មូលហេតុ​សំខាន់ៗ​ដែល​បងប្អូន​គួរ​ដាក់​ដុំអំបិលរ៉ែ​ឲ្យ​គោលិឍ​

ការចិញ្ចឹមគោឱ្យបានជោគជ័យ មិនមែនមានត្រឹមតែស្មៅ និងទឹកនោះទេ ប៉ុន្តែវាទាមទារនូវសារធាតុរ៉ែបន្ថែម​ ដើម្បីជួយឱ្យរាងកាយគោដំណើរការបានពេញលេញ។ កសិករអាជីពតែងតែហៅដុំអំបិលរ៉ែថាជាវីតាមីនបង្កើនសម្រស់ និងសុខភាពសម្រាប់សត្វគោ។ អត្ថបទនេះ​នឹង​ពន្យល់លម្អិតអំពីសារៈសំខាន់ និងរបៀបប្រើប្រាស់ដុំអំបិលរ៉ែ (​កសិករ​ខ្លះ​និយម​ហៅ​ថា​នំគោលិឍ) ដើម្បីឱ្យគោរបស់បងប្អូនលូតលាស់លឿន និងលក់បាន​តម្លៃ​ល្អ​។​

១. តើអ្វីទៅជាដុំអំបិលរ៉ែ ឬនំគោលិឍ?

ដុំអំបិលរ៉ែ (Mineral Block) គឺជាការប្រមូលផ្ដុំនៃសារធាតុរ៉ែចាំបាច់ជាច្រើនប្រភេទដូចជា សូដ្យូម កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និង​ស័ង្កសី ​ជា​ដើម ដែលគេសង្កត់ឱ្យទៅជាដុំរឹង។ សារធាតុទាំងនេះជារឿយៗមិនមានគ្រប់គ្រាន់នៅក្នុងស្មៅធម្មជាតិ ឬចំបើងដែលគោស៊ីជារាល់ថ្ងៃនោះឡើយ។

២. ហេតុអ្វីបានជាត្រូវឱ្យគោលិឍជាប្រចាំ?

សត្វគោមានសភាវគតិពិសេសម្យ៉ាង គឺវាដឹងថាពេលណាដែលរាងកាយវាខ្វះជាតិរ៉ែ។ ការដាក់ដុំអំបិលរ៉ែឱ្យគោលិឍតាមចិត្តចង់ មានអត្ថប្រយោជន៍ដូចជា៖

  • បង្កើនចំណង់អាហារ៖ សារធាតុរ៉ែជួយឱ្យប្រព័ន្ធរំលាយអាហារ (ក្រពះ) ដំណើរការបានល្អ ធ្វើឱ្យគោស៊ីស្មៅបានច្រើន និងបំប្លែងចំណីទៅជាសាច់បានលឿន។
  • រោមរលោងស្អាត (បង្កើនតម្លៃលក់)៖ គោដែលទទួលបានជាតិរ៉ែគ្រប់គ្រាន់ នឹងមានស្បែកមានសំណើម និងរោមរលោងភ្លឺស្អាត។ នៅក្នុងទីផ្សារ ឈ្មួញតែងតែឱ្យតម្លៃខ្ពស់លើគោដែលមានរោមរលោង ព្រោះវាបង្ហាញពីសុខភាពល្អបំផុត។
  • ពង្រឹងប្រព័ន្ធការពាររាងកាយ៖ កាត់បន្ថយការឈឺថ្កាត់តាមរដូវកាល និងជួយឱ្យគោឆាប់ជាសះស្បើយពីជំងឺ។
  • បង្កើនលទ្ធភាពបង្កកំណើត៖ ជួយឱ្យមេគោឆាប់រកឈ្មោលទៀងទាត់ និងកាត់បន្ថយបញ្ហារលូតកូន ឬកូនកើតមកមិនគ្រប់លក្ខណៈ។

៣. របៀបប្រើប្រាស់ងាយៗសម្រាប់កសិករ

  • ការដាក់ដុំរ៉ែ៖ ចង ឬដាក់ដុំអំបិលរ៉ែនៅក្នុងទ្រុង ឬកន្លែងដែលគោចូលចិត្តសម្រាក។ ត្រូវដាក់ឱ្យខ្ពស់ល្មមផុតពីដី ដើម្បីបង្ការការប្រឡាក់លាមក ឬទឹកនោម។
  • ទឹកស្អាត៖ នៅពេលគោលិឍដុំអំបិលរ៉ែ វានឹងត្រូវការផឹកទឹកច្រើនជាងមុន។ ដូច្នេះ បងប្អូនត្រូវធានាថាមានទឹកស្អាតសម្រាប់គោផឹក​ត្រឹមត្រូវ និង​គ្រប់​គ្រាន់​។
  • ការសង្កេត៖ បើបងប្អូនឃើញគោលិឍជញ្ជាំងទ្រុង លិឍដី ឬស៊ីកាកសំណល់ប្លែកៗ នោះគឺជាសញ្ញាថាវាខ្វះជាតិរ៉ែធ្ងន់ធ្ងរហើយ។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) បានណែនាំថា ការផ្ដល់ដុំអំបិលរ៉ែគឺជាបច្ចេកទេសមូលដ្ឋានក្នុងការចិញ្ចឹមគោបែបប្រពលវប្បកម្ម (ចិញ្ចឹមយកសាច់)។ វាជួយកាត់បន្ថយការខាតបង់ចំណី និងបង្កើនផលិតភាពសាច់បានរហូតដល់ ១០% ទៅ ១៥% បើធៀបនឹងការចិញ្ចឹមដែលគ្មានជាតិរ៉ែជំនួយ។

អង្គការ FAO ផ្នែក​កម្មវិធីលើកកម្ពស់ផលិតកម្មសត្វ បាន​បញ្ជាក់ដែរថា ដុំអំបិលរ៉ែមិនមែនជាការចំណាយខ្ជះខ្ជាយទេ ប៉ុន្តែគឺជាការវិនិយោគ។ គោដែលលិឍដុំរ៉ែជាប្រចាំ មានអត្រាកើតកូនរស់រានមានជីវិតខ្ពស់ជាង និងធំធាត់លឿនជាង ដែលជួយឱ្យកសិករចំណេញពេលវេលា និងកម្លាំងពលកម្ម។

ចំណែក​អ្នកជំនាញកសិកម្មមួយ​ចំនួន​ សង្កត់ធ្ងន់ថាដុំអំបិលរ៉ែមួយដុំ តម្លៃមិនដល់ត្រីមួយគីឡូផង ប៉ុន្តែវាអាចការពារគោដែលមានតម្លៃរាប់ពាន់ដុល្លាររបស់បងប្អូនពីជំងឺ និងភាពស្គមស្គាំងបាន។

ការដាក់ដុំអំបិលរ៉ែឱ្យគោលិឍ គឺជាវិធីសាស្ត្រដែលងាយស្រួលបំផុត ចំណាយតិចបំផុត ប៉ុន្តែផ្ដល់ផលចំណេញត្រឡប់មកវិញធំធេងបំផុតសម្រាប់កសិករ។ គោដែលមានសុខភាពល្អ និងរោមរលោង គឺជាមាសប្រាក់នៅក្នុងដៃរបស់បងប្អូន៕

ដោយ៖ ចាន់ តារា
ប្រភព៖ FAO​ /ECHO Community