ជំងឺសាទឹក គឺជាជំងឺឆ្លងដ៏សាហាវមួយ ក្នុងចំណោមជំងឺឆ្លងនានាដែលកើតមានលើសត្វចិញ្ចឹម ។ ជំងឺនេះបង្កឡើងដោយបាក់តេរីមួយប្រភេទឈ្មោះ ប៉ាស្ទ័ររេឡាមុលតូស៊ីដា (Pasteurellamultocida) ដែលមានរាងជាកូនដំបងខ្លី មិនមានចលនា និងមិនបង្កើតស្ប៉។ ស្ប៉ គឺជាសរីរាង្គបន្តពូជឯកកោសិកា ឬពហុកោសិរបស់ពពួកផ្សិត ឬបាក់តេរី។ ជំងឺនេះអាចការពារបានដោយចាក់វ៉ាក់សាំង។
ជំងឺសារទឹកអាចកើតមានលើសត្វគ្រប់ប្រភេទ ដូចជា គោ ក្របី ចៀម ពពែ ជ្រូក ជាដើម។ ជំងឺនេះបណ្តាលឱ្យមានការរលាក និងជាំឈាមនៅតាមសរីរាង្គខាងក្នុងរបស់សត្វ ជាពិសេសប្រដាប់ដកដង្ហើម និងប្រដាប់រំលាយអាហារ។ ជំងឺសាទឹកកើតឡើងរៀងរាល់ឆ្នាំ ហើយច្រើនកើតនៅរដូវភ្លៀងធ្លាក់ ដែលអាចបណ្តាលឱ្យគោ និងក្របីងាប់យ៉ាងឆាប់រហ័ស។

ការរាលដាលនៃជំងឺសារទឹក
ជំងឺសារទឹកលើគោ–ក្របី អាចឆ្លងពីសត្វមួយទៅសត្វមួយទៀត តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ឬតាមរយៈភ្នាក់ងារចម្លងជំងឺផ្សេងៗ។ ការឆ្លងអាចកើតឡើងតាមរយៈការស៊ីស្មៅ ឬរុក្ខជាតិដែលមានមេរោគនៅកន្លែងមានផ្ទះជំងឺ ក៏ដូចជាតាមរយៈការឆ្លងមិនផ្ទាល់ ដូចជាពពួកប៉ារ៉ាស៊ីត។
សត្វដែលទើបកើតមានភាពងាយរងជំងឺនេះជាងគេ ហើយជំងឺនេះអាចរាតត្បាតបានយ៉ាងឆាប់រហ័ស នៅពេលអាកាសធាតុប្រែប្រួល ជាពិសេសក្នុងរដូវភ្លៀង។
ជាញឹកញាប់ គេអាចពិនិត្យឃើញការឆ្លងជំងឺតាមរយៈ៖
- ការស៊ីចំណី ឬផឹកទឹករួមជាមួយសត្វឈឺ
- សាកសពសត្វដែលងាប់ដោយជំងឺសារទឹក ដែលជាប្រភពចម្លងមេរោគ
- ដីជុំវិញកន្លែងវះកាត់សាកសព ដែលអាចក្លាយជាកន្លែងផ្ទុកមេរោគ
រោគសញ្ញានៃជំងឺសារទឹក
រយៈពេលមេរោគសម្ងំមានប្រហែលពី ២ ទៅ ៥ ថ្ងៃ។ បន្ទាប់មក សត្វនឹងបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅខ្លាំង កម្លាំងចុះខ្សោយ ស្គមយ៉ាងឆាប់រហ័ស និងមានស្នាមជាំឈាមនៅតាមស្រទាប់ភ្នាសស្តើងនៃសរីរាង្គខាងក្នុង។
ជាទូទៅ គោ និងក្របីនឹងមានអាការៈហើមនៅជុំវិញក ហើយការហើមអាចរាលដាលដល់ស្មាមុខ។ កន្លែងហើមមានសភាពក្តៅ ទន់ជ្រាយ អណ្តាតអាចហើម និងធ្លាក់ចេញមកក្រៅ។ ភ្នែកឡើងហើម និងរលាកនៅតាមត្របកភ្នែកខាងក្នុង។ សត្វអាចហើមពោះ រាកឈាមលាយជាមួយរំអិល មានសំបោរ រលាកសួត និងដង្ហើមដើរញាប់។
ក្នុងករណីធ្ងន់ធ្ងរ សត្វអាចងាប់ក្នុងរយៈពេលត្រឹមតែ ៦ ទៅ ២៤ ម៉ោង បន្ទាប់ពីបង្ហាញរោគសញ្ញា ហើយអាចឃើញស្នាមជាំឈាមនៅស្រទាប់សាច់ខាងក្នុងនៃក។
វិធានការការពារ និងគ្រប់គ្រងជំងឺ
នៅពេលមានការសង្ស័យ ឬរកឃើញការឆ្លងជំងឺសាទឹក ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីបសុពេទ្យ ឬភ្នាក់ងារសុខភាពសត្វភូមិដែលនៅជិតបំផុត ហើយត្រូវបំបែកសត្វឈឺចេញពីហ្វូង និងធ្វើអនាម័យកន្លែងចិញ្ចឹមជាប្រចាំ។
កសិករត្រូវជៀសវាងការផ្តល់ចំណី ឬរុក្ខជាតិដែលមានប្រភពពីកន្លែងមានផ្ទះជំងឺ ហាមចលនាសត្វចេញចូល ឬឆ្លងកាត់តំបន់មានជំងឺ និងហាមប៉ះពាល់សត្វងាប់ ឬយកសត្វឈឺ និងសត្វសង្ស័យទៅលក់ ឬបរិភោគ។
ការចាក់វ៉ាក់សាំងការពារ
វិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារ មិនឱ្យគោ និងក្របីកើតជំងឺសាទឹក គឺ ការចាក់វ៉ាក់សាំងការពារ។ ការចាក់វ៉ាក់សាំងជាមុន អាចជួយការពារសត្វមិនឱ្យឆ្លងជំងឺ ទោះបីសត្វនោះស្ថិតនៅក្នុងហ្វូងដែលមានជំងឺក៏ដោយ។
ការចាក់វ៉ាក់សាំងត្រូវធ្វើឱ្យបានទៀងទាត់តាមប្រតិទិនចាក់ថ្នាំការពារ។ វ៉ាក់សាំងប្រភេទរាវ អាចផ្តល់ភាពស៊ាំប្រហែល ៦ ខែ ខណៈវ៉ាក់សាំងប្រភេទខាប់ អាចផ្តល់ភាពស៊ាំរហូតដល់ ១២ ខែ។ វ៉ាក់សាំងការពារជំងឺសាទឹក គឺជាថ្នាំការពារសំខាន់សម្រាប់ការពារគោ និងក្របីពីជំងឺឆ្លងដ៏សាហាវនេះ៕
ដោយ៖ សែន តុលា
ប្រភព៖ ឯកសារក្រសួងកសិកម្ម / WOAH
