គន្លឹះ​ពិនិត្យ​សញ្ញាគ្រោះថ្នាក់លើ​ដំណាំ និង​ការពារ​បានទាន់ពេល​

ដំណាំដែលមានសុខភាពល្អ គឺជាគ្រឹះនៃភាពជោគជ័យរបស់កសិករ។ ប៉ុន្តែសត្វល្អិត ជំងឺផ្សិត និងបញ្ហាជីវជាតិដី អាចបំផ្លាញដំណាំរបស់បងប្អូនយ៉ាងឆាប់រហ័ស ប្រសិនបើយើងមិនបានរកឃើញតាំងពីដំណាក់កាលដំបូង។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ដើម្បីជួយបងប្អូនឱ្យស្គាល់សញ្ញាព្រមាន និងចាត់វិធានការបានទាន់ពេលវេលា។

១. ស្វែងយល់ពីសញ្ញាព្រមានសំខាន់ៗ

ការសង្កេតឃើញសញ្ញាខុសប្រក្រតីនៅលើស្លឹក គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីការពារដំណាំ៖

  • ចៃជញ្ជក់​រុក្ខរស (Aphids)៖ ជាសត្វល្អិតតូចៗដែលជញ្ជក់រុក្ខរស​ពីស្លឹក ធ្វើឱ្យស្លឹករួញ និងដំណាំចុះខ្សោយ។
  • សត្វរុយស (Whitefly)៖ សត្វល្អិតពណ៌សតូចៗ ដែលជាភ្នាក់ងារចម្លងជំងឺបង្កដោយ​វីរុស និងធ្វើឱ្យដំណាំបាត់បង់ថាមពល និង​ចុះ​ខ្សោយ​។
  • ជំងឺផ្សិត (Fungal Disease)៖ ចំណុចពណ៌ខ្មៅនៅលើស្លឹក គឺជាសញ្ញានៃការឆ្លងមេរោគផ្សិត។
  • ចៃក្រហម (Red Mites)៖ បង្កជាបំណះពណ៌លឿងនៅលើស្លឹក ដោយសារការជញ្ជក់រុក្ខរស​ពី​ស្លឹក។
  • ជំងឺម្សៅពណ៌ស (Powdery Mildew)៖ មានស្រទាប់ពណ៌សដូចម្សៅនៅលើស្លឹក ដែលរារាំងដំណើរការធ្វើរស្មីសំយោគរបស់​ដំណាំ​។
  • ជំងឺច្រែះ (Rust Disease)៖ មានចំណុចពណ៌ទឹកក្រូច ឬពណ៌ត្នោត ដែលកាត់បន្ថយសុខភាពដំណាំ និងទិន្នផល។
  • កង្វះជីវជាតិ៖ ស្លឹកប្រែជាលឿង ដែលបញ្ជាក់ថាដំណាំកំពុងខ្វះសារធាតុចិញ្ចឹមសំខាន់ៗ។
  • ភាពតានតឹងដោយសារទឹក៖ ការស្រោចទឹកច្រើនពេក ឬតិចពេក ធ្វើឱ្យដំណាំចុះខ្សោយ និងប៉ះពាល់ដល់ការលូតលាស់។

២. វិធីសាស្ត្រថែទាំ និងការពារដំណាំ

ដើម្បីរក្សាដំណាំឱ្យមានសុខភាពល្អ និងទទួលបានទិន្នផលខ្ពស់ បងប្អូនគួរអនុវត្តវិធានការទាំងនេះ៖

  • ត្រួតពិនិត្យឱ្យបានទៀងទាត់៖ ដើរពិនិត្យចម្ការយ៉ាងតិច ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីរកសញ្ញាដំបូង។
  • គ្រប់គ្រងទឹក៖ ថែរក្សាប្រព័ន្ធស្រោចស្រព និងរំដោះទឹកឱ្យបានត្រឹមត្រូវ។
  • ដាក់ជីមានតុល្យភាព៖ ប្រើប្រាស់ជីដែលមានសមាមាត្រត្រឹមត្រូវ ដើម្បីឱ្យដំណាំលូតលាស់រឹងមាំ។
  • កម្ចាត់ផ្នែកដែលមានជំងឺ៖ បើឃើញស្លឹកមានជំងឺ ត្រូវបេះចេញភ្លាមៗដើម្បីកុំឱ្យឆ្លងទៅស្លឹកដទៃទៀត។
  • ប្រើផលិតផលជីវសាស្ត្រ៖ ប្រើប្រាស់ថ្នាំកសិកម្ម ឬផលិតផលជីវសាស្ត្រតាមការណែនាំពីអ្នកជំនាញនៅពេលចាំបាច់។
  • សម្អាតចម្ការ៖ កម្ចាត់ស្មៅ និងកំទេចកំទីក្នុងចម្ការឱ្យបានស្អាត ដើម្បីកាត់បន្ថយជម្រកសត្វល្អិត​។

អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានលើកឡើងថា ការអនុវត្ត «ការគ្រប់គ្រងសត្វល្អិតចម្រុះ (Integrated Pest Management – IPM)» គឺជារបៀបដ៏មានប្រសិទ្ធភាពបំផុតដែលកសិករអាចប្រើប្រាស់ការសង្កេតទៀងទាត់ និងការជ្រើសរើសវិធានការការពារមុននឹងប្រើប្រាស់ថ្នាំគីមី ដែលជួយកាត់បន្ថយការចំណាយ និងការពារបរិស្ថាន។

ចំណែក​សេវាកម្មស្រាវជ្រាវកសិកម្មនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA-ARS) បានសង្កត់ធ្ងន់ថា សុខភាពដី និងការគ្រប់គ្រងសំណើមឱ្យបានល្អ គឺជាកត្តាចម្បងដែលជួយបង្កើនភាពធន់របស់ដំណាំប្រឆាំងនឹងជំងឺ និងការបំផ្លាញពីសត្វល្អិត ដែលជាវិធីសាស្ត្រការពារទុកជាមុនដ៏មានប្រសិទ្ធភាព។

ការការពារទុកជាមុន គឺប្រសើរជាងការដោះស្រាយពេលដែលជំងឺរាតត្បាតពេញចម្ការ។ សូមបងប្អូនកសិករយកចិត្តទុកដាក់សង្កេតដំណាំជារៀងរាល់ថ្ងៃ ដើម្បីទទួលបានផលដ៏ត្រចះត្រចង់៕

ដោយ៖ ចាន់ តារា
ប្រភេព៖ Gulab orchard shilaroo​ / FAO / USDA