More

    វិធានការសំខាន់ៗត្រូវធ្វើ​ពេល​ដឹង​ថាគោ​ក្របី​កើត​ជំងឺ​ឈាមខ្មៅ

    ក្នុងករណីដែលបងប្អូនសង្ស័យថាមានសត្វគោ ក្របី ងាប់ដោយសារ «ជំងឺឈាមខ្មៅ» (Anthrax) បងប្អូនត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះវាជាជំងឺឆ្លងសាហាវដែលប៉ះពាល់ដល់ជីវិតមនុស្ស។

    យោងតាមការណែនាំបច្ចេកទេសពី អង្គការសុខភាពពិភពលោក (WHO) អង្គការ FAO និង អគ្គនាយកដ្ឋានសុខភាពសត្វ (GDAHP) នេះគឺជាវិធានការសុវត្ថិភាពទាំង ៧ យ៉ាងដែលបងប្អូនត្រូវអនុវត្ត​ដើម្បី​សុវត្ថិភាព​។​

    ១. ហាមវះកាត់ ឬពន្លះសាច់សត្វដាច់ខាត

    នេះគឺជាចំណុចសំខាន់បំផុត។ នៅពេលបងប្អូនវះកាត់សាកសពសត្វដែលផ្ទុកមេរោគឈាមខ្មៅ មេរោគនោះនឹងប៉ះជាមួយខ្យល់អាកាស ហើយប្រែខ្លួនទៅជា «ស្ប៉» (Spores) ដែលមានសំបកការពារយ៉ាងរឹងមាំ។ ស្ប៉ទាំងនេះអាចរស់នៅក្នុងដីបានរាប់សិបឆ្នាំ និងធន់នឹងកម្ដៅថ្ងៃខ្លាំង។ ស្ប៉ គឺ​ជា​សរីរាង្គ​បន្តពូជឯកកោសិកា ឬពហុកោសិ​របស់​ពពួក​ផ្សិត ឬបាក់តេរី​។​

    ២. បិទខ្ទប់បរិវេណសត្វងាប់

    កសិករ​ត្រូវព័ទ្ធរបង ឬប្រើខ្សែចងបិទតំបន់ដែលសត្វងាប់ ដើម្បីការពារកុំឱ្យសត្វឯទៀត មនុស្ស ឬសត្វចិញ្ចឹម (ឆ្កែ ឆ្មា) ចូលទៅជិត ឬប៉ះពាល់ឈាមដែលហូរចេញពីសាកសព។

    ៣. រាយការណ៍ទៅភ្នាក់ងារពេទ្យសត្វជាបន្ទាន់

    បើ​បង​ប្អូន​ជួប​បញ្ហា​នេះ ត្រូវទាក់ទងទៅភ្នាក់ងារសុខភាពសត្វភូមិ ឬមន្ត្រីកសិកម្មភ្លាមៗ ដើម្បីឱ្យពួកគាត់ចុះមកពិនិត្យ និងយកសំណាកដោយប្រើបច្ចេកទេសត្រឹមត្រូវ។ ហាមដោះស្រាយដោយខ្លួនឯងដោយគ្មានការការពារ។

    ៤. ការកប់សាកសពតាមបច្ចេកទេស

    ប្រសិនបើពេទ្យសត្វណែនាំឱ្យកប់ បងប្អូនត្រូវអនុវត្តដូចខាងក្រោម៖

    • ជីករណ្ដៅឱ្យបានជម្រៅយ៉ាងតិច ២ ម៉ែត្រ។
    • បាចកំបោរស (Lime) ឱ្យក្រាស់នៅបាតរណ្ដៅ និងពីលើសាកសព។
    • ហាមអូសសាកសពសត្វទៅឆ្ងាយ (បើអាច ត្រូវកប់នៅកន្លែងដែលវាងាប់តែម្ដង) ដើម្បីការពារការសាយភាយមេរោគតាមផ្លូវ។

    ៥. ហាមបរិភោគ ឬលក់សាច់សត្វងាប់

    ដាច់ខាត ហាមយកសាច់សត្វដែលងាប់ដោយមិនដឹងមូលហេតុមកធ្វើជាអាហារ ឬលក់បន្ត ទោះបីជាចម្អិនឆ្អិនយ៉ាងណាក៏ដោយ ព្រោះ «ស្ប៉» នៃជំងឺឈាមខ្មៅមិនងាយងាប់ដោយសារកម្ដៅដាំស្លធម្មតានោះទេ។

    ៦. ការសម្លាប់មេរោគក្នុងបរិវេណជុំវិញ

    កន្លែងដែលសត្វងាប់ និងឈាមដែលហូរចេញមក ត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យ​បាន​ត្រឹម​ត្រូវ ឬបាចកំបោរសឱ្យបានក្រាស់។ សម្ភារៈដែលបានប៉ះពាល់សាកសព (កាំបិត ខ្សែ ចបកាប់) ត្រូវត្រាំថ្នាំសម្លាប់មេរោគ ឬដុតសម្លាប់មេរោគឱ្យបានហ្មត់ចត់។

    ៧. អនាម័យ និងការតាមដានសុខភាពមនុស្ស

    ប្រសិនបើបងប្អូនជ្រុលជាបានប៉ះពាល់សាកសព ឬឈាមសត្វដោយអចេតនា៖

    • ត្រូវលាងដៃ និងងូតទឹកសម្អាតខ្លួនជាមួយសាប៊ូឱ្យបានស្អាតភ្លាមៗ។
    • ប្រសិនបើមានចេញរោគសញ្ញាដូចជា ដំបៅខ្មៅលើស្បែក (មិនឈឺតែរមាស់) ក្ដៅខ្លួន ឬពិបាកដកដង្ហើម ត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យថាបងប្អូនបានប៉ះពាល់សត្វងាប់។

    «ជំងឺឈាមខ្មៅ» គឺជាជំងឺឆ្លងពីសត្វទៅមនុស្ស (Zoonosis) ដែលបង្កគ្រោះថ្នាក់បំផុតដល់សហគមន៍​កសិកម្ម។ ការលាក់បាំងសត្វឈឺ ឬការយកសត្វងាប់មកបរិភោគ គឺជាការប្រថុយនឹងអាយុជីវិតគ្រួសារទាំងមូល។

    ក្នុងនាមជាកសិករវៃឆ្លាត កាលណាឃើញសត្វងាប់មានឈាមខ្មៅហូរតាមមាត់ ឬច្រមុះ ត្រូវចាំ ថា៖ «កុំប៉ះ កុំវះ កុំបរិភោគ ត្រូវកប់ឱ្យជ្រៅ និងរាយការណ៍ភ្លាមៗ»។ ការពារ​គោរបស់​បងប្អូន​ពី​ជំងឺ​នេះ​ដោយ​ចាក់វ៉ា់សាំងបង្ការ​

    ដោយ៖ ចាន់ តារា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម /MSD Vet Manual