ការ​ប្រើ​ប្រាស់​ជីគី​មី​លើស​កម្រិត​អាច​​ធ្វើ​​ឲ្យ​​ដី​​បាត់​បង់​​គុណ​ភាព​​

បងប្អូនកសិករមួយ​ចំនួន​អាច​យល់ច្រឡំថាការ​​ដាក់ជីកាន់តែច្រើន ដំណាំកាន់តែល្អ​ តែ​ការ​ពិត​មិន​ដូច​អ្វី​ដែល​បង​ប្អូន​គិត​នោះ​ទេ ហើយ​ក៏​ជារឿងមួយដែលត្រូវតែផ្លាស់ប្ដូរដែរ​។ ការប្រើប្រាស់ជីគីមីលើសកម្រិតមិនត្រឹមតែមិនជួយបង្កើនទិន្នផលទេ ប៉ុន្តែថែមទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់បរិស្ថាន និងដី​កសិកម្មរបស់បងប្អូន​ទៀត​ផង​​។

១. ផលប៉ះពាល់នៃការប្រើប្រាស់ជីលើសកម្រិត

  • ការបំពុលទឹក៖ សារធាតុអាសូត និងផូស្វ័រ​​នៅ​ក្នុង​​ជីនឹងហូរចូលទៅក្នុងប្រភពទឹក បង្កឱ្យមានការកើនឡើងនៃសារាយ ដែលនាំឱ្យខ្វះអុកស៊ីហ្សែនក្នុងទឹក និងធ្វើឱ្យជីវិតសត្វក្នុងទឹក​ងាប់​។ តាមការពិត វិស័យកសិកម្មត្រូវបានចាត់ទុកជាប្រភពលេខ​មួយ​នៃការបំពុលទឹកដោយសារសារធាតុចិញ្ចឹមទាំងនេះ។
  • ការខូចខាតគុណភាពដី៖ ការប្រើជីលើសកម្រិតធ្វើឱ្យបាត់បង់តុល្យភាពសារធាតុចិញ្ចឹម និងកាត់បន្ថយអតិសុខុមប្រាណដែលមានប្រយោជន៍ក្នុងដី។ តាមការបញ្ជាក់​របស់​អង្គការ​ FAO ការប្រើជីគីមី​លើសកម្រិតអាចកាត់បន្ថយកាបូនសរីរាង្គក្នុងដីរហូតដល់ ៣០% ក្នុងរយៈពេលយូរ ដែលនាំឱ្យដីអន់ និងផលិតភាពធ្លាក់ចុះ។
  • ការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ៖ ជីអាសូតបញ្ចេញឧស្ម័ននីទ្រូសអុកស៊ីត​(Nitrous oxide) ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់ជាងកាបូនឌីអុកស៊ីត​រហូតដល់​២៩៨​ដង។ យោងតាម IPCC ដីកសិកម្មមានចំណែកទទួលខុសត្រូវប្រហែល៧០% នៃការបញ្ចេញឧស្ម័ន នីទ្រូសអុកស៊ីតនៅទូទាំងពិភពលោក។
  • ការបាត់បង់ជីវចម្រុះ៖ ការបំពុលនេះបំផ្លាញសត្វល្អិតដែលមានប្រយោជន៍ និងសត្វក្នុងដី ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ី។ តាមការសិក្សា​កន្លឹង​មក​ការបាត់បង់ជីវចម្រុះនេះគំរាមកំហែងដល់​សេវាកម្មប្រព័ន្ធអេកូឡូស៊ីដែលមានតម្លៃជាង ១២៥ ទ្រីលានដុល្លារអាមេរិក​នៅទូទាំងពិភពលោក។

២. វិធីសាស្ត្រប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ

ដើម្បីទទួលបានទិន្នផលល្អ និងរក្សាបរិស្ថាន បងប្អូនគួរអនុវត្តតាមគោលការណ៍ទាំងនេះ៖

  • ពិនិត្យដីមុនពេលដាក់ជី៖ ដើម្បីដឹងថាតើដីបងប្អូនពិតជាត្រូវការអ្វីខ្លះ។
  • ប្រើជីឱ្យចំប្រភេទ និងចំកម្រិត៖ កុំប្រើលើសពីតម្រូវការជាក់ស្ដែង។
  • ដាក់ឱ្យចំពេលវេលា៖ ដាក់ក្នុងដំណាក់កាលដែលដំណាំត្រូវការបំផុត។
  • វិធីសាស្ត្រត្រឹមត្រូវ​៖ ដាក់តាមរបៀបដែលដំណាំអាចស្រូបយកបានងាយស្រួល។
  • អនុវត្តការគ្រប់គ្រងសារធាតុចិញ្ចឹមចម្រុះ៖ ប្រើជីសរីរាង្គរួមជាមួយជីគីមីឱ្យមានតុល្យភាព។

អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានព្រមានថាការប្រើជីគីមី​លើសកម្រិតអាចកាត់បន្ថយកាបូនសរីរាង្គក្នុងដីបានរហូតដល់ ៣០% ដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពដី និងផលិតភាពកសិកម្មយូរអង្វែង។

កម្មវិធីបរិស្ថាននៃសហប្រជាជាតិ (UNEP) បានចាត់ទុកវិស័យកសិកម្មជាប្រភពចម្បងទីមួយ​ នៃការបំពុលទឹកដោយសារការហូរ​ច្រោះសារធាតុចិញ្ចឹមពីជីគីមីចូល​ទៅ​ក្នុង​ប្រភព​ទឹក​។ ការ​ប្រើ​ប្រាស់​ជីគីមី​ តម្រូវឱ្យមានការគ្រប់គ្រងការប្រើប្រាស់ជីឱ្យកាន់តែមានការទទួលខុសត្រូវ។

ការប្រើជីដោយឈ្លាសវៃ គឺជាការការពារបរិស្ថាន និងការធានាសន្តិសុខស្បៀងសម្រាប់កូនចៅជំនាន់ក្រោយ។ សូមចងចាំថា​ការប្រើប្រាស់ជីត្រឹមត្រូវ ផ្ដល់ទិន្នផលល្អប្រសើរ និងភពផែនដីក៏​មានសុខភាពល្អ៕

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Seed IQ