More

    បន្លែធម្មជាតិ បន្លែសរីរាង្គ បន្លែគីមី ខុសគ្នាម៉េច?

    - Advertisement -
    Advertisement

    បន្លែសុវត្ថិភាព គឺជាប្រភេទបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំឬតូចទៅតាមទំហំដី។ ការដាំដុះនោះមានការប្រើប្រាស់ ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ តែធ្វើឡើងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវស្ដង់ដានៃការណែនាំច្បាស់លាស់។ ម្យ៉ាងទៀត កសិករដាំបន្លែសុវត្ថិភាព ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវពីអ្នកជំនាញកសិកម្ម។ ចំពោះបន្លែដែលទទួលស្គាល់ថាជា បន្លែមានសុវត្ថិភាព លុះត្រាតែបានទទួលវិញ្ញាបនប័ត្របញ្ជាក់ ជាប្រភេទបន្លែបានអនុវត្តកសិកម្មល្អ ឬហៅកាត់ថា (GAP) ពី ក្រសួងកសិកម្មរក្ខាប្រមាញ់ និងនេសាទ។

    នៅក្នុងប្រទេកម្ពុជាយើង គេបានចាត់ថ្នាក់បន្លែជា ៤ប្រភេទ គឺបន្លែធម្មជាតិ បន្លែសុវត្ថិភាព បន្លែសរីរាង្គ និងបន្លែគីមី ប៉ុន្ដែជាទូទៅអ្នកនៅភ្នំពេញនិយមហៅតែពីរប្រភេទទេ គឺបន្លែធម្មជាតិ និងបន្លែគីមី។

    តើបន្លែទាំង៤ប្រភេទខាងលើមានន័យខុសគ្នាដូចម្ដេច?

    ១. បន្លែធម្មជាតិ៖ បន្លែងធម្មជាតិគឺជាបន្លែដែលកសិករ​និយមដាំ​ជាលក្ខណៈគ្រួសារ ឬជាអាជីវកម្មក្ដី ប៉ុន្ដែ មិន​ប្រើប្រាស់​សារធាតុ​គីមីនោះ​ឡើយ។ បើទោះបីមាន​សត្វចង្រៃ​ស៊ីបន្លែ​ក្ដី ក៏ពួកគាត់​តែងតែ​ផ្សំថ្នាំ​បែបធម្ម​ជាតិ ដែល​មាន​នៅជុំ​វិញផ្ទះរបស់គាត់តែប៉ុណ្ណោះ។

    ២. បន្លែសុវត្ថិភាព៖ បន្លែសុវត្ថិភាពគឺជាការដាំដុំជាលក្ខណៈទ្រង់ទ្រាយធំ ទៅតាមទំហំដីរបស់ពួកគាត់។ ប៉ុន្ដែ​ការដាំដុះ​នេះ​ក៏ មាន​ការប្រើប្រាស់ថ្នាំ​គីមី ដើម្បីបាញ់​សម្លាប់​សត្វល្អិត​ផ្សេងៗ តែ​ធ្វើឡើង​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវស្ដង់ដារ នៃការណែនាំច្បាស់លាស់ ហើយកសិករ​ដាំ​បន្លែសុវត្ថិភាព ​បាន​ទទួល​ ការ​បណ្ដុះ​បណ្ដាល​ត្រឹមត្រូវ​ពីអ្នកជំនាញ​កសិកម្ម​។

    ៣. បន្លែសរីរាង្គ៖ បន្លែប្រភេទនេះ គឺមានការប្រយ័ត្នប្រយែង​ខ្ពស់លើគុណភាព​នៃ​ការដាំ​ដុះ រាប់​តាំង​ពីការជ្រើស​រើស​ដីឡើង​ទៅ​។ នៅត្រង់​នេះមានន័យថា ក្រៅពីមិនប្រើប្រាស់ថ្នាំគីមីលើបន្លែ​ គឺ​កសិករ​ត្រូវសិក្សា​អំពី​ប្រវត្តិដី​របស់ខ្លួន​ឲ្យប្រាកដថា ដីមិនធ្លាប់ ប្រើប្រាស់ថ្នាំគីមី ឬ​ទទួលឥទ្ធិពលគីមី​ពីមុនមក។

    ៤. បន្លែគីមី៖ បន្លែគីមីជាប្រភេទបន្លែដែលកសិករប្រើប្រាស់គីមីគ្មានក្បួនខ្នាតត្រឹមត្រូវនោះទេ ហើយ​ភាគច្រើន​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​មិនត្រឹមត្រូវតាមការ​ណែនាំថែម​ទៀត។  បន្លែប្រភេទនេះ​ត្រូវបាន​ប្រជាពលរដ្ឋកម្ពុជា​កំពុង​មានការព្រួយបារម្ភ​ខ្លាំង ​ដែល​មានវត្ត​មាន​នៅលើ​ទី​ផ្សារ​។

    ការជ្រើសរើសការ​ដាំដុះ​បន្លែសុវត្ថិភាព គឺជា​ជម្រើសដ៏ល្អ​មួយ​សម្រាប់កសិករ ព្រោះមាន​ មាន​សុវត្ថិភាព​ខ្ពស់ទាំងសុខភាពអ្នកដាំ​ និង​អ្នកទទួលទាន។ សម្រាប់អ្នកដែលចង់ស្វែងរកបញ្ជីឈ្មោះកសិករ សហគមន៍ និងក្រុមហ៊ុនផ្គត់ផ្គង់បន្លែសុវត្ថិភាព សូមចុចនៅលើតំណភ្ជាប់នេះ «បញ្ជីឈ្មោះកសិករ សហគមន៍ និងក្រុមហ៊ុន ផ្គត់ផ្គង់បន្លែសុវត្ថិភាព»។

    ចែករំលែកដោយ៖ រក្សា

    - Advertisement -
    Advertisement