ដីគឺជាមូលដ្ឋានគ្រឹះនៃជីវិតកសិកម្ម។ នៅពេលដែលដីបាត់បង់គុណភាព វាបណ្តាលឱ្យទិន្នផលដំណាំថយចុះ ហើយការចំណាយលើជីក៏កើនឡើង។ ការយល់ដឹងពីកត្តាដែលធ្វើឲ្យដីយើងចុះខ្សោយ គឺជារឿងសំខាន់បំផុតដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។
កត្តាដែលនាំឲ្យដីបាត់បង់គុណភាព
មានកត្តាជាច្រើនដែលគំរាមកំហែងដល់សុខភាពដីកសិកម្ម ដែលកសិករគួរយល់ដឹង៖
១. ការបាត់បង់សារធាតុសរីរាង្គ
ការដាំដុះដំណាំដដែលៗ ការមិនបានបន្ថែមជីសរីរាង្គ (ដូចជាជីកំប៉ុស្ត ឬលាមកសត្វ) និងការភ្ជួររាស់ខ្លាំងពេក អាចនាំឲ្យដីបាត់បង់គុណភាព។ នៅពេលសារធាតុសរីរាង្គថយចុះ ដីនឹងបាត់បង់សមត្ថភាពក្នុងការរក្សាសំណើម សមត្ថភាពក្នុងការរក្សាសារធាតុចិញ្ចឹម ហើយរចនាសម្ព័ន្ធដីក៏ចុះខ្សោយដែរ ដីងាយរឹង និងពិបាកសម្រាប់ឫសដំណាំលូតលាស់។

២. ការបាត់បង់ដោយសំណឹកដី
សំណឹកដីកើតឡើងដោយសារទឹកភ្លៀងខ្លាំង (ទឹកហូរនាំយកដីទៅ) ឬខ្យល់បក់ខ្លាំង ពិសេសលើដីដែលមិនមានការគ្របដណ្តប់ ដោយគ្មានដំណាំ ឬគម្របដី។ ស្រទាប់ដីលើ ជាស្រទាប់មានជីជាតិបំផុត និងសម្បូរដោយសារធាតុចិញ្ចឹម និងសារធាតុសរីរាង្គ។ បាត់បង់ស្រទាប់ដីនេះធ្វើឲ្យដីបាត់បង់គុណភាព។
៣. ដីរឹងខះ
ដីរឹងខះ កើតឡើងពីការប្រើប្រាស់គ្រឿងចក្រធ្ងន់ៗ ការភ្ជួររាស់នៅពេលដីសើមពេក និងការដើរជាន់ញឹកញាប់។ ដីរឹងខះធ្វើឲ្យរន្ធខ្យល់ និងប្រហោងទឹកថយចុះ។ ឫសដំណាំមិនអាចចាក់ចូលទៅក្នុងដីបានជ្រៅ ហើយទឹកក៏មិនអាចហូរចូលទៅក្នុងដីបានល្អដែរ ដែលបណ្តាលឲ្យដីលិចទឹកនៅរដូវភ្លៀង។
៤. ជាតិអាស៊ីត ឬជាតិប្រៃលើសកម្រិត
ដីអាស៊ីត (ដីជូរ) បណ្ដាកមកពីការប្រើប្រាស់ជីគីមីអាសូតមួយចំនួនច្រើនពេក និងអាចមកពីកត្តាភ្លៀងអាស៊ីតផងដែរ។
ចំណែកដីជាតិប្រៃ (ដីប្រៃ) បណ្ដាលមកពីការស្រោចស្រពដោយទឹកដែលមានជាតិប្រៃខ្ពស់ ឬការហួតទឹកលឿនដែលបន្សល់ទុកជាតិអំបិលលើផ្ទៃដី។
ផលប៉ះពាល់ពីបញ្ហានេះគឺកម្រិត pH មិនសមស្រប (អាស៊ីត ឬបាសខ្លាំង) ធ្វើឲ្យរុក្ខជាតិពិបាកស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ។
៥. ភាពគ្មានតុល្យភាពសារធាតុចិញ្ចឹម
បញ្ហានេះបង្កឡើងពីការប្រើប្រាស់ជីគីមីតែមួយមុខ (ឧទាហរណ៍ ប្រើតែជីអ៊ុយរ៉េ) ដោយមិនគិតពីតម្រូវការដីពិតប្រាកដ ឬការមិនប្រើជីសោះតែម្ដង។ នៅពេលដីខ្វះសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន (ដូចជាផូស្វ័រ ឬប៉ូតាស្យូម) ឬលើសសារធាតុចិញ្ចឹមខ្លះនាំឱ្យដំណាំលូតលាស់មិនពេញលេញ។
វិធីសាស្ត្រកែលម្អ និងដោះស្រាយបញ្ហាគុណភាពដី
កសិករអាចស្តារ និងរក្សាគុណភាពដីកសិកម្មរបស់ខ្លួនបានតាមរយៈការអនុវត្តជាក់ស្តែងដូចមួយចំនួនដូចខាងក្រោម។
១. បង្កើនសារធាតុសរីរាង្គ
- ប្រើជីសរីរាង្គ៖ ប្រើ ជីកំប៉ុស្ត ឬលាមកសត្វ ជាទៀងទាត់។
- ដាំដំណាំគម្របដី៖ ដាំដំណាំដូចជាពពួកសណ្តែក ចង្ក្រង់ស្វា ឬស្មៅមួយចំនួននៅចន្លោះរដូវដាំដុះ ហើយភ្ជួរលប់ចូលដីវិញ ដើម្បីបន្ថែមជីវម៉ាស និងសារធាតុសរីរាង្គ។
២. គ្រប់គ្រងសំណឹកដី
- ការគ្របដី៖ ប្រើចំបើង ស្លឹកឈើ ឬកាកសំណល់ដំណាំផ្សេងៗមកបាចគ្របលើផ្ទៃដីចន្លោះរុក្ខជាតិ ដើម្បីការពារដីពីការបោកបក់ដោយភ្លៀង ឬខ្យល់។
- ដាំរបាំងការពារ៖ ដាំដើមឈើតូចៗ ឬស្មៅនៅតាមព្រំដី។
៣. កាត់បន្ថយភាពរឹងខះរបស់ដី
- ការភ្ជួររាស់តិចតួច៖ ជៀសវាងការភ្ជួររាស់ញឹកញាប់ ឬជ្រៅពេក។
- ការដាំដុះដោយមិនភ្ជួរ៖ ជាបច្ចេកទេសដែលមិនភ្ជួររាស់ដីទាល់តែសោះ ជួយរក្សារចនាសម្ព័ន្ធធម្មជាតិរបស់ដី។
៤. កែតម្រូវដីអាស៊ីត/ប្រៃ
- ដីអាស៊ីត (pH ទាប)៖ ត្រូវបន្ថែម កំបោរកសិកម្មដើម្បីបង្កើនកម្រិត pH នៃដី។
- ដីប្រៃ៖ ត្រូវបង្ហូរទឹកចេញដីឲ្យបានល្អដើម្បីជួយលាងសម្អាតជាតិអំបិលចេញពីតំបន់ឫសដំណាំ។
៥. ដាំដំណាំបង្វិល
- ដាំដំណាំផ្សេងៗគ្នាឆ្លាស់គ្នាពីមួយឆ្នាំទៅមួយឆ្នាំ (ឧទាហរណ៍៖ ស្រូវទៅសណ្តែក រួចចាំទៅពោត)។ ការអនុវត្តនេះជួយ រក្សាតុល្យភាពសារធាតុចិញ្ចឹម និងការពារការរីករាលដាលនៃជំងឺក្នុងដី។
តាមរយៈការអនុវត្តន៍វិធីសាស្រ្តទាំងនេះ កសិករអាចស្តារ និងរក្សាបាននូវសុខភាពដីកសិកម្មប្រកបដោយនិរន្តរភាព ដែលនាំឱ្យទិន្នផលខ្ពស់ និងចំណាយទាបនាពេលអនាគត។
ចែករំលែកដោយ៖ ចាន់ តារា
ប្រភព៖ USDA
