More

    លាមកមាន់និងលាមកគោមានកំហាប់អាសូតខុសគ្នាមួយក្ដៅមួយត្រជាក់

    ការប្រើប្រាស់ជីកសិសរីរាង្គមានសារៈសំខាន់ណាស់ក្នុងការបង្កើនទិន្នផល និងរក្សាសុខភាពដី។ លាមកគោ និងលាមកមាន់ សុទ្ធតែជាប្រភពជីដ៏ល្អ ប៉ុន្តែពួកវាមានលក្ខណៈខុសគ្នាទាំងកំហាប់សារធាតុចិញ្ចឹម និងរបៀបប្រើប្រាស់។

    ១. ការប្រៀបធៀបកម្រិតអាសូត (N)

    លាមកមាន់ និងលាមកគោ ទាំងពីរផ្តល់នូវធាតុចិញ្ចឹមសំខាន់ៗដូចជា អាសូត (N) ផូស្វ័រ (P) និង ប៉ូតាស្យូម (K)។ ប៉ុន្តែបើប្រៀបធៀបគ្នា​ លាមកមាន់មានកំហាប់អាសូតខ្ពស់ជាងលាមកគោច្រើនដង។

    លាមកមាន់ មាន​កម្រិត​អាសូត​ចន្លោះពី​៣​%ទៅ​៦% ដែល​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ជី​ក្ដៅ ខណៈ​ជីលាមក​គោ​មាន​កម្រិត​អាសូត​ចន្លោះ​ពី​០,៥%ទៅ​២%​ ដែល​គេ​ឲ្យ​ឈ្មោះ​ម៉្យាងទៀត​ថា​ជា​ប្រភេទ​ជី​ត្រជាក់​។​

    - Advertisement -

    ទាំងនេះតួលេខប៉ាន់ស្មានជាមធ្យមនៃសារធាតុចិញ្ចឹមក្នុងលាមកស្ងួត ដែលយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Cornell (Cornell University, Cooperative Extension) និង សេវាស្រាវជ្រាវកសិកម្មអាមេរិក (USDA-ARS)។ កំហាប់ពិតប្រាកដអាស្រ័យលើរបបចំណីអាហាររបស់សត្វ និងវិធីស្តុកទុក។

    ហេតុផលលាមកមាន់មានអាសូតខ្ពស់ជាងលាមក​គោ

    មាន់បញ្ចេញលាមក និងទឹកនោមក្នុងល្បាយតែមួយ (អាស៊ីតយូរិច – Uric Acid) ខណៈគោបញ្ចេញដាច់ដោយឡែក។ សមាសធាតុអាសូតក្នុងលាមកមាន់ងាយបំបែកទៅជាអាម៉ូញ៉ាក់ដែលងាយស្រូបដោយរុក្ខជាតិ ប៉ុន្តែវាក៏ងាយបាត់បង់ និងបង្កហានិភ័យឆេះខ្លោច​ដំណាំផងដែរ​។

    ចំណែក​ចំណីរបស់មាន់វិញ​ក៏​មានប្រូតេអ៊ីនខ្ពស់ជាងចំណី​គោ​ (ដើម្បីផលិតស៊ុត) ដែលធ្វើឱ្យលាមករបស់វាក៏មានអាសូតខ្ពស់ទៅ​តាមនោះដែរ។

    ២. វិធីប្រើប្រាស់លាមកមាន់ឱ្យបានត្រឹមត្រូវ

    ដោយសារលាមកមាន់មានអាសូតខ្ពស់ វាត្រូវបានគេហៅថា “ជីក្តៅ” ដែលមានន័យថាវាអាចដុតបំផ្លាញឫស ឬស្លឹកដំណាំបានយ៉ាងងាយប្រសិនបើប្រើផ្ទាលនិងច្រើនពេក។

    មុន​ប្រើ​ត្រូវធ្វើជីកំប៉ុស្ត។ កសិករ​ត្រូវតែយកលាមកមាន់ទៅផ្អាប់ ឬធ្វើជាជីកំប៉ុស្ត៍ឱ្យបានរលួយទាំងស្រុង (រយៈពេល ៣ ទៅ ៦ ខែ) មុននឹងប្រើប្រាស់។ ការផ្អាប់ជួយបំបែកអាម៉ូញ៉ាក់ដែលពុលទៅជាទម្រង់អាសូតដែលដំណាំអាចស្រូបបាននិងសម្លាប់មេរោគ ឬគ្រាប់ស្មៅ។

    ចំពោះ​ការ​ប្រើ គឺប្រើបរិមាណតិចតួច។ យើង​ត្រូវប្រើក្នុងបរិមាណតិចតួចជាងលាមកគោ ហើយត្រូវលាយជាមួយដីឱ្យសព្វល្អ​មុននឹងប្រើ​សម្រាប់​ដាំដំណាំ។ កសិករ​យើង​គួរតែបាចលាមករលួយនេះនៅលើដី ២ ទៅ ៣ សប្តាហ៍ មុនពេលចាប់ផ្តើមដាំដំណាំ ឬដាំកូនដំណាំ​។

    ៣. វិធីប្រើប្រាស់លាមកគោឱ្យបានត្រឹមត្រូវ

    លាមកគោជា “ជីត្រជាក់” ដែលផ្តល់សារធាតុចិញ្ចឹមក្នុងកម្រិតទាប ប៉ុន្តែវាផ្តល់សារធាតុសរីរាង្គ​បានច្រើន​ដែលជួយកែលម្អរចនាសម្ព័ន្ធដី និងរក្សាសំណើមបានយ៉ាងល្អ។

    ទោះបីជា “ជីត្រជាក់” ក៏ដោយ ក៏ការផ្អាប់ជាកំប៉ុស្ដ​ឱ្យរលួយ (Aging/Composting) នៅតែជាការអនុវត្តន៍ល្អបំផុត ដើម្បីធានាថាគ្រាប់ស្មៅត្រូវបានសម្លាប់ ហើយអាសូតដែលនៅសល់មាន​ស្ថិរភាព។ កសិករអាចប្រើប្រាស់លាមកគោរលួយក្នុងបរិមាណច្រើន (ខ្ពស់ជាងលាមកមាន់) ដើម្បីកែលម្អរចនាសម្ព័ន្ធដី ដោយមិនបារម្ភពីការឆេះដំណាំខ្លាំងដូចលាមកមាន់ទេ។

    ពេល​ប្រើ​ប្រាស់​យើង​​អាចលាយបញ្ចូលគ្នាជាមួយដីដាំដុះ ឬប្រើដាក់​ជុំវិញគល់ដំណាំ ដើម្បីរក្សាសំណើម និងផ្តល់សារធាតុចិញ្ចឹមយឺតៗ។

    ជា​រួម​ដើម្បីឱ្យដំណាំលូតលាស់បានល្អកសិករគួរ៖

    • លាមកមាន់: ប្រើជាប្រភពអាសូតដ៏មានប្រសិទ្ធភាព និងត្រូវផ្អាប់ជាចាំបាច់ ហើយប្រើក្នុងកម្រិតប្រុង​ប្រយ័ត្ន។
    • លាមកគោ: ប្រើជាប្រភពសារធាតុសរីរាង្គសំខាន់ដើម្បីកែលម្អរចនាសម្ព័ន្ធដី និងផ្តល់សារធាតុចិញ្ចឹមរយៈពេល​យូរ។

    ការអនុវត្តន៍ល្អបំផុតគឺការផ្សំបញ្ចូលគ្នារវាងលាមកទាំងពីរប្រភេទនេះ (បន្ទាប់ពីបានផ្អាប់រួច) ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញទាំងអាសូតខ្ពស់ និងការកែលម្អរចនាសម្ព័ន្ធដី។

    អត្ថបទដោយ៖ ចាន់ តារា
    ប្រភព៖ ​FAO