More

    ប្រភេទជីធម្មជាតិ និងជីគីមី​

    ជី​ជា​សាធាតុ​ដែល​តត្រូវ​បន្ថែម​ទៅ​ក្នុង​ដី​ដើម្បីបំពេញ​តុល្យភាព​ដែល​បាត់បង់​ ជាពិសេស​តាមការ​ស្រូប​របស់​រុក្ខជាតិ​។ ជីចែក​ចេញ​ជាពីរ​ប្រភេទ​សំខាន់ៗ គឺ​ជីសរីរាង្គ ឬជីធម្មជាតិ និង​ជីអសរីរាង្គ ឬជីគីមី​។

    ១. ជីសរីរាង្គ

    ជីសរីរាង្គ​ ជា​ប្រភេទ​ជី​ដែល​ផលិត​ចេញ​ពី​សារធាតុសរីរាង្គ ដូចជា​លាមក​សត្វ កាកសំណល់រុក្ខជាតិ និង​សារធាតុខនិជពុកផុយ​ផ្សេងៗ​។ ជីកំប៉ុស្ដ​ចាត់ទុក​ថាជាជីសរីរាង្គ​។ ជីសរីរាង្គមាន​កម្រិត​​សារធាតុចិញ្ចឹម​ទាប​ដែល​មិន​ឲ្យ​អ្នកប្រើប្រាស់​ដឹង​ពី​ភាគរយ​នៃ​សារធាតុចិញ្ចឹម​បាន​នោះទេ។ ហេតុនេះ​ហើយទើប​​មានការ​លំបាក​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ដឹង​ថា​ត្រូវ​ប្រើ​កម្រិតណា​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​ដំណាំ​។ ប៉ុន្តែ​​ជីសរីរាង្គ​មាន​គុណ​ប្រយោជន៍​ពិសេស​របស់​វា​។

    សារប្រយោជន៍

    -ជួយកែលម្អជីជាតិ និងផលិតភាពដី

    - Advertisement -

    -បន្ថយជាតិពុលនៃដី

    -ជួយបង្កើនទិន្នផល និងគុណភាពផលិតផលដំណាំ

    – បង្កើនមីក្រូសរីរាង្គ​នៅក្នុងដី

    -ជួយជំរុញឲ្យជីគីមី មានប្រសិទ្ធភាពនៅពេលប្រើលាយជាមួយជីកំប៉ុស្ត

    -ជួយឲ្យដីធូរ ងាយស្រួលដល់ការលូតលាស់របស់ដំណាំ​ និងខ្យល់ចេញចូលក្នុងដីបានល្អ

    -ជួយឲ្យ​ដីក្នុងការចាប់យកទឹក​ និងជីជាតិ។

    ២. ជីអសរីរាង្គ ឬជីគីមី​

    ជីអរីរាង្គ ឬជីគីមី គឺជាប្រភេទ​ជី​ដែល​ផលិត​ចេញ​ពីរោង​ចក្រមាន​ទម្រង់ជា​គ្រាប់ ជាទឹក ឬជា​ម្សៅ។ ជាទូទៅ​ជីប្រភេទនេះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​តាម​តម្រូវ​ការ​របស់​រុក្ខជាតិ ដែល​អាច​ប្រើ​ប្រាស់​ដោយ​ផ្ទាល់ ឬ​លាយ​បញ្ចូល​គ្នា​ជាទម្រង់សមាស​ ក្នុងពេល​តែ​មួយ​។ ការ​ប្រើ​ប្រាស់​ជី​ប្រភេទនេះ ផ្អែក​លើ​តម្រូវ​ការ​ជាក់ស្ដែង​របស់​រុក្ខជាតិ​ បើ​ប្រើ​លើស​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដី និង​ដំណាំ​ដែរ​។​ ជី​គីមី​ចែក​ចេញ​ជា​ជីទោល និង​ជីសមាស​។ ប្រភេទជីទោល មាន​ដូច​ជា​ជី​អ៊ុយរ៉េ (៤៦-០-០) និង​ជីប៉ូតាស្យូមក្លរ៉ូ ឬ​ជីកាលី (K20 60)​។ ចំណែក ជី​សមាសមាន​ដូច​ជា​ជីដេអាប៉េ (DAP) ១៨-៤៦-០ ជី​កែង ១៥-១៥-១៥ ឬជីសមាសផ្សេងទៀត​មាន​ ១៦-២០-០ ជា​ដើម​។

    គួរ​បញ្ជាក់ថា​រុក្ខជាតិ​ស្រូប​យក​សារធាតុចិញ្ចឹម​ជា​ទម្រង់​សូលុយស្យុង​តាម​រយៈឫស តែ​រុក្ខជាតិ​ពិបាក​ស្រូបសារធាតុចិញ្ចឹម​តាម​រយៈ​ស្លឹក​ (សម្រាប់ការ​ប្រើជីទឹក​)។ ការ​ប្រើ​ប្រាស់ជី​ ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​រតម្រូវ​ការ​ និង​ពេល​វេលា​របស់​ដំណាំ​។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្មឃុំ បើ​សិន​ជា​បងប្អូន​យើង​មិន​ច្បាស់​ពី​វិធីប្រើប្រាស់ ឬ​ពេល​វេលា​ត្រូវ​ប្រើ​។​

    ដោយ៖ ទូច សុខា
    ប្រភព៖ ឯកសារក្រសួង​កសិកម្ម