More

    បង្ការ​ជំងឺ​ឡិបតូស្ពីរ៉ូស ការពារ​​ជ្រូក​មេ​កុំ​ឲ្យ​រលូត​កូន​

    ជំងឺ​ឡិបតូស្ពីរ៉ូស (Leptospirosis) គឺជាជំងឺគ្រោះ​ថ្នាក់​មួយដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់កសិករចិញ្ចឹមជ្រូក ជាពិសេសប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់ជ្រូកមេ។

    ១. តើជំងឺឡិបតូស្ពីរ៉ូស​គឺជាអ្វី?

    ជំងឺ​នេះ​បង្កដោយ​បាក់តេរីម្យ៉ាងឈ្មោះថា Leptospira។ វា​ឆ្លងតាមរយៈទឹកនោមរបស់សត្វដែលមានផ្ទុកមេរោគដូចជា កណ្ដុរ សត្វកកេរ និងជ្រូកផ្ទាល់តែម្ដង។ ជ្រូកឆ្លងជំងឺដោយផឹកទឹក ឬប៉ះពាល់ផ្ទាល់ជាមួយទីកន្លែងដែលមានមេរោគ។

    ជំងឺនេះ​អាចឆ្លងទៅមនុស្ស​បានដែរដែលអាច​បង្កគ្រោះថ្នាក់ដល់សុខភាពកសិករ។

    - Advertisement -

    ២. រោគសញ្ញា

    ជំងឺនេះមានរោគសញ្ញាមិនសូវច្បាស់លាស់ទេ​បើ​កើត​លើកូន​ជ្រូកតូច និង​អាច​ប៉ះពាល់ធ្ងន់ធ្ងរបំផុតបើ​កើត​លើជ្រូកមេ និងជ្រូកបា​។

    ចំពោះមេជ្រូក ជំងឺ​នេះ​អាច​បង្ក​ឲ្យ​រលូតកូននៅពាក់កណ្តាល ឬចុងបញ្ចប់នៃការពពោះ។ កូនជ្រូកកើតមកងាប់​ឬខ្សោយខ្លាំង។ ជួនកាលមានបញ្ហាមិន​អាច​បន្តពូជ​បាន​ទៀត​ផង​។

    ចំពោះ​កូនជ្រូកឬជ្រូកជំទង់វិញ ជំងឺ​នេះ​អាច​បង្កជា​​គ្រុនក្តៅ ស្រកទម្ងន់ ខាន់លឿង (ភ្នែក និងស្បែកឡើងលឿង) ប៉ុន្តែភាគច្រើននៃកូនជ្រូកអាចឆ្លងផុតជំងឺ​នេះ​បាន។

    ដោយ​ឡែក​ចំពោះជ្រូកបា អាច​ធ្វើ​ឲ្យ​បាត់បង់ចំណង់អាហារ គ្រុនក្តៅ ហើយអាចក្លាយជា ជ្រូកផ្ទុកមេរោគដែលអាចចម្លងទៅមេជ្រូកផ្សេងទៀត។

    ៣. វិធីការពារ និងទប់ស្កាត់ជំងឺ

    ដោយសារជំងឺនេះពិបាកព្យាបាលឱ្យជាសះស្បើយដាច់ស្រឡះនៅពេលឆ្លងហើយ នោះការចាក់វ៉ាក់សាំង និងអនាម័យ គឺជាមធ្យោបាយដ៏ល្អបំផុត។

    ក. ការចាក់វ៉ាក់សាំង

    កសិករ​ត្រូវចាក់វ៉ាក់សាំងការពារជំងឺឡិបតូស្ពីរ៉ូសលើជ្រូកមេនិងជ្រូកបា។ គួរពិគ្រោះជាមួយពេទ្យសត្វ ដើម្បីកំណត់តារាងពេលវេលាចាក់ ដែលសមស្របបំផុតសម្រាប់កសិដ្ឋានរបស់បងប្អូន​។

    ខ. គ្រប់គ្រងកណ្ដុរ និងសត្វល្អិត

    កសិករ​ត្រូវដាក់ ថ្នាំសម្លាប់កណ្ដុរ និងរក្សាអនាម័យបរិវេណទ្រុងឱ្យបានស្អាត ដើម្បីកុំឱ្យកណ្ដុរ និងសត្វកកេរដទៃចូលជ្រកក្បែរទ្រុងជ្រូក។

    គ. គ្រប់គ្រងទឹក និងអនាម័យ

    យើង​ត្រូវប្រាកដថាជ្រូកផឹកទឹកស្អាត។ សម្អាតនិងបាញ់​ថ្នាំសម្លាប់មេរោគជាប្រចាំនៅកន្លែងដែលជ្រូកនោម ឬកន្លែងដក់ទឹក។ រក្សា​កុំឱ្យមានទឹកដក់នៅជុំវិញទ្រុងដែលអាចជាជម្រកមេរោគ​។

    ឃ. ដាក់ដាច់ដោយឡែក

    ប្រសិនបើមានជ្រូកថ្មីត្រូវយកចូលកសិដ្ឋាន គួរតែដាក់ដាច់ដោយឡែកមួយ​រយៈពេល អាច​ដល់​៣០ថ្ងៃសិន មុននឹងបញ្ចូលទៅក្នុងហ្វូងជ្រូកមេ ដើម្បីការពារការចម្លងជំងឺចូលកសិដ្ឋាន។

    ចំណាំ៖ ជំងឺនេះអាចព្យាបាលបានដោយប្រើថ្នាំ អង់ទីប៊ីយោទិច (Antibiotics) ប៉ុន្តែលទ្ធផលព្យាបាលមិនប្រាកដប្រជាទេ។ ការការពារគឺជាគន្លឹះជោគជ័យ។ ប្រឹក្សា​ជាមួយ​ពេទ្យ​សត្វ​បើ​សង្ស័យ​ថា​ជ្រូក​មាន​ជំងឺនេះ​។​

    អត្ថបទដោយ៖ ចាន់ តារា
    ប្រភព៖ MSD