អុតមាន់គឺជាជំងឺដែលរីករាលដាលទូទាំងពិភពលោកបង្កឡើងដោយមេរោគម្យ៉ាងឈ្មោះ Avipoxvirus។ មេរោគនេះអាចឆ្លងទៅលើសត្វស្លាបជាច្រើនប្រភេទ រួមមាន មាន់ ទួរគី ក្រួច ចាប ព្រាប និងបក្សីជាច្រើនទៀត។
១. ទម្រង់ និងរោគសញ្ញានៃជំងឺ
ជំងឺអុតមាន់មានពីរទម្រង់សំខាន់ៗ៖
ក. ឆ្លងតាមស្បែក
ឆ្លងតាមរយៈ មូសខាំ ឬ សត្វល្អិតខាំផ្សេងៗ និងការចម្លងរោគតាមមុខរបួស។ រោគសញ្ញានៃជំងឺអុតមាន់រួមមាន ពងបែក ឬដំបៅក្រមរ នៅលើផ្នែកដែលគ្មានរោមដូចជាសិរមាន់ ត្រចៀក ឬផ្នែកយោលៗក្រោមចំពុះ ចំពុះ និងជើង។
មាន់ដែលកើតជំងឺទម្រង់ចេញលើស្បែកបែបនេះភាគច្រើនអាចជាសះស្បើយ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។
ខ. ឆ្លងតាមផ្លូវដង្ហើម
ជំងឺនេះអាចឆ្លងតាមរយៈការ ស្រូបចូលមេរោគតាមខ្យល់ ឬលំអងធូលី។ រោគសញ្ញាអាចកើតមានជាក្រមររឹងៗដូចជាកន្ទប ឬដូចជាស្រទាប់ស្បែក នៅមាត់ និងបំពង់ក និងពេលខ្លះនៅ បំពង់ខ្យល់។
ទម្រង់នេះមានគ្រោះថ្នាក់ជាងឆ្លងមេរោគតាមស្បែក ព្រោះ វាអាចបិទផ្លូវដង្ហើម ធ្វើឱ្យមាន់ពិបាកដកដង្ហើម ស៊ីមិនបាន ហើយអាចបណ្តាលឱ្យងាប់។

២. ការចាក់វ៉ាក់សាំង និងការការពារ
នៅពេលមាន់កើតជំងឺអុតមាន់ហើយ មិនមានថ្នាំព្យាបាលជាក់លាក់នោះទេ។ មានតែការចាក់វ៉ាក់សាំង និងការការពារប៉ុណ្ណោះដែលអាចទប់ស្កាត់បាន។
ការចាក់វ៉ាក់សាំង
- វ៉ាក់សាំងមាន់៖ គេច្រើនប្រើវ៉ាក់សាំងដែលបានមកពីមេរោគអុតព្រាប (Pigeonpox virus) ដើម្បីចាក់ការពារមាន់។
- អាយុកាលចាក់៖ ជាទូទៅ គេចាក់វ៉ាក់សាំងនេះដល់កូនមាន់ដែលមានអាយុចន្លោះពី ៨ទៅ ១៤សប្ដាហ៍។
- វិធីចាក់៖ គឺចាក់តាមរយៈ ការចោះនៅក្រោមស្បែកខាងស្លាប ។
- មុនចាក់វ៉ាក់សាំង៖ មាន់ដែលត្រូវចាក់វ៉ាក់សាំង ត្រូវតែមានសុខភាពល្អទាំងស្រុង ដើម្បីការពារកុំឱ្យមានអាការៈធ្ងន់ធ្ងរ ព្រោះវ៉ាក់សាំងនេះផ្ទុកមេរោគដែលនៅមានសកម្មភាពបន្តិចបន្តួច។
វិធានការការពារបន្ថែម
- គ្រប់គ្រងមូស៖ ដោយសារមូសជាភ្នាក់ងារចម្លងសំខាន់បំផុត ត្រូវបាញ់ថ្នាំសម្លាប់មូស និងសម្អាតបរិវេណជុំវិញទ្រុងកុំឱ្យមានទឹកដក់ (ទីជម្រកមូស)។
- អនាម័យទ្រុង៖ ត្រូវសម្អាត និងសម្លាប់មេរោគក្នុងទ្រុងឱ្យបានទៀងទាត់ ដើម្បីកុំឱ្យមេរោគមានឱកាសរីករាលដាល។
- ដាច់ដោយឡែក៖ នៅពេលឃើញមាន់ណាមួយចាប់ផ្តើមមានរោគសញ្ញាអុត មាន់នោះត្រូវដកចេញពីទ្រុងភ្លាមៗ ហើយដាក់នៅដាច់ដោយឡែក។
អត្ថបទ៖ ទូច សុខា
ប្រភព៖ PetMD
