នៅក្នុងការចិញ្ចឹមមាន់ ពេលណាពួកវាមានសុខភាពល្អនោះមានន័យថាកសិដ្ឋាន ឬអ្នកចិញ្ចឹមនឹងអាចរកប្រាក់ចំណេញបានច្រើន។ ជំងឺលើមាន់អាចរីករាលដាលយ៉ាងឆាប់រហ័ស ធ្វើឲ្យមាន់ថយចុះការផលិតស៊ុត និងសាច់ ហើយថែមទាំងអាចងាប់ទាំងទ្រុងក៏មាន ប្រសិនបើអ្នកចិញ្ចឹមមិនបានគ្រប់គ្រងឲ្យបានបានទាន់ពេល។ ការយល់ដឹងអំពីជំងឺ ដែលងាយកើតឡើងលើសត្វមាន់និងវិធីការពារ គឺជាជំហានដំបូងឆ្ពោះទៅរកការរក្សាមាន់ឲ្យមានសុខភាពរឹងមាំ និងមានផលិតភាព។
ខាងក្រោមនេះជាជាជំងឺដែលងាយកើតលើមាន់ និងការការពារពីជំងឺទាំងនេះ ដែលម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹមមាន់គួរយល់ដឹង។
១. ជំងឺដង្កោកាច់
រោគសញ្ញា៖ ជំងឺនេះអាចស្ដែងចេញជារោគសញ្ញាមួយចំនួនដូចជា ក្អក ខ្សោយ មិនស៊ីចំណី រមួលក និងជើង ពិបាកដកដង្ហើម និងអាចងាប់ភ្លាមៗក្នុងករណីធ្ងន់ធ្ងរ។
ការបង្ការ៖
- ការចាក់វ៉ាក់សាំង៖ ការចាក់វ៉ាក់សាំងជាប្រចាំគឺជាការការពារដ៏ល្អបំផុត។ អនុវត្តតាមកាលវិភាគដែលបានណែនាំសម្រាប់អាយុរបស់មាន់។
- សុវត្ថិភាពជីវសាស្រ្ត៖ កំណត់អ្នកក្នុងកសិដ្ឋាន សម្លាប់មេរោគលើស្បែកជើង និងឧបករណ៍នានា ញែកមាន់ថ្មី ឬឈឺចេញពីហ្វូងមាន់ដែលមានសុខភាពល្អ។
២. ជំងឺកុកស៊ីដ្យូស៊ីស
ជាជំងឺបង្កដោយបរាសិតធ្វើឲ្យមានបញ្ហាដល់ពោះវៀនរបស់មាន់។
រោគសញ្ញា៖ លាមកមានឈាមឬទឹក ខ្សោយ និងបាត់បង់ចំណង់អាហារ ការលូតលាស់យឺត និងរោមរួញ។
ការបង្ការ៖
- អនាម័យទ្រុង៖ លក្ខខណ្ឌសើមជួយជំរុញការលូតលាស់របស់ប៉ារ៉ាស៊ីតកុកស៊ីដ្យូស៊ីស។
- ប្រើថ្នាំប្រឆាំងជំងឺ ៖ ការបន្ថែមថ្នាំប្រឆាំងជំងឺនេះទៅក្នុងចំណីអាចជួយគ្រប់គ្រងការឆ្លងមេរោគ ជាពិសេសចំពោះកូនមាន់តូចៗ។ សម្អាតជម្រក គឺជាការការពារដ៏ល្អបំផុតរបស់អ្នកប្រឆាំងនឹងជំងឺកុកស៊ីដ្យូស៊ីស។ ប្រឹក្សាជាមួយពេទ្យសត្វជំនាញអំពីការប្រើប្រាស់ថ្នាំនេះ។

៣. ជំងឺអុត
រោគសញ្ញា៖ ស្នាមរបួសនៅលើសេរមាន់ ក្រញ៉ាំ ដំបៅមាត់
ការបង្ការ៖
- ការចាក់វ៉ាក់សាំង៖ វ៉ាក់សាំង មានប្រសិទ្ធភាពការពារជំងឺនេះ។
- ការកម្ចាត់មូស៖ បំបាត់ទឹកកខ្វក់ដែលជាជម្រកមូស និងប្រើសំណាញ់ដើម្បីកាត់បន្ថយវត្តមានមូសចូលក្នុងទ្រុង។
៤. ជំងឺផ្លូវដង្ហើម
រោគសញ្ញា៖ កណ្តាស់ ក្អក និងភ្នែកស្រវាំង មិនសូវស៊ីចំណី និងការលូតលាស់យឺត ការផលិតស៊ុតធ្លាក់ចុះ និងគុណភាពសំបកស៊ុតមិនល្អ។
ការបង្ការ៖
- ការចាក់វ៉ាក់សាំង៖ ការចាក់វ៉ាក់សាំងជាប្រចាំជួយមាន់ប្រឆាំងជំងឺ។
- ខ្យល់ចេញចូល៖ ធានាឱ្យមានលំហូរខ្យល់ត្រឹមត្រូវ និងកាត់បន្ថយធូលីនៅក្នុងទ្រុងមាន់។
៥. ជំងឺមារិក
រោគសញ្ញា៖ ខ្វិនជើង ឬស្លាប ស្រកទម្ងន់ និងធ្លាក់ទឹកចិត្ត ដុះដុំសាច់នៅក្នុងសរីរាង្គ និងក្រោមស្បែក។
ការបង្ការ៖
- ចាក់វ៉ាក់សាំងកូនមាន់នៅអាយុមួយថ្ងៃ៖ នេះជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺនេះ។ រក្សាកន្លែងភ្ញាស់កូនមាន់ឱ្យស្អាត និងគ្មានធូលី ដើម្បីកម្រិតការរីករាលដាលនៃមេរោគ។
សរុបជារួមមក ចំណុចសំខាន់ដែលម្ចាស់កសិដ្ឋាន ឬកសិករត្រូវដឹងគឺមានដូចតទៅ៖
- ការបង្ការមានតម្លៃថោកជាងការព្យាបាល។ អនុវត្តតាមកាលវិភាគចាក់វ៉ាក់សាំង និងរក្សាស្តង់ដារអនាម័យខ្ពស់។
- ការគ្រប់គ្រងល្អជួយសង្គ្រោះហ្វូងមាន់។ រក្សាកន្លែងចិញ្ចឹមឱ្យស្អាត ផ្តល់ចំណីមានតុល្យភាព និងធានាទឹកស្អាតជារៀងរាល់ថ្ងៃ។
- ដាក់មាន់ឈឺឱ្យនៅដាច់ដោយឡែកភ្លាមៗ ដើម្បីការពារជំងឺពីការរីករាលដាលទៅកាន់សត្វដែលមានសុខភាពល្អ។
ចែករំលែកជាមួយកសិ/Kakse បើបងប្អូនមានបទពិសោធជាមួយជំងឺទាំងនេះ។
ចែករំលែកដោយ៖ សែន តុលា
