More

    ហេតុអ្វីស្រូវពុលជាតិដែក?

    បងប្អូនកសិករខ្លះឃើញស្រូវឡើងស្លឹកពណ៌ក្រហមឆេះ រួចប្រញាប់ទៅទិញថ្នាំបាញ់មេរោគ ឬថ្នាំសម្លាប់ផ្សិតភ្លាមៗ ព្រោះស្មានថាជាជំងឺ។ ប៉ុន្តែ​ជារឿយៗវាជារឿង​ពុលជាតិដែក (Iron Toxicity) ដែលបណ្តាលមកពីបញ្ហាក្នុងដីទៅវិញទេ។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ​បើ​បងប្អូន​មិន​ច្បាស់ថា​ដីមានបញ្ហាអ្វី​មួយ​។​

    ជាតិដែកមានក្នុងដីស្រែស្ទើរតែគ្រប់កន្លែង ប៉ុន្តែវានឹងក្លាយជាថ្នាំពុល​នៅពេលស្ថានភាពដីមិនអំណោយផល។

    ហេតុអ្វីបានជាស្រូវពុលជាតិដែក?

    យោងតាម វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) បាតុភូតនេះកើតឡើងដោយសារកត្តា​ចម្បង​ៗដូចជា៖

    • ដីមានជាតិអាស៊ីត (ដីជូរខ្លាំង)៖ នៅពេលpH ដីចុះទាបជាង ៥,០ ជាតិដែកដែលធ្លាប់តែ «ដេកលក់» ក្នុងដី នឹងរលាយក្លាយជាទម្រង់សកម្ម ដែលឫសស្រូវងាយស្រួលបឺតស្រូបចូលក្នុងដើមហួសប្រមាណ។
    • ដីដក់ទឹកយូរពេក (ខ្វះអុកស៊ីសែន)៖ ក្នុងដីស្រែដែលដក់ទឹកជាប់រហូត គ្មានខ្យល់ចេញចូល វានឹងជំរុញ​ឱ្យមានប្រតិកម្មគីមីបំប្លែង​ជាតិដែកឱ្យកាន់តែពុលខ្លាំង។
    • កង្វះសារធាតុចិញ្ចឹមដទៃ៖ ប្រសិនបើដីខ្វះ ប៉ូតាស្យូម (K) ផូស្វ័រ (P) ឬកាល់ស្យូម (Ca) នោះឫសស្រូវនឹងបាត់បង់សមត្ថភាពក្នុងការទប់ស្កាត់ជាតិដែកមិនឱ្យចូលក្នុងដើម។

    តើត្រូវពិនិត្យមើលដូចម្តេច?

    បងប្អូនអាចសម្គាល់ដឹងថាស្រូវកំពុងពុលជាតិដែកតាមរយៈ៖

    • ពណ៌ស្លឹក៖ មានអុចៗពណ៌ត្នោតតូចៗ ចេញពីចុងស្លឹក រួចរាលដាលពេញស្លឹក ក្លាយជាពណ៌ ពណ៌ក្រហមឆេះ។
    • ការលូតលាស់៖ ស្រូវក្រិន មិនសូវបែកគុម្ព និងយឺតក្នុងការចេញកួរ។
    • ពិនិត្យឫស៖ ឫសស្រូវដែលពុលជាតិដែក នឹងមានពណ៌ត្នោតចាស់ ឬខ្មៅ ហើយឫសវាមិនសូវដុះខ្នែងពណ៌ស (ឫសដង្ហើម) ច្រើនឡើយ។

    កែប្រែស្ថានការណ៍ឱ្យល្អឡើងវិញ

    ប្រសិនបើបងប្អូនជួបបញ្ហានេះ កុំអាលបាញ់ថ្នាំគីមីដទៃ ត្រូវសាកល្បងវិធីសាស្ត្របច្ចេកទេសទាំងនេះ ឬ​ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំជា​មុន​សិន​។​

    ក. ការគ្រប់គ្រងទឹក

    បងប្អូនត្រូវបង្ហូរទឹកចេញពីស្រែឱ្យអស់ រួចទុកឱ្យដីប្រេះតិចៗ (ទុកឱ្យដីប៉ះខ្យល់អុកស៊ីសែន)។ នៅពេលដីមានអុកស៊ីសែន ជាតិដែកពុលនឹងបំលែងខ្លួនទៅជាជាតិដែកដែលមិនរលាយវិញ។ បន្ទាប់មកសឹមបញ្ចូលទឹកថ្មី។

    ខ. ការប្រើប្រាស់កំបោរ និងជី

    • បាចកំបោរ៖ ប្រើកំបោរកសិកម្ម​ ដើម្បីបង្កើនpHដី។ នៅពេលដីលែងជូរ ជាតិដែកនឹងឈប់បញ្ចេញជាតិពុល។
    • បង្កើនជីប៉ូតាស្យូម (K)៖ ប៉ូតាស្យូមជួយឱ្យឫសស្រូវមាន កម្លាំង​ក្នុងការច្រានជាតិដែកចេញ និងការពារកោសិកាស្លឹកកុំឱ្យខូចខាត។
    • ជីសរីរាង្គ៖ ប្រើជីកំប៉ុស្តឱ្យបានច្រើន ដើម្បីជួយឱ្យដីធូរ និងមានតុល្យភាពសារធាតុចិញ្ចឹម។

    គ. ការជ្រើសរើសពូជ

    ប្រសិនបើដីស្រែរបស់បងប្អូនមានប្រវត្តិដីជូរ និងពុលជាតិដែកជារៀងរាល់ឆ្នាំ គួរស្វែងរកពូជស្រូវណាដែលធន់នឹងជាតិដែកមកដាំដុះជំនួស​វិញ។

    តាមការសិក្សារបស់អង្គការ​ FAO ការប្រើប្រាស់ជីប៉ូតាស្យូមលាយឡំជាមួយការរំដោះទឹកចេញពីស្រែ​អាចកាត់បន្ថយរោគសញ្ញាពុលជាតិដែកបានរហូតដល់៥០% ក្នុងរយៈពេលតែ​២ សប្តាហ៍ប៉ុណ្ណោះ។

    កុំឱ្យបញ្ហា​លើ​ស្លឹក​ស្រូវ​បញ្ឆោតបងប្អូនឱ្យទិញថ្នាំខុសឱ្យសោះ។ ពិនិត្យ pH ដី និងបង្ហូរទឹកចេញ គឺជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិបំផុតលើ​បញ្ហា​ពុលជាតិ​ដែក។ បើ​មិន​ច្បាស់​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​រក​ជំនួយ​ពី​មន្ត្រី​កសិកម្ម​ឃុំ​។​

    ដោយ៖ ចាន់ តារា
    ប្រភព៖ IRRI / ARCC Journals