More

    ជំងឺអាសន្នរោគមាន់ជាឃាតករលាក់មុខក្នុងកសិដ្ឋាន

    ជំងឺមាន់មានច្រើនប្រភេទ ហើយជំងឺអាសន្នរោគមាន់គឺជាជំងឺឆ្លងដ៏កាចសាហាវមួយ បង្កឡើងដោយបាក់តេរីឈ្មោះថា Pasteurella multocida។ វាអាចកើតឡើងលើបក្សីគ្រប់ប្រភេទ ជាពិសេសមាន់ និងទាដែលមានអាយុលើសពី ៦សប្ដាហ៍។

    ១. មូលហេតុបង្ក និងការឆ្លងរាលដាល

    • ភ្នាក់ងារបង្ក៖ បាក់តេរី Pasteurella multocida ដែលអាចរស់នៅក្នុងមជ្ឈដ្ឋានសើម និងត្រជាក់បានយូរ។
    • ប្រភពចម្លង៖ ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយបក្សីឈឺ សត្វព្រៃ (ចាប ក្អែក) ឬតាមរយៈ សត្វកកេរ (កណ្ដុរ) ដែលជាភ្នាក់ងារចម្លងដ៏សំខាន់បំផុត។
    • ការចម្លង៖ តាមរយៈការស៊ីចំណី ឬផឹកទឹកដែលមានមេរោគ និងការដកដង្ហើមចូលនូវធូលីដីដែលមានមេរោគ។

    ២. រោគសញ្ញាសំខាន់ៗ

    ជំងឺនេះចែកចេញជា ២ ទម្រង់៖

    • ទម្រង់ស្រួចស្រាល់
      • មាន់/ទាងាប់ភ្លាមៗ (ងាប់ទាំងនៅស្រស់ មិនទាន់ឃើញចេញរោគសញ្ញា)។
      • សិរមាន់ ប្រែជាពណ៌ ស្វាយ ឬខៀវ។
      • រាកពណ៌បៃតង និងមានសំបោរខាប់ហៀរចេញពីមាត់ ឬច្រមុះ។
    • ទម្រង់រ៉ាំរ៉ៃ
      • មាន់វង្វេងវង្វាន់ ឬថ្លោះសរសៃក(Torticollis)។

    ៣. ហានិភ័យនៃការខាតបង់បើទប់ស្កាត់មិនទាន់ពេល

    ប្រសិនបើមិនមានវិធានការទប់ស្កាត់ទេ កសិករនឹងជួបគ្រោះថ្នាក់ដូចជា៖

    • អត្រាងាប់ខ្ពស់៖ អាចឈានដល់ ១០០% នៃហ្វូងមាន់ក្នុងរយៈពេលខ្លីបំផុត។
    • ការខាតបង់ដើមទុន៖ បាត់បង់ប្រាក់ចំណាយលើកូនពូជ ចំណី និងវ៉ាក់សាំងដែលបានវិនិយោគ​។
    • ការចម្លងរ៉ាំរ៉ៃ៖ មាន់ដែលជាសះស្បើយនឹងក្លាយជា «សត្វផ្ទុកមេរោគ» ដែលចាំចម្លងទៅហ្វូងក្រោយៗទៀតមិនចេះចប់។

    ៤. វិធីការពារ និងបង្ការ

    យោងតាម MSD Manual និងអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្មសត្វ វិធានការដែលមានប្រសិទ្ធភាពបំផុតគឺ៖

    1. ការចាក់វ៉ាក់សាំង៖ ត្រូវចាក់វ៉ាក់សាំងការពារអាសន្នរោគឱ្យបានទៀងទាត់ (ជាទូទៅនៅអាយុ ៦-៨ សប្ដាហ៍ និងចាក់ឡើងវិញរៀងរាល់ ៦ ខែម្ដង)។
    2. ការកម្ចាត់សត្វកកេរ៖ ត្រូវមានវិធានការកម្ចាត់កណ្ដុរក្នុងកសិដ្ឋានឱ្យខានតែបាន ព្រោះកណ្ដុរគឺជាអ្នកនាំមេរោគនេះមកឱ្យមាន់។
    3. អនាម័យជីវសុវត្ថិភាព៖
      1. បាញ់ថ្នាំសម្លាប់មេរោគក្នុងទ្រុង និងសម្ភារៈប្រើប្រាស់ជាប្រចាំ។
      1. ហាមបក្សីព្រៃចូលក្នុងទ្រុងមាន់។

    ៥. ការព្យាបាល

    • ប្រើថ្នាំផ្សះ៖ បាក់តេរីនេះអាចព្យាបាលបានដោយប្រើថ្នាំក្រុម Tetracycline, Sulfonamides ឬ Penicillin តាមការណែនាំរបស់ពេទ្យសត្វ។
    • ចំណាំ៖ ទោះបីព្យាបាលជា ក៏មេរោគអាចនៅមានក្នុងខ្លួនមាន់ដែរ។ ដូច្នេះ ការកម្ចាត់មាន់ដែលសេសសល់ និងការសម្លាប់មេរោគក្នុងទ្រុងឱ្យបានហ្មត់ចត់ គឺជាជម្រើសល្អបំផុតដើម្បីផ្ដាច់ពូជមេរោគ។

    ដោយ៖ ទូច សុខា
    ប្រភព៖ MSD Veterinary Manual / ACIAR