវិញ គិតថាបទពិសោធរបស់កសិករវៀតណាមនេះអាចយកមកអនុវត្តបានទេ? ឬមានចំណុចណាមួយដែលបងប្អូនយល់ថាត្រូវការការបណ្ដុះបណ្ដាលបន្ថែម? ចែករំលែកបទពិសោធជាមួយ កសិ/Kakse ៕
