ជំងឺបង្កដោយមេរោគផ្សិត គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់កសិករដែលដាំដំណាំត្រសក់ ជាពិសេសនៅរដូវភ្លៀង ឬរដូវដែលមានសំណើមខ្ពស់។ ជំងឺទាំងនេះអាចបំផ្លាញទិន្នផលទាំងស្រុង ប្រសិនបើមិនមានវិធានការការពារទាន់ពេលវេលា។
១. មូលហេតុចម្បងនៃការកើតជំងឺផ្សិត
ជំងឺផ្សិតលើដំណាំត្រសក់ ត្រូវបានបង្កឡើងដោយពពួកផ្សិតជាច្រើនប្រភេទ មានដូចជា Powdery Mildew, Downy Mildew, Anthracnose ជាដើម។ កត្តាដែលជំរុញឲ្យជំងឺនេះរាលដាលលឿនមានច្រើនយ៉ាង។
- សំណើមខ្ពស់៖ ដូចជារដូវភ្លៀងមានភ្លៀងធ្លាក់ច្រើន ឬការស្រោចទឹកច្រើនពេក ធ្វើឲ្យស្លឹក និងដើមសើមរយៈពេលយូរ។
- ខ្យល់ចេញចូលមិនល្អ៖ នៅតំបន់ដាំដុះដែលមានដើមណែនពេក ឬមានម្លប់ច្រើន។
- សីតុណ្ហភាពសមស្រប៖ ផ្សិតមួយចំនួនលូតលាស់បានល្អនៅសីតុណ្ហភាពក្ដៅល្មម (ប្រហែល ២០ទៅ២៧អង្សាសេ។
- ការដាំដុះដដែលៗ៖ ការដាំត្រសក់ ឬដំណាំអំបូរត្រសក់ (ត្រឡាច ននោង) នៅលើដីដដែលៗ ធ្វើឲ្យមេរោគផ្សិតនៅជាប់ក្នុងដី។

២. រោគសញ្ញាសំខាន់ៗដែលត្រូវសង្កេត
កសិករត្រូវតាមដានរោគសញ្ញាទាំងនេះលើស្លឹក ដើម និងផ្លែត្រសក់។
- ផ្សិតម្សៅ(Powdery Mildew)៖ មានដុះម្សៅពណ៌ស ដូចជាកំបោរនៅលើផ្ទៃស្លឹកផ្នែកខាងលើ។ ស្លឹកដែលកើតខ្លាំង ប្រែជាលឿង រួចងាប់ជ្រុះ។
- ផ្សិតអុចលឿងស្លឹក(Downy Mildew)៖ ចំណុចតូចៗពណ៌លឿង នៅលើផ្ទៃស្លឹកខាងលើ ដែលត្រូវបានកំណត់ដោយសរសៃស្លឹក (រូបរាងជ្រុង)។ ពេលមើលផ្ទៃខាងក្រោម អាចឃើញដុះផ្សិតពណ៌ប្រផេះ ហើយរាលដាលលឿន បណ្តាលឲ្យស្លឹកក្រៀមងាប់។
- អង់ត្រាក់ណូស(Anthracnose)៖ ចំណុចនៅលើស្លឹកមានពណ៌ត្នោត ឬត្នោតក្រហម ដែលមានគែមពណ៌លឿង អាចធ្វើឲ្យដើមប្រេះ និងផ្លែមានស្នាមអុចៗរង្វង់ខ្មៅ ឬស្អុយរលួយ។
៣. វិធីដោះស្រាយ និងការពារ
ការគ្រប់គ្រងជំងឺផ្សិតត្រូវប្រើវិធីរួមបញ្ចូលគ្នា៖
ក. វិធានការបង្ការ និងអនាម័យ
កសិករយើងត្រូវផ្លាស់ប្តូរដំណាំ គឺត្រូវដាំដំណាំផ្សេងដែលមិនមែនជាអំបូរត្រសក់នៅរដូវបន្ទាប់ដើម្បីកាត់បន្ថយមេរោគក្នុងដី។ បន្ថែមពីនេះត្រូវធ្វើរងដាំឲ្យខ្ពស់ និងរៀបចំប្រព័ន្ធបង្ហូរទឹកឲ្យបានល្អ ដើម្បីកុំឲ្យដក់ទឹក ជាពិសេសនៅរដូវវស្សា។
ចំណុចមួយទៀតគឺកាត់បន្ថយសំណើម។ កសិករត្រូវស្រោចទឹកនៅពេលព្រឹក មិនមែនពេលល្ងាចទេ ដើម្បីឲ្យស្លឹកមានពេលស្ងួតមុនពេលយប់។ ការដាំដុះត្រូវរៀបចំចន្លោះដាំឲ្យបានសមរម្យ និងកាត់ស្លឹកចាស់ៗចេញ ដើម្បីឲ្យខ្យល់ចេញចូលបានល្អ។ បន្ថែមពីនេះ ត្រូវប្រមូល និងដុតកម្ទេចស្លឹក ឬដើមដែលកើតជំងឺចោលភ្លាមៗ ដើម្បីកុំឲ្យមេរោគរាលដាល។
ខ. ការប្រើប្រាស់ថ្នាំកម្ចាត់ផ្សិត
- បង្ការ៖ នៅពេលដែលរដូវវស្សាចាប់ផ្តើម ឬនៅពេលសង្កេតឃើញរោគសញ្ញាតូចតាចដំបូង ត្រូវបាញ់ថ្នាំកម្ចាត់ផ្សិតជាលក្ខណៈ ការពារ តាមកាលកំណត់ (ឧ. រៀងរាល់ ៧ ទៅ ១០ ថ្ងៃ)។
- ព្យាបាល៖ ប្រើថ្នាំផ្សិតដែលមានធាតុសកម្មជាប្រព័ន្ធ ដែលអាចស្រូបចូលទៅក្នុងជាលិការុក្ខជាតិ ដើម្បីព្យាបាលការឆ្លងរាលដាល។
- ប្តូរប្រភេទថ្នាំ៖ គួរប្តូរប្រភេទថ្នាំផ្សិតម្តងម្កាល ដើម្បីកុំឲ្យមេរោគផ្សិតកើតមានភាពស៊ាំនឹងថ្នាំ។
ដើម្បីទទួលបានទិន្នផលខ្ពស់ និងគុណភាពល្អ កសិករត្រូវអនុវត្តវិធានការបង្ការ និងអនាម័យឲ្យបានខ្ជាប់ខ្ជួន រួមផ្សំជាមួយការប្រើប្រាស់ថ្នាំផ្សិតប្រកបដោយបច្ចេកទេសត្រឹមត្រូវ។ បើបងប្អូនជួបបញ្ហានេះ គួរប្រឹក្សាជាមួយមន្ត្រីកសិកម្មឃុំ ឬអ្នកជំនាញកសិកម្មផ្សេងទៀតដើម្បីបានព័ត៌មានច្បាស់លាស់។
បងប្អូនមានចំណេះដឹង និងបទពិសោធលើដំណាំត្រសក់ និងចង់ចែករំលែក កុំភ្លេចទាក់ទងមកកសិ។
អត្ថបទដោយ៖ ទូច សុខា
ប្រភព៖ ឯកសារក្រសួងកសិកម្ម
