ក្រោយការប្រមូលផលស្រូវរួច កសិករ នៅតាមបណ្ដាខេត្តនានាតែង តែមានទម្លាប់ដុត ជញ្រ្ជាំងចោល ឬទុកដីទំនេរចោល។ ទម្លាប់បែបនេះត្រូវ បានអ្នកជំនាញផ្នែកកសិកម្មស្នើឲ្យមានការផ្លាស់ប្តូរ។ សម្រាប់បច្ចេកទេសថ្មីគេហៅថា កសិអេកូឡូស៊ី បន្ទាប់ពីប្រមូលផលរួចគេណែនាំឱ្យ កសិករបាចព្រោះ ដាំដំណាំគម្របដី។ ជាទូទៅ ដីស្រែប្រមូលផលរួច ស្មៅចង្រៃក៏ដុះច្រើន។ កសិករគួរតែដំាំដំណាំគម្របដីធ្វើជាជីស្រែមុននឹង បង្កបង្កើនផលម្ដងទៀត ដើម្បីបង្កើនជីជាតិឲ្យដីស្រែ និងកាត់បន្ថយសំណឹកដីផងដែរ។
តើដំណាំគម្របដីជាអ្វី?
ដំណាំគម្របដី គឺជារុក្ខជាតិដែលត្រូវបានគេជ្រើយយកមកដាំដើម្បីបន្ថយការហូរច្រោះដីធ្វើឱ្យប្រសើរឡើងនូវសុខភាពដី កែប្រែដី និងបំប៉នជីជាតិដី។ ដំណាំគម្របដីក៏ជួយ បង្កើនជាតិទឹកកម្ចាត់ស្មៅចង្រៃ ជួយកម្ចាត់សត្វល្អិតនិងជំងឺ បង្កើនជីវៈចម្រុះក្នុងដី សំបូរជន្លេនជួយឲ្យដីធូរនិងអាចជាចំណីសត្វបានថែមទៀតផង។ ម្យ៉ាងទៀត ដំណាំគម្របដីជាប្រភេទដំណាំ ដែលគេដាំដុះក្រោយការប្រមូលផល ឬមុនការដាំដុះបន្ទាប់ ដើម្បីឲ្យដំណាំទាំង នេះការពារស្រទាប់ដីខាងលើមិនឲ្យសឹករិចរឹល កម្ចាត់មេរោគដំណាំចាស់ និងបង្កើនសារធាតុចិញ្ចឹមសរីរាង្គ និងជីវម៉ាសតាមតម្រូវការរបស់ដំណាំដែលកសិករដាំដុះ។

តើកសិករគួរដាំអ្វីដើម្បីធ្វើជាដំណាំគម្របដី?
កសិករគួរជ្រើសរើសដាំពពួកគ្រួសារសណ្តែកដូចជា សណ្តែកបាយ សណ្តែកដី និងដំណាំល្ង ដែលមានអាយុកាលលូតលាស់ពី៦០ទៅ៧៥ថ្ងៃ និងដាំពពួកស្មៅដូចជា ដើមចង្រ្កង់ស្វាស្លឹកតូច-ធំ ឬស្មៅផ្កាលឿង ឬដើមស្នោ និងប្រភេទស្មៅផ្សេងៗទៀតតាមលទ្ធភាព។ កសិករអាចដាំចម្រុះគ្នាបានដើម្បីទុកធ្វើជាជី។
ចំពោះដើមចង្រ្កង់ស្វា ចាប់ពីអាយុ៦០ថ្ងៃអាចភ្ជួរលុបបាន។ កសិករក៏អាចទុកពូជដើម្បីព្រោះនៅវគ្គក្រោយៗទៀតបាន ប្រសិនបើចង់ទុកឲ្យទុំគឺចាប់ពី៩០-១០០ថ្ងៃ។ ដើមចង្រ្កង់ស្វា គឺជាជីល្អបំផុតនោះអាចជួយបង្កើនជីវជាតិដី កែប្រែរចនាសម្ព័ន្ធរបស់ដី សម្រាប់ដីខូចក្តាំងឲ្យមកប្រសើរឡើងវិញ កាត់បន្ថយការហូរច្រោះ ការសឹងរេចរឹលដី រក្សារសំណើម បានល្អបង្កើនសកម្មភាពអតិសុខុមប្រាណ ភាវៈរស់មានជីវិតដូចជា សត្វជន្លេនដែលជួយឲ្យដីធូរផងដែរ។
រីឯការដាំដំណាំគម្របដី ពពួកគ្រួសារសណ្តែក សណ្តែកដី ឬដំណាំល្ង ក៏ ជាវិធីសាស្ត្រដ៏ សមស្របមួយទៀត ក្នុងការជួយលើកកម្ពស់ជីជាតិដី ជាពិសេសដីដែលងាយឬរងនូវការសឹករេចរឹល បាត់បង់ជីជាតិ។ សណ្តែកដី មានរយៈពេលដាំប្រមាណ៤ទៅ៥ខែ និងជា ប្រភេទរុក្ខជាតិដែលស្ថិតនៅចំណុចកណ្តាលគឺ សើមល្មមនិងស្ងួតល្មម ដែលធ្វើឲ្យវាអាចលូតលាស់បានល្អ។ ឯដំណាំល្ង អាចដាំដុះនៅលើសណ្ឋានដីបានច្រើនប្រភេទ ប៉ុន្តែវាអាចដុះលូតលាស់ល្អបំផុតគឺប្រភេទដីល្បាប់។ រីឯសណ្តែកបាយ អាចដាំបាននៅតាមចន្លោះជួរនៃដំណាំគោលដូចជាពោត ជាដើម។ ក្រៅពីជួយលើកកម្ពស់ជីជាតិដី សណ្តែកដី សណ្ដែកបាយ និងដំណាំល្ង ក៏ជាប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងជាអាហារូបត្ថម្ភផងដែរ។
ដំណាំគម្របដី ដូចដែលបានរៀបរាប់ក្នុង១ហិចតាអាចទទួលបានជីវៈម៉ាស់ស្រស់ជាង ២០តោន ឬជីវៈម៉ាស់ស្ងួតជាង៤តោន និងផ្ដល់ សមាសធាតុអាសូត (N) ជាង ១០០kg និងធាតុចាំបាច់ជាច្រើនទៀតដែលរុក្ខជាតិត្រូវកាដូចជា ផូស្វរ (P) និងប៉ូតា ស្យូម (K) និងមីក្រូធាតុ ជាច្រើនទៀតដែលចាំបាច់សម្រាប់រុក្ខជាតិ។ នេះជាបរិមាណដ៏សំបើមមួយដែលផ្ដល់ដោយធម្មជាតិនៃដំណាំគម្របដ៏ពិសេសនេះ។
អត្ថប្រយោជន៍របស់ដំណាំគម្របដី គឺជួយដោះស្រាយបញ្ហារដីហឹរ សឹករេចចរិលនិងខ្សោះជីជាតិ កាត់បន្ថយការទិញជីថ្នាំគីមីច្រើនលើស និងកាត់បន្ថយថ្លៃដើមផលិតស្រូវ ឬដំណាំផ្សេងៗបានមួយផ្នែកធំ។
ដូចនេះ កសិករគ្រប់គ្នាគួរតែងាកមកសាកល្បងដាំរុក្ខជាតិប្រភេទនេះក្នុងស្រែ ឬចម្ការរបស់ខ្លួន ព្រោះវាមានអត្ថប្រយោជន៍ និងផលចំណេញយ៉ាងច្រើនសំបើម បង្កើនប្រាក់ចំណេញក្នុងគ្រួសារ កាត់បន្ថយការប្រើប្រាស់សារធាតុគីមី មិនប៉ះពាល់ដល់សុខភាពនិង បរិស្ថានបង្កើតប្រព័ន្ធអេកូឡូស៊ីឡើងវិញ ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងការឡើងកំដៅផែនដី និងកាត់បន្ថយការរឹងក្ដាំងនៃដីដែលបណ្ដាលមកពីការ ប្រើប្រាស់ជីថ្នាំគីមីច្រើនរដូវកន្លងមក៕
ចែករំលែកដោយ៖ រក្សា
ប្រភព៖ ឯកសារក្រសួងកសិកម្ម
