ទែម៉ូម៉ែត្រ ឧបករណ៍ជំនួយ​ដ៏​សំខាន់​ក្នុង​វិស័យ​ចិញ្ចឹមមាន់​

តើបងប្អូន​ដឹងទេថា​ឧបករណ៍ដែលមានតម្លៃធូរ​ថ្លៃ​ ប៉ុន្តែអាចជួយសង្គ្រោះកូនមាន់មិនឱ្យងាប់រង្គាលបាន? វាមិនមែនជាថ្នាំសង្កូវ ឬវ៉ាក់សាំងថ្លៃៗនោះទេ ប៉ុន្តែវាគឺជាឧបករណ៍វាស់សីតុណ្ហភាព​ ឬទែម៉ូម៉ែត្រ(Thermometer)។

ហេតុអ្វីបានជាសីតុណ្ហភាពសំខាន់ចំពោះកូនមាន់?

ក្នុងរយៈពេល​២​សប្តាហ៍ដំបូងនៃជីវិត កូនមាន់មិនទាន់មានសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយដោយខ្លួនឯងបានពេញលេញឡើយ។ ដូច្នេះ បរិស្ថានដែលពួកវារស់នៅគឺជាកត្តា​កំណត់ជោគវាសនារបស់ពួកវា

  • បើត្រជាក់ពេក៖ កូនមាន់នឹងមកផ្ដុំគ្នា ជាន់លើគ្នាដើម្បីរកកម្ដៅ ដែលបង្កឱ្យមានការថប់ដង្ហើម និងងាប់បន្តបន្ទាប់។
  • បើក្ដៅពេក៖ ពួកវានឹងនៅបែកគ្នាឆ្ងាយៗ ហើបមាត់ដកដង្ហើម និងផឹកទឹកច្រើនជ្រុល ដែលធ្វើឱ្យកូនមាន់ខ្សោយ ខ្សោះជាតិទឹក និងលូតលាស់យឺត។

ស្ថានភាពទាំងពីរនេះ សុទ្ធតែធ្វើឱ្យអ្នកខាតបង់ទាំងថវិកា ពេលវេលា និងអាចបាត់បង់មាន់ទាំងហ្វូង​តែម្ដង។

កុំទុកចិត្តលើការស្មាន

ការប្រើដៃសាកល្បងកម្ដៅ ឬការមើលដោយភ្នែកទទេគឺជារឿងគ្រោះថ្នាក់បំផុត។ ឧបករណ៍វាស់សីតុណ្ហភាពនឹងផ្តល់ឱ្យយើង​នូវតួលេខជាក់លាក់​ដើម្បី​អាចកែតម្រូវចង្ក្រានធ្យូង អំពូលភ្លើង ឬក្បាលហ្គាសកម្ដៅបានទាន់ពេលវេលា និងត្រឹមត្រូវតាមបច្ចេកទេស។

គន្លឹះក្នុងការគ្រប់គ្រងសីតុណ្ហភាព

  • កម្រិតកម្ដៅ៖ ក្នុងសប្តាហ៍ទី១ សីតុណ្ហភាពដែលល្អបំផុតគឺចន្លោះពី៣២ ដល់ ៣៥ អង្សាសេ។ បន្ទាប់មក យើង​ត្រូវកាត់បន្ថយកម្ដៅបន្តិចម្ដងៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅពេលដែលកូនមាន់ចាប់ផ្ដើមរឹងមាំ។​
  • ទីតាំងដាក់ឧបករណ៍៖ ចងចាំថា ត្រូវដាក់ឧបករណ៍វាស់សីតុណ្ហភាពនៅកម្រិតកម្ពស់ដែលកូនមាន់រស់នៅ មិនមែនព្យួរខ្ពស់ពេកនោះទេ ព្រោះកម្ដៅដែលកូនមាន់ទទួលអារម្មណ៍ផ្ទាល់ គឺជាអ្វីដែលសំខាន់បំផុត។
  • ការតាមដាន៖ គួរពិនិត្យឧបករណ៍វាស់កម្ដៅឱ្យបានទៀងទាត់ទាំងពេលព្រឹក និងពេលល្ងាច ដើម្បីដោះស្រាយបញ្ហាមុនពេលវាកើតឡើង។

មុននឹងអ្នកសម្រេចចិត្តចំណាយលុយលើអាហារបំប៉ន ឬថ្នាំពេទ្យសត្វថ្លៃៗ សូមសាកល្បងចំណាយលុយបន្តិចបន្តួចលើឧបករណ៍វាស់សីតុណ្ហភាព វាអាចសង្គ្រោះមាន់រាប់រយក្បាលនៅក្នុងរោង​មាន់​របស់បងប្អូន​៕

ដោយ៖ សែន តុលា
ប្រភព៖ The Poultry Site / USDA