More

    បច្ចេកទេសដាក់ជីនិងការប្រមូលផលលើដំណាំពោត

    ដំណាំពោតគឺជាដំណាំដែលត្រូវការសារធាតុចិញ្ចឹមខ្ពស់ និងរហ័ស។ ការយល់ដឹងពីពេលវេលាត្រឹមត្រូវក្នុងការដាក់ជី មិនត្រឹមតែជួយឱ្យពោតលូតលាស់ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយឥតប្រយោជន៍របស់កសិករទៀតផង។

    ១. តើគួរដាក់ជីបន្ថែមនៅពេលពោតអាយុ ៦០ ថ្ងៃឡើងទៅដែរឬទេ?

    ចម្លើយខ្លីគឺ ជាទូទៅមិនគួរដាក់ជីថែមទេ ពិសេស​គឺ​ជីអាសូត (N) ប្រសិនបើពោត​ដែល​យើង​ដាំ​មានអាយុលើសពី ៦០ ថ្ងៃ ពិសេស​សំពោះ​ដំណាំពោត​សម្រាប់ពោត​ផ្អែម​ដែល​មាន​អាយុ​ប្រមូល​ផល​ចន្លោះពី​៦៥​ថ្ងៃទៅ​៧៥​ថ្ងៃ​​បន្ទាប់ពី​ដាំ​។

    ហេតុអ្វី?

    - Advertisement -
    • ដំណាក់កាលបន្តពូជ៖ នៅអាយុប្រហែល ៥៥-៦០ ថ្ងៃ ពោតភាគច្រើនចាប់ផ្តើមចេញផ្កាឈ្មោល (Tasseling) និងចេញសក់​។ នេះគឺជាដំណាក់កាលបន្តពូជ។
    • ប្រសិទ្ធភាពទាប: យោងតាម មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កែលម្អពោត និងស្រូវសាលី (CIMMYT) និង អង្គការ FAO ការដាក់ជីអាសូតនៅដំណាក់កាលចុងក្រោយនេះ មិនសូវផ្តល់ផលចំណេញដល់ទិន្នផលគ្រាប់ឡើយ។ រុក្ខជាតិបានកំណត់ចំនួនជួរ និងចំនួនគ្រាប់រួចរាល់ហើយ តាំងពីដំណាក់កាលលូតលាស់ស្លឹក។
    • ការខ្ជះខ្ជាយ៖ ការដាក់ជីយឺតពេល ធ្វើឱ្យរុក្ខជាតិស្រូបយកមិនទាន់ ដែលនាំឱ្យជីហួតទៅក្នុងអាកាស ឬហូរច្រោះបាត់បង់តាមទឹកភ្លៀង។

    ករណីលើកលែង៖ គេអាចដាក់ជីប៉ូតាស្យូម (K) តិចតួច ប្រសិនបើដីខ្វះខាតខ្លាំង ដើម្បីជួយឱ្យគ្រាប់ពេញទម្ងន់ ប៉ុន្តែត្រូវធ្វើឡើងមុនពេលពោតចេញផ្កា។

    ២. ដំណាក់កាលដាក់ជីលើដំណាំពោតឱ្យត្រឹមត្រូវតាមបច្ចេកទេស

    យោងតាមបច្ចេកទេសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទការដាក់ជីគួរធ្វើឡើងជា ៣ ដំណាក់កាលសំខាន់ៗ៖

    • ដំណាក់កាលដាក់ជីទ្រាប់បាត៖ គឺពេល​រៀបចំដី​សម្រាប់​ដាំ​ពោត។ កសិករ​យើង​អាច​ប្រើ​ជីកំប៉ុស្តបូកជី NPK (សង្កត់ធ្ងន់លើ P និង K) ដើម្បីជួយដល់ការដុះឫស និងដើមដំបូង។
    • ដំណាក់​កាល់​ដាក់​ជីបំប៉នលើកទី១៖ គឺ​ចន្លោះ​ពី​១៥ – ២៥ ថ្ងៃ​ក្រោយ​ដាំ​។ កសិករ​ត្រូវ​ប្រើ​ជីអាសូត (អ៊ុយរ៉េ) ដើម្បីជំរុញការលូតលាស់ស្លឹក និងកម្ពស់​ដើម។
    • ដំណាក់កាលដាក់​ជីបំប៉នលើកទី២៖ គឺ​ចន្លោះពី​​៤៥ – ៥០ ថ្ងៃក្រោយ​ដាំ​។ កសិករ​យើង​ត្រូវ​ប្រើ​ ជីអាសូត (អ៊ុយរ៉េ)បូក​ប៉ូតាស្យូម។ នេះជាវគ្គសំខាន់បំផុត ព្រោះជាពេលដែលពោតជិតចេញផ្កា និងត្រូវការថាមពលខ្លាំងបំផុត។

    ៣. អាយុដែលត្រូវប្រមូលផល

    ពេលវេលាប្រមូលផលអាស្រ័យទៅលើប្រភេទពោតដែលយើង​ដាំ៖

    • ពោតផ្អែម
      • ប្រមូលផលនៅអាយុ ៦៥ – ៧៥ ថ្ងៃ។
      • សម្គាល់៖ អាច​ប្រមូល​ផល​នៅពេលសក់ពោតចាប់ផ្តើមឡើងពណ៌ក្រមៅ ហើយគ្រាប់ពោតនៅខាងក្នុងមានជាតិទឹកដោះ។
    • ពោតក្រហម
      • ប្រមូលផលនៅអាយុ ១០០ – ១១០ ថ្ងៃ (អាស្រ័យតាមពូជ)។
      • សម្គាល់៖ ប្រមូល​ផល​នៅពេលស្លឹក និងសម្បកពោតឡើងពណ៌ចំបើងស្ងួត ហើយគ្រាប់ពោតឡើងរឹង មានស្នាមខ្មៅនៅគល់គ្រាប់ ដែល​បញ្ជាក់ថាវាឈប់ស្រូបយកជាតិទឹកហើយ។

    គន្លឹះបន្ថែម

    ការដាក់ជីត្រូវធ្វើឡើងនៅពេលដីមានសំណើម (ក្រោយភ្លៀង ឬក្រោយស្រោចទឹក) ដើម្បីឱ្យជីរលាយ និងជ្រាបចូលទៅដល់ឫស។ ប្រសិនបើដាក់ជីលើដីស្ងួត ជីនឹងហួតបាត់បង់អស់រហូតដល់ ៥០%។

    រូបមន្តលាយជី N-P-K សម្រាប់ពោត (ផ្ទៃដី ១ ហិកតា)

    រូបមន្តនេះផ្អែកលើការប្រើប្រាស់ជីដែលសម្បូរលើទីផ្សារគឺ៖ ដីអាអាប៉េ (DAP: 18-46-0), អ៊ុយរ៉េ (Urea: 46-0-0) និង ប៉ូតាស្យូម (KCl: 0-0-60)។

    ១. សម្រាប់ដីល្បាប់ ឬដីក្រហម (ដីមានជីជាតិបង្គួរ)

    ដីប្រភេទនេះរក្សាសារធាតុចិញ្ចឹមបានល្អ។

    • ជីទ្រាប់បាត: DAP (៥០-១០០ គីឡូក្រាម) + ជីកំប៉ុស្ត (៥-១០ តោន)។
    • បំប៉នលើកទី១ (២០-២៥ ថ្ងៃ): អ៊ុយរ៉េ (១០០ គីឡូក្រាម)។
    • បំប៉នលើកទី២ (៤៥-៥០ ថ្ងៃ): អ៊ុយរ៉េ (១០០ គីឡូក្រាម) + ប៉ូតាស្យូម (៥០ គីឡូក្រាម)។

    ២. សម្រាប់ដីខ្សាច់ (ដីឆាប់ហូរច្រោះសារធាតុចិញ្ចឹម)

    ដីប្រភេទនេះត្រូវការការបែងចែកការដាក់ជីឱ្យបានច្រើនដង ដើម្បីកុំឱ្យខ្ជះខ្ជាយ។

    • ជីទ្រាប់បាត: DAP (១០០ គីឡូក្រាម) + ជីកំប៉ុស្ត (១០-១៥ តោន) + ធ្យូងជីវ (ដើម្បីជួយរក្សាជី)។
    • បំប៉នលើកទី១ (១៥-២០ ថ្ងៃ): អ៊ុយរ៉េ (៧៥ គីឡូក្រាម)។
    • បំប៉នលើកទី២ (៣៥-៤០ ថ្ងៃ): អ៊ុយរ៉េ (៧៥ គីឡូក្រាម) + ប៉ូតាស្យូម (៤០ គីឡូក្រាម)។
    • បំប៉នលើកទី៣ (៥០-៥៥ ថ្ងៃ – មុនចេញផ្កា): អ៊ុយរ៉េ (៥០ គីឡូក្រាម) + ប៉ូតាស្យូម (៤០ គីឡូក្រាម)។

    ចំណុចត្រូវចងចាំក្នុងពេលដាក់ជី

    1. ជម្រៅនៃការដាក់ជី៖ គួរកប់ជីចម្ងាយប្រហែល ៥-១០ សង់ទីម៉ែត្រ ពីគល់ពោត និងជម្រៅប្រហែល ៥ សង់ទីម៉ែត្រ ក្នុងដី រួចលុបដីវិញ ដើម្បីការពារការហួតជាតិអាសូតទៅក្នុង​បរិយា កាស។
    2. កង្វះជាតិស័ង្កសី៖ ពោតជារឿយៗជួបបញ្ហាខ្វះជាតិស័ង្កសី (ស្លឹកឡើងឆ្នូតសចន្លោះទ្រនុងស្លឹក) ។ ប្រសិនបើដីខ្សាច់ខ្លាំង យើង​អាចបាញ់បន្ថែមជីស្លឹកដែលមានជាតិស័ង្កសីនៅអាយុ ២០-៣០ ថ្ងៃ។
    3. ទឹក៖ ប្រសិនបើគ្មានភ្លៀង ហើយដីស្ងួតខ្លាំង មិនត្រូវដាក់ជីឡើយ។ រុក្ខជាតិមិនអាចបឺតស្រូបជីបានទេ ហើយជីគីមីអាចនឹង “ឆេះ” ឫសពោតថែមទៀត។

    ដោយ៖ ទូច សុខា
    ប្រភព៖ ឯកសារក្រសួង​កសិកម្ម /Hebei Sanyuanjiuqi Fertilizer