ការគ្រប់គ្រងសត្វល្អិតចង្រៃតាមបែបចម្រុះជាអ្វី?

ការគ្រប់គ្រងសត្វល្អិតចង្រៃតាមបែបចម្រុះ (Integrated Pest Management – IPM) គឺជាវិធានការកសិកម្មសម័យថ្មី ដែលផ្តោតលើការកម្ចាត់សត្វល្អិតដោយប្រើប្រាស់វិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់បំផុត ចំណាយតិច និងមានសុវត្ថិភាពបំផុតដល់បរិស្ថាន។ ជំនួសឱ្យការប្រើតែថ្នាំគីមីមួយមុខ IPM រួមបញ្ចូលគ្នានូវបច្ចេកទេសជាច្រើនដើម្បីកាត់បន្ថយការបំផ្លាញរបស់សត្វល្អិត ខណៈពេលដែលរក្សាសុខភាពដី និងតុល្យភាពធម្មជាតិ។

យោងតាម អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) IPM គឺជាការត្រួតពិនិត្យដោយយកចិត្តទុកដាក់លើគ្រប់បច្ចេកទេសដែលមាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃសត្វល្អិតចង្រៃ និងរក្សាការប្រើប្រាស់ថ្នាំកសិកម្មឱ្យស្ថិតក្នុងកម្រិតសមស្របដែលមិនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។

 ហេតុអ្វីបានជា IPM មានសារៈសំខាន់?

  • សន្សំថវិកា៖ កាត់បន្ថយការចំណាយច្រើនហួសហេតុលើថ្នាំគីមី។
  • ការពារសត្វល្អិតមានប្រយោជន៍៖ រក្សាសត្វដូចជា ឃ្មុំ (ជួយបង្កាត់កេសរ) និង សត្វអណ្ដើកមាស ដែលជាសត្រូវធម្មជាតិរបស់សត្វល្អិតចង្រៃ។
  • ទប់ស្កាត់ការស៊ាំនឹងថ្នាំ៖ ការបាញ់ថ្នាំដដែលៗធ្វើឱ្យសត្វល្អិតកាន់តែខ្លាំង និងមិនងាយងាប់។
  • ផលិតផលមានសុវត្ថិភាព៖ ផ្តល់នូវកសិផលដែលគ្មានជាតិពុល សម្រាប់អ្នកបរិភោគ និងមានតម្លៃខ្ពស់លើទីផ្សារ។

សមាសធាតុសំខាន់ៗទាំង ៦ នៃវិធានការ IPM

ដើម្បីអនុវត្ត IPM ឱ្យទទួលបានជោគជ័យ បងប្អូនកសិករត្រូវអនុវត្តតាមលំដាប់លំដោយដូចខាងក្រោម៖

១. ការតាមដាន និងការពិនិត្យ

កសិករត្រូវចុះពិនិត្យស្រែចម្ការជាប្រចាំ ដើម្បីមើលវត្តមានសត្វល្អិត ពងដង្កូវ ឬការខូចខាតលើស្លឹក។ ការដឹងមុន ជួយឱ្យយើងដោះស្រាយបានទាន់ពេលមុនពេលសត្វល្អិតរីករាលដាលខ្លាំង​។

២. ការបង្ការ

  • ជ្រើសរើសពូជធន់៖ ឧទាហរណ៍ ជ្រើសរើសពូជពោតដែលធន់នឹងដង្កូវហ្វូងប្រភេទថ្មី។
  • ការដាំដុះបង្វិល៖ ដាំដំណាំផ្សេងៗគ្នាឆ្លាស់គ្នា ដើម្បីកាត់ផ្តាច់វដ្តជីវិតសត្វល្អិត។
  • អនាម័យចម្ការ៖ បោសសម្អាតស្មៅ និងសំណល់ដំណាំចាស់ៗដែលជាជម្រកសត្វល្អិត។

៣. ការគ្រប់គ្រងតាមបែបជីវសាស្ត្រ

ប្រើប្រាស់ សត្រូវធម្មជាតិ ដើម្បីកម្ចាត់សត្វល្អិតចង្រៃ៖

  • លើកទឹកចិត្តឱ្យមានវត្តមានសត្វអណ្ដើកមាស កង្កែប ដែលស៊ីស៊ុតដង្កូវ ឬស៊ីសត្វល្អិត​ចង្រៃផ្សេងទៀត​។
  • ដាំផ្កា ឬទុក​ផ្កាស្មៅនៅជុំវិញចម្ការ ដើម្បីទាក់ទាញសត្វល្អិតមានប្រយោជន៍។

៤. វិធីសាស្ត្រក្សេត្រវិជ្ជា

  • ការដាំចម្រុះ៖ ឧទាហរណ៍ ដាំពោតលាយជាមួយសណ្តែក ដើម្បីកាត់បន្ថយការរីករាលដាលនៃសត្វល្អិតពីដើមមួយទៅមួយ។
  • ពេលវេលាដាំដុះ៖ ដាំឱ្យបានមុនកំណត់​ដើម្បីជៀសវាងរដូវដែលសត្វល្អិតកើនឡើងខ្លាំង។
  • សុខភាពដី៖ ការប្រើដំណាំគម្របដី (ដូចជា ចង្ក្រង់ស្វា) ជួយឱ្យដំណាំរឹងមាំ និងមានភាពស៊ាំនឹងសត្វល្អិត។

៥. វិធានការមេកានិក

  • ប្រើការចាប់ដោយដៃ ប្រសិនបើសត្វល្អិតមានតិចតួច។
  • ប្រើអន្ទាក់ភីរ៉ូម៉ូន សម្រាប់ទាក់ទាញដង្កូវហ្វូង ឬអន្ទាក់ស្អិតសម្រាប់រុយចង្រៃក្នុងចម្ការឈើហូបផ្លែ។

៦. វិធានការគីមី (ជម្រើសចុងក្រោយ)

ប្រើប្រាស់ថ្នាំគីមីតែនៅពេលដែលវិធីសាស្ត្រផ្សេងៗខាងលើមិនអាចគ្រប់គ្រងបាន និងនៅពេលសត្វល្អិតបំផ្លាញដល់កម្រិតសេដ្ឋកិច្ច។

  • ជ្រើសរើសថ្នាំដែលត្រូវបានណែនាំដោយក្រសួងកសិកម្ម។
  • គោរពតាមការណែនាំលើស្លាកសញ្ញា កម្រិតប្រើប្រាស់ និងរយៈពេលរង់ចាំមុនប្រមូលផល។
  • ប្តូរក្រុមថ្នាំជានិច្ច ដើម្បីការពារកុំឱ្យសត្វល្អិតស៊ាំនឹងថ្នាំ។

អត្ថប្រយោជន៍

ការអនុវត្ត IPM មិនត្រឹមតែជួយការពារដំណាំរបស់កសិករ​យើង​ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការធ្វើកសិកម្មប្រកបដោយមនសិការ ការពារសុខភាពខ្លួនឯង អ្នកហូបចុក និងរក្សាដីកសិកម្មឱ្យមានជីវិតសម្រាប់កូនចៅជំនាន់ក្រោយ។

ដោយ៖ ទូច សុខា
ប្រភព៖ EPA / Indian Institute of Management