ជាទូទៅអ្នកចិញ្ចឹមមាន់ថ្មីថ្មោងតែងយល់ថា មាន់ងាប់គឺបណ្តាលមកពីជំងឺ ចំណីមិនល្អ ឬការគ្រប់គ្រងមិនដិតដល់។ ប៉ុន្តែមានសត្រូវស្ងៀមស្ងាត់មួយដែលកំពុងលាក់ខ្លួននៅក្នុងទ្រុងមាន់របស់អ្នក ដែលអ្នកអាចនឹងមើលរំលង នោះគឺបញ្ហាស្ត្រេសនឹងកម្ដៅ (Heat Stress)។
បញ្ហាស្ត្រេសនឹងកម្ដៅ មិនដែលប្រាប់ឱ្យយើងដឹងមុននោះទេ វាលបចូលមកយឺតៗ ជាពិសេសនៅរដូវដែលអាកាសធាតុចាប់ផ្ដើមឡើងកម្ដៅខ្លាំង។

១. សញ្ញាព្រមានដំបូងដែលអ្នកមិនគួរមើលរំលង
នៅពេលសីតុណ្ហភាពកើនឡើង យើងនឹងសង្កេតឃើញមាន់ចាប់ផ្ដើម៖
- ហើបមាត់ដកដង្ហើមហបៗ៖ នេះជាវិធីដែលវាបញ្ចេញកម្ដៅពីក្នុងខ្លួន។
- ត្រដាងស្លាបតិចៗ៖ វាព្យាយាមឱ្យខ្យល់បក់ចូលទៅក្រោមស្លាបដើម្បីត្រជាក់ខ្លួន។
កសិករភាគច្រើនគិតថាមិនអីទេ គ្រាន់តែវាប្លែកបន្តិចបន្តួច។ ប៉ុន្តែការពិត មាន់របស់យើងកំពុងឈានចូលតំបន់គ្រោះថ្នាក់ដែលរាងកាយរបស់វាត្រូវប្រឹងប្រែងដើម្បីរស់រានមានជីវិត ជាជាងការលូតលាស់ធំធាត់ ឬការផលិតពង។
២. ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សរីរាង្គមាន់
អ្វីដែលធ្វើឱ្យស្ត្រេសនឹងកម្ដៅគ្រោះថ្នាក់បំផុត គឺវាបំផ្លាញពីខាងក្នុងមុននឹងបង្ហាញសញ្ញាច្បាស់ៗមកខាងក្រៅ៖
- ផឹកទឹកច្រើន តែផ្អាកស៊ីចំណី៖ នៅពេលមាន់ឈប់ស៊ី អ្វីៗនឹងចាប់ផ្ដើមមានបញ្ហា។ ការលូតលាស់យឺត ពងថយចុះ និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។
- ឈាមខាប់ និងបេះដូងដើរញាប់៖ ដោយសារការខ្សោះជាតិទឹក ធ្វើឱ្យបេះដូងវាធ្វើការធ្ងន់ខ្លាំង។
- ប្រព័ន្ធរំលាយអាហារចុះខ្សោយ៖ សារធាតុអេឡិចត្រូលីតក្នុងខ្លួនធ្លាក់ចុះ ដែលធ្វើឱ្យមាន់ចុះខ្សោយភ្លាមៗ។

៣. ផលវិបាករយៈពេលវែង
ទោះបីជាមាន់មិនងាប់ភ្លាមៗ ក៏វាប៉ះពាល់ដល់ទិន្នផលទៅថ្ងៃមុខដែរ៖
- មាន់សាច់៖ បើវាធ្លាប់ជួបស្ត្រេសនឹងកម្ដៅកាលពីតូច វានឹងមិនអាចលូតលាស់និងឡើងទម្ងន់បានពេញលេញឡើយ ទោះបីជាយើងផ្តល់ចំណីល្អកម្រិតណាក៏ដោយ។
- មាន់ពង៖ បើមាន់រងគ្រោះដោយកម្ដៅខ្លាំង វានឹងមិនអាចមានសមត្ថភាពពងបានច្រើនដូចដើមវិញឡើយ។
៤. កុំព្យាបាលខុសបច្ចេកទេស
កសិករខ្លះឃើញមាន់ឈឺ ក៏ចាប់ផ្ដើមប្រើថ្នាំផ្សះ ឬប្តូរចំណី ដែលវាមិនមែនជាដំណោះស្រាយចំពោះបញ្ហាកម្ដៅឡើយ។ អ្វីដែលពួកវាត្រូវការគឺ៖
- តុល្យភាពអេឡិចត្រូលីត៖ មិនមែនត្រឹមតែទឹកត្រជាក់ធម្មតានោះទេ។ ប្រឹក្សាជាមួយពេទ្យសត្វដើម្បីបន្ថែមសារធាតុជំនួយដល់មាន់។
- ការគ្រប់គ្រងខ្យល់ចេញចូល៖ ធានាថាទ្រុងមានខ្យល់ចេញចូលបានល្អ។ បើបងប្អូនមានចម្ងល់អ្វី សូមទាក់ទងមន្ត្រីពេទ្យសត្វ ឬមន្ត្រីកសិកម្មឃុំដើម្បីបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ៕
ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips /University of Minnesota
