ការរលួយឫស (Root Rot) គឺជាបញ្ហាទូទៅនិងធ្ងន់ធ្ងរមួយនៅក្នុងវិស័យកសិកម្ម ដែលអាចបណ្តាលឱ្យដំណាំទាំងមូលងាប់។ ជំងឺនេះមិនមែនបណ្តាលមកពីមូលហេតុតែមួយទេ តែជាការរួមបញ្ចូលគ្នារវាងកត្តាជីវសាស្រ្ត (មេរោគ) និងកត្តាបរិស្ថាន (ដី)។
១. ហេតុអ្វីបានជាដំណាំរលួយឫស?
ការរលួយឫសកើតឡើងនៅពេលដែលបរិយាកាសនៅក្នុងដីខ្វះខាតអុកស៊ីហ្សែន ហើយមេរោគបង្កជំងឺរីកសាយភាយខ្លាំង។
ក. ទឹកច្រើនលើសលប់
នេះជារឿងសំខាន់ និងជាកត្តាបង្កចម្បងបំផុតមួយ។ នៅពេលដីលិចទឹក ឬមានសំណើមខ្លាំងរយៈពេលយូរ រន្ធខ្យល់ចេញចូលក្នុងដីត្រូវបានបំពេញដោយទឹក ធ្វើឱ្យឫសខ្វះអុកស៊ីហ្សែន ហើយក៏ជាំទឹក។ កង្វះអុកស៊ីហ្សែនធ្វើឱ្យឫសចុះខ្សោយ និងងាយរងការវាយលុកពីមេរោគ។
ខ. មេរោគបង្កជំងឺ
នៅពេលឫសចុះខ្សោយដោយសារការខ្វះអុកស៊ីហ្សែន មេរោគផ្សិត ឬបាក់តេរីដែលមាននៅក្នុងដីនឹងវាយលុកយ៉ាងលឿន។ មេរោគសំខាន់ៗដែលបណ្តាលឱ្យរលួយឫសមានដូចជា Phytophthora, Pythium, និង Fusarium។
គ. ការបង្ហូរទឹកមិនល្អ
ប្រសិនបើដីចម្ការជាប្រភេទដីឥដ្ឋច្រើន ឬដីបាតក្រោមមិនអាចជ្រាបទឹកបានល្អ ទឹកនឹងកកដក់នៅតំបន់ឫស ដែលបង្កបរិយាកាសងាយរលួយ។
ឃ. ដីមានមេរោគ
ការប្រើប្រាស់ដី ឬឧបករណ៍ដាំដុះដែលធ្លាប់មានមេរោគរលួយឫសពីមុនមក។
រោគសញ្ញាជាក់ស្តែង
- ឫស៖ ប្រែជាពណ៌ត្នោត ខ្មៅ ឬទន់ មានក្លិនស្អុយ មិនដូចឫសធម្មតាដែលមានពណ៌ស និងរឹងមាំ។
- ផ្នែកខាងលើនៃដំណាំ៖ ស្លឹកលឿង ក្រិន ស្វិត ដើមងាប់ដោយសារឫសមិនអាចស្រូបទឹក និងសារធាតុចិញ្ចឹមបាន។ ដំណាំមើលទៅដូចខ្វះទឹក ទោះបីដីសើមខ្លាំងក៏ដោយ។

២. វិធីការពារ និងព្យាបាលជំងឺរលួយឫស
ការដោះស្រាយបញ្ហារលួយឫសទាមទារនូវការអនុវត្តន៍ជាយុទ្ធសាស្រ្ត៖
ក. វិធានការបង្ការ
ការបង្ការដោយគ្រប់គ្រងបរិស្ថានដី គឺជាវិធីល្អបំផុត៖
- ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ
- កុំស្រោចទឹកលើសលប់៖ ត្រូវពិនិត្យមើលសំណើមដីជានិច្ចមុននឹងស្រោចទឹកម្តងទៀត។
- ប្រើប្រព័ន្ធបង្ហូរទឹកល្អ៖ ធានាថារុក្ខជាតិដាំដុះនៅក្នុងដីដែលមានសមត្ថភាពបង្ហូរ ឬជ្រាបទឹកបានលឿន។ អាចបន្ថែមដីខ្សាច់ ឬសារធាតុសរីរាង្គ ដូចជាសំបកដូង ឬអង្កាម ដើម្បីធ្វើឱ្យដីធូរងាយស្រូបទឹក។
- រៀបចំរងដាំខ្ពស់៖ សម្រាប់ដំណាំដែលងាយរលួយឫស ដូចជាបន្លែ ត្រូវដាំនៅលើរងខ្ពស់ ដើម្បីជួយឱ្យទឹកហូរចេញបានល្អនៅរដូវភ្លៀង។
- អនាម័យឧបករណ៍៖ សម្អាត និងសម្លាប់មេរោគលើឧបករណ៍កាត់ ឬឧបករណ៍ដាំដុះទាំងអស់មុនពេលប្រើប្រាស់។
ខ. វិធានការព្យាបាល
នៅពេលដំណាំចាប់ផ្តើមមានរោគសញ្ញារលួយឫស យើងអាចព្យាបាលបានដូចតទៅ៖
- កាត់បន្ថយ/បញ្ឈប់ការស្រោចទឹក៖ កុំស្រោចទឹក រហូតទាល់តែដីស្ងួតល្មម។
- កែលម្អការបង្ហូរទឹក៖ បើដីដាំក្នុងផើង ត្រូវផ្លាស់ប្តូរទៅដីថ្មី ឬផើងដែលមានរន្ធបង្ហូរទឹកធំជាងមុន។ បើដាំលើដីចម្ការ ត្រូវជីកផ្លូវបង្ហូរទឹកនៅជុំវិញរង។
- ប្រើថ្នាំសម្លាប់ផ្សិត៖
- ត្រូវប្រើថ្នាំសម្លាប់ផ្សិតដែលមានប្រសិទ្ធភាពចំពោះមេរោគ។ ប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំដើម្បីបានព័ត៌មានច្បាស់លាស់ពីការប្រើប្រាស់ថ្នាំ។
- វិធីប្រើ៖ ត្រូវចាក់ថ្នាំចូលទៅក្នុងដី នៅជុំវិញតំបន់ឫស ដើម្បីឱ្យថ្នាំទៅដល់ឫសដែលកើតជំងឺ។
- កាត់ចោលផ្នែករងការខូចខាត (សម្រាប់រុក្ខជាតិមានតម្លៃ)៖ សម្រាប់រុក្ខជាតិដែលដាំក្នុងផើង ឬមានតម្លៃថ្លៃ យើងអាចដកវាចេញពីដី កាត់ផ្តាច់ឫសដែលរលួយ (មានពណ៌ខ្មៅ/ត្នោត) ចេញ ហើយលាបថ្នាំសម្លាប់ផ្សិត រួចដាំឡើងវិញក្នុងដីថ្មី។
ចំណាំ៖ ការព្យាបាលជំងឺរលួយឫសច្រើនតែពិបាក និងមិនសូវបានផលល្អទេ ប្រសិនបើជំងឺបានរីករាលដាលខ្លាំងហើយ។ ការបង្ការតាមរយៈការគ្រប់គ្រងទឹក និងគុណភាពដី គឺជាគន្លឹះជោគជ័យ។
បងប្អូនមានបទពិសោធលើរឿងនេះ ចង់ចែករំលែកដល់បងប្អូនកសិករផ្សេងទៀត កុំភ្លេចទាក់ទងមកកសិ/Kakse។
ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ Manitobapulse
