រោគសញ្ញា​សំខាន់ៗ​បង្ហាញ​ថា​ដំណាំ​កំពុង​រងការ​បំផ្លាញ​ពី​សត្វល្អិត​

ដើមដំណាំដែលមានសុខភាពល្អ មិនមែនតែងតែ​ចុះ​ខ្សោយដោយសារតែកង្វះជីជាតិប៉ុណ្ណោះទេ។ ក្នុងករណីជាច្រើន សញ្ញាដំបូងនៃការខូចខាតគឺបណ្តាលមកពីសត្វល្អិតបឺតជញ្ជក់ទឹករុក្ខរស ដែលពិបាកនឹងកត់សម្គាល់។ ការចេះស្គាល់ពីរោគសញ្ញាដំបូងទាំងនេះ អាចជួយឱ្យបងប្អូនកសិករការពារដំណាំបានមុនពេលដែលការបំផ្លាញរីករាលដាលខ្លាំង។

សញ្ញាទូទៅនៃការបំផ្លាញដោយសត្វល្អិតបឺតជញ្ជក់ទឹក

១. ស្លឹករួញ ឬរមូរ

ស្លឹកខ្ចី និងត្រួយ​ខ្ចីក្លាយជារួញ រមូរ ឬខូចទ្រង់ទ្រាយ នៅពេលដែលសត្វល្អិតបឺត​ជញ្ជក់​រុក្ខរស​ដំណាំ។ សត្វល្អិតទូទៅរួមមានចៃ ទ្រីប និង​រុយស។ សត្វល្អិតទាំងនេះបំផ្លាញចំណុចលូតលាស់ ដែលនាំឱ្យដំណាំតឿ និងលូតលាស់មិនបានល្អ។

២. ស្នាមអុចពណ៌លឿង ឬប្រាក់

ស្នាមអុចពណ៌លឿង ស ឬប្រាក់តូចៗនៅលើស្លឹក បង្ហាញពីការបំផ្លាញដោយការស៊ីបំផ្លាញ​ពី​សំណាក់​សត្វល្អិត។ រោគសញ្ញាទាំងនេះកើតឡើងពីព្រោះសត្វល្អិតទម្លុះកោសិកាដំណាំ ហើយបឺតជញ្ជក់យកសារធាតុខាងក្នុង ដែលកាត់បន្ថយសារធាតុក្លរ៉ូហ្វីល និងប៉ះពាល់ដល់ការធ្វើរស្មីសំយោគ។ សត្វល្អិតដែលអាចបង្កបញ្ហានេះរួមមានទ្រីប សត្វពីងពាងក្រហម និងរុយស។

៣. ទឹករំអិលស្អិត និងសត្វស្រមោច

ប្រសិនបើបងប្អូនសង្កេតឃើញស្លឹកស្អិត ឬមានស្រមោចច្រើនដើរលើដើមដំណាំ សូមពិនិត្យឱ្យបានដិតដល់។ចៃស និងរុយស បញ្ចេញនូវសារធាតុស្អិតដូចស្ករហៅថា «អាចម៌ជាតិផ្អែម​របស់ចៃ» ដែលទាក់ទាញស្រមោច។ ស្រមោចច្រើនតែការពារសត្វល្អិតទាំងនេះពីសត្រូវធម្មជាតិ ដែលធ្វើឱ្យការរាតត្បាតកើនឡើងយ៉ាងឆាប់រហ័ស។

ត្រូវតែពិនិត្យមើលផ្ទៃខាងក្រោមស្លឹកជានិច្ច

សត្វល្អិតចង្រៃជាច្រើន​លាក់កំបាំងខ្លួន​នៅផ្ទៃខាងក្រោមនៃស្លឹក ដែលជាកន្លែងការពារពីពន្លឺព្រះអាទិត្យ និងសត្រូវធម្មជាតិ។ មុននឹងសង្ស័យ​លើបញ្ហាជីជាតិ ការខ្វះទឹក ឬកង្វះ​សារធាតុចិញ្ចឹម សូមពិនិត្យមើលទាំងសងខាងនៃស្លឹក និងត្រួយ​ខ្ចីឱ្យបានហ្មត់ចត់ចំពោះវត្តមានសត្វល្អិត ពងរបស់វា ឬស្នាមបំផ្លាញ។

គន្លឹះសម្រាប់ការគ្រប់គ្រងសត្វល្អិតប្រកបដោយប្រសិទ្ធភាព

  • ដើរពិនិត្យចម្ការជាប្រចាំ ជាពិសេសលើផ្នែកលូតលាស់ថ្មី។
  • ប្រើប្រាស់អន្ទាក់ស្អិតពណ៌លឿង ឬពណ៌ខៀវសម្រាប់ការតាមដានតាំងពីដំបូង។
  • លើកទឹកចិត្តដល់ការអភិរក្សសត្វល្អិតដែលមានប្រយោជន៍ដូចជា អណ្តើកមាសនិងសត្វមាន​ប្រយោជន៍​ផ្សេង​ទៀត​។
  • កម្ចាត់ផ្នែកដំណាំដែលមានការបំផ្លាញធ្ងន់ធ្ងរចេញ តាម​ដែលអាចធ្វើទៅបាន។
  • ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅពេលចាំបាច់ប៉ុណ្ណោះ និងប្ដូរធាតុសកម្មភាពរបស់ថ្នាំ ដើម្បីជួយកាត់បន្ថយភាពធន់របស់សត្វល្អិត។
  • អនុវត្តតាមស្លាកសញ្ញាផលិតផល និងការណែនាំផ្នែកកសិកម្មក្នុងមូលដ្ឋាន ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាព។

ការរកឃើញតាំងពីដំណាក់កាលដំបូង ជួយសង្គ្រោះដំណាំរបស់យើង​បាន។ ការតាមដានសុខភាពចម្ការជាប្រចាំ គឺជាយន្តការ​ដ៏មានប្រសិទ្ធភាពបំផុតក្នុងការរក្សាដំណាំឱ្យមានសុខភាពល្អ និងទទួលបានទិន្នផលកាន់តែប្រសើរ៕

ដោយៈ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo/ UC IPM