ឫសដំណាំដែលរឹងមាំ គឺជាគ្រឹះនៃទិន្នផលខ្ពស់។ ប៉ុន្តែនៅក្រោមដី មានសត្រូវលាក់មុខជាច្រើនដែលចង់បំផ្លាញដំណាំរបស់យើង។ ទ្រីកូឌឺម៉ា ជាប្រភេទផ្សិតមានប្រយោជន៍ និងជាអ្នកការពារដំណាំពីធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត។

តើទ្រីកូឌឺម៉ា (Trichoderma) ការពារដំណាំដោយរបៀបណា?
មិនដូចថ្នាំគីមីដែលសម្លាប់គ្រប់យ៉ាងនោះទេ ទ្រីកូឌឺម៉ាធ្វើការដោយវៃឆ្លាត និងតាមបែបធម្មជាតិ។
- ស្វែងរកសត្រូវ៖ វាមានសមត្ថភាពរកឃើញផ្សិតដែលបង្កជំងឺនៅក្នុងដីយ៉ាងរហ័ស។
- ឡោមព័ទ្ធសត្រូវ៖ វាធ្វើការរុំព័ទ្ធជុំវិញផ្សិតចង្រៃ ដើម្បីទប់ស្កាត់មិនឱ្យផ្សិតនោះលូតលាស់ ឬរាលដាល។
- កម្ទេចសត្រូវ៖ វាបញ្ចេញអង់ស៊ីមពិសេស ដើម្បីបំបែកជញ្ជាំងកោសិកា និងបំផ្លាញផ្សិតចង្រៃនោះចោល។
- ដណ្ដើមកន្លែងរស់នៅ៖ ដោយសារវាដុះលូតលាស់លឿន វាដណ្ដើមយកកន្លែង និងអាហារនៅក្បែរឫសដំណាំ មិនឱ្យផ្សិតចង្រៃមានឱកាសរស់នៅបានឡើយ។
អត្ថប្រយោជន៍សម្រាប់កសិករ
ការប្រើប្រាស់ទ្រីកូឌឺម៉ាផ្តល់ផលចំណេញច្រើនយ៉ាង៖
- ជួយឱ្យឫសដំណាំលូតលាស់បានធំធំ និងរឹងមាំ។
- បង្កើនសមត្ថភាពបឺតស្រូបជីជាតិពីដី។
- កាត់បន្ថយជំងឺដែលឆ្លងតាមដីដូចជា៖ ជំងឺរលួយឫស ជំងឺងាប់កូនដំណាំជំងឺស្រពោនស្លឹក និងជំងឺរលួយគល់ជាដើម។
- ជាការការពារដំណាំបែបធម្មជាតិ (Eco-Friendly) និងជួយឱ្យដីមានសុខភាពល្អសម្រាប់រដូវដាំដុះក្រោយៗទៀត។
សាកលវិទ្យាល័យកាលីហ្វ័រញ៉ា (UC Integrated Pest Management) បានបញ្ជាក់ថា ទ្រីកូឌឺម៉ាគឺជាភ្នាក់ងារការពារជីវសាស្ត្រ ដ៏សំខាន់មួយ ដែលជួយបង្កើតរបាំងការពារជុំវិញឫសដំណាំយ៉ាងមានប្រសិទ្ធភាព ប្រឆាំងនឹងជំងឺផ្សិតជាច្រើនប្រភេទដែលថ្នាំគីមីពិបាកដោះស្រាយ។
អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅក្នុងគោលការណ៍កសិកម្មចីរភាព បានលើកឡើងថា ការប្រើប្រាស់អតិសុខុមប្រាណដែលមានប្រយោជន៍ដូចជាទ្រីកូឌឺម៉ា មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ថ្នាំផ្សិតគីមីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនជីវចម្រុះក្នុងដីដែលជាកត្តាគន្លឹះនៃដីមានជីជាតិយូរអង្វែង។

គន្លឹះសម្រាប់កសិករ
ប្រសិនបើបងប្អូនចង់ចាប់ផ្ដើមប្រើប្រាស់ សូម៖
- ជ្រើសរើសផលិតផលទ្រីកូឌឺម៉ាដែលមានគុណភាព និងមានកាលបរិច្ឆេទច្បាស់លាស់។
- ដាក់លាយជាមួយជីកំប៉ុស្ត ឬជីសរីរាង្គ ដើម្បីឱ្យវាមានកម្លាំង និងកន្លែងលូតលាស់។
- ជៀសវាងការប្រើថ្នាំសម្លាប់ផ្សិតគីមីនៅពេលកំពុងប្រើទ្រីកូឌឺម៉ា ដើម្បីកុំឱ្យវាងាប់។
ដីមានសុខភាពល្អ ដំណាំរឹងមាំ ទិន្នផលកើនឡើង៕
ដោយ៖ ចាន់ តារា
ប្រភព៖ Gulab orchard shilaroo / FAO
