More

    គន្លឹះកម្ចាត់​និងការពារកណ្ដុរ កសិករចិញ្ចឹមមាន់គួរដឹង

    សត្វកណ្ដុរមិនមែនគ្រាន់តែជាសត្វចង្រៃបំផ្លាញ​សម្ភារក្នុង​ផ្ទះ​នោះទេ ប៉ុន្តែពួកវាគឺជា ក៏​ជា​សត្វចង្រៃ​ដែលអាចបំផ្លាញកសិដ្ឋាន​ឬកន្លែង​ចិញ្ចឹម​មាន់​​បងប្អូន​តាមរយៈការលួចស៊ីចំណី ការបំផ្លាញទ្រព្យសម្បត្តិ និងការចម្លងជំងឺសាហាវៗផង​ដែរ​។

    យោងតាមអត្ថបទបច្ចេកទេសពី The Poultry Site រួមជាមួយព័ត៌មានបន្ថែមពី អង្គការ FAO បាន​បង្ហាញពី​ហានិភ័យ​ដែល​អាច​បង្ក​ដោយកណ្ដុរ​មួយ​ចំនួន​​។​

    ហានិភ័យធំៗទាំង ៤ នៃសត្វកណ្ដុរលើកសិដ្ឋានចិញ្ចឹម​មាន់

    សត្វកណ្ដុរអាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដែលបងប្អូនកសិករពេលខ្លះមើលមិនឃើញផ្ទាល់ភ្នែក៖

    • ការចម្លងជំងឺ៖ កណ្ដុរគឺជាភ្នាក់ងារចម្លងជំងឺច្រើនជាង ៤៥ ប្រភេទ។ ក្នុងនោះមានជំងឺសំខាន់ៗលើមាន់ដូចជា៖

    អាសន្នរោគមាន់ (Fowl Cholera)៖ បាក់តេរីនេះត្រូវបានចម្លងតាមរយៈទឹកមាត់ និងលាមកកណ្ដុរក្នុងស្នូកចំណី។

    – បាក់តេរីសាល់មូណែល (Salmonella)៖ ធ្វើឱ្យមាន់រាក និងប៉ះពាល់ដល់គុណភាពស៊ុត បង្ក​ឲ្យ​មាន​ជាតិពុល​ក្នុង​សាច់ និង​ស៊ុតមាន់​។

    – ជំងឺឡិបតូស្ពឺរ៉ូស (Leptospirosis)៖ ជំងឺ​បង្ក​ដោយ​វីរុស អាច​ឆ្លងតាមទឹកនោមកណ្ដុរ។

    • ការខាតបង់ចំណី៖ កណ្ដុរមួយក្បាលអាចស៊ីចំណីអស់ប្រហែល១០ទៅ១៥​គីឡូក្រាមក្នុងមួយឆ្នាំ។ ប៉ុន្តែអ្វីដែលអាក្រក់ជាងនេះគឺវាធ្វើឱ្យខូចចំណី។ ពេល​ស៊ីចំណី​វាក៏​បន្ទោរបង់លាមក និងនោមដាក់ចំណីដែលនៅសេសសល់ ធ្វើឱ្យមាន់លែងស៊ី ឬស៊ីទៅឈឺ។
    • ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៖ កណ្ដុរមានធ្មេញដែលដុះវែងជានិច្ច ដូច្នេះវាត្រូវខាំកាត់ខ្សែភ្លើង (បង្កជាអគ្គិភ័យ) ខាំធ្លុះជញ្ជាំងទ្រុង និងបំផ្លាញអ៊ីសូឡង់ទប់កម្ដៅក្នុងទ្រុងជា​ដើម​។
    • ការយាយីលើសត្វមាន់៖ កណ្ដុរធំៗ អាចខាំសម្លាប់កូនមាន់តូចៗ និងលួចស៊ីស៊ុតមាន់។ វត្តមានរបស់ពួកវាក៏ធ្វើឱ្យមាន់មានការភ័យខ្លាចនាំឱ្យអត្រាពងធ្លាក់ចុះ។

    វិធីសាស្ត្រការពារ

    គោលការណ៍សំខាន់គឺដកហូតប្រភពអាហារ ទឹកនិងជម្រករបស់ពួកវា។

    • គ្រប់គ្រងចំណីឱ្យបានល្អ៖ ប្រើធុងដែក ឬធុងជ័រដែលមានគម្របបិទជិតសម្រាប់រក្សាទុកចំណី។ សម្អាតចំណីដែលកំពប់ជុំវិញស្នូកឱ្យអស់នៅពេលល្ងាច។
    • រៀបចំបរិស្ថានជុំវិញទ្រុង៖ កាត់ស្មៅជុំវិញទ្រុងឱ្យខ្លី និងកុំទុកគំនរឈើ ឬសម្ភារៈចាស់ៗក្បែរទ្រុង ដែលជាជម្រកដ៏ល្អសម្រាប់កណ្ដុរពួន និងបង្កើតកូន។
    • ការរារាំងច្រកចូល៖ កណ្ដុរតូចអាចចូលតាមចន្លោះតូចៗ ប្រើសំណាញ់ដែកភ្នែកញឹកបិទរន្ធខ្យល់ និងប្រើស៊ីម៉ងត៍ប៉ះរន្ធជញ្ជាំងឱ្យជិត។

    វិធីសាស្ត្រកម្ចាត់

    យោងតាម The Poultry Site ការប្រើប្រាស់ កម្មវិធីគ្រប់គ្រងសត្វចង្រៃចម្រុះ (IPM) ផ្ដល់ប្រសិទ្ធភាពខ្ពស់បំផុត៖

    • ការប្រើប្រាស់អន្ទាក់៖ ជាវិធីសាស្ត្រសុវត្ថិភាពសម្រាប់មាន់។ ដាក់អន្ទាក់នៅតាមជញ្ជាំងដែលកណ្ដុរចូលចិត្តដើរកាត់ (កណ្ដុរចូលចិត្តដើរតាមជញ្ជាំង មិនចូលចិត្តដើរកាត់កណ្ដាលវាលទេ)។
    • ការប្រើថ្នាំបំពុល៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតបើ​សិន​ជា​ប្រើ​។ ត្រូវប្រើប្រអប់ដាក់ថ្នាំ ដែលមានសុវត្ថិភាព ដើម្បីកុំឱ្យមាន់ ឬសត្វចិញ្ចឹមផ្សេងទៀតអាចស៊ីថ្នាំបាន។ បន្ថែម​ពីនេះ ត្រូវ​ប្ដូរប្រភេទថ្នាំជារៀងរាល់ ៦ខែម្ដង ដើម្បីការពារកុំឱ្យកណ្ដុរស៊ាំនឹងថ្នាំ។
    • ការតាមដាន៖ ពិនិត្យមើលសញ្ញានៃវត្តមានកណ្ដុរជារៀងរាល់សប្ដាហ៍ ពិនិត្យមើលលាមក ស្នាមខាំ ឬរន្ធថ្មីៗ។

    ការគ្រប់គ្រងកណ្ដុរគឺជាផ្នែកមួយនៃជីវសុវត្ថិភាព។ ប្រសិនបើកសិដ្ឋានមានកណ្ដុរច្រើន ទោះបីចាក់វ៉ាក់សាំងមាន់ល្អយ៉ាងណាក៏ដោយ ក៏ជំងឺនៅតែអាចចូលលុកលុយបានតាមរយៈកណ្ដុរ។

    សាកលវិទ្យាល័យ Auburn រកឃើញថា កណ្ដុរមួយគូ អាចបង្កកូនចៅបានរហូតដល់រាប់រយក្បាលក្នុងមួយឆ្នាំ បើគ្មានការគ្រប់គ្រង។ ដូច្នេះត្រូវកម្ចាត់វាឱ្យទាន់ពេល កុំចាំដល់វាច្រើនទើបកម្ចាត់។

    ការចំណាយលើប្រអប់ដាក់ថ្នាំកណ្ដុរ និងការសម្អាតបរិស្ថាន អស់ប្រាក់​តិចជាងការខាតបង់លើ​ចំណី និងការបាត់បង់មាន់ដោយសារជំងឺអាសន្នរោគ​ដែល​បង្ក​ដោយ​កណ្ដុរ​ឆ្ងាយណាស់។

    ដោយ៖ ចាន់ តារា
    ប្រភព៖ The Poultry Site / Medcrave Online