គន្លឹះ​ធ្វើ​ស្រែ​បាន​ផល​ខ្ពស់​​កាត់​​បន្ថយ​​ការ​ចំណាយ​លើ​​ជី​ឬ​ថ្នាំ​គីមី​

បច្ចុប្បន្ន ការប្រើប្រាស់ជី និងថ្នាំគីមីច្រើនហួសហេតុ មិនត្រឹមតែធ្វើឱ្យបងប្អូនចំណាយលុយច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យដីស្រែឆាប់បាត់​បង់​គុណភាព និងងាយរងការយាយីពីសត្វល្អិតទៀតផង។ យោងតាមបច្ចេកទេសកសិកម្មទំនើប និងគោលការណ៍ ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ (SRI) ខាង​ក្រោម​​នេះគឺជាចំណុចគន្លឹះ ៣ ដើម្បីទទួលបានជោគជ័យ។

 ១. ការដាំដោយរក្សាចន្លោះគុម្ពឱ្យសមរម្យ

ការស្ទូង​ស្រូវញឹកពេក ធ្វើឱ្យដើមស្រូវដណ្ដើមពន្លឺ និងជីជាតិគ្នា ដែលនាំឱ្យស្រូវ​មាន​ដើមតូច និងងាយកើតជំងឺ។

ការ​ស្ទូង ឬព្រោះ​រង្វើល​ ជួយឱ្យខ្យល់ និងពន្លឺថ្ងៃចេញចូលបានល្អ កាត់បន្ថយសំណើមដែលជាប្រភពនៃជំងឺផ្សិត។ ឫសស្រូវមានកន្លែងរីកដុះដាលបានជ្រៅ ធ្វើឱ្យស្រូវបែកគុម្ពបានច្រើន និងរឹងមាំមិនងាយដួល។

តាមគោលការណ៍ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ ការស្ទូង​ដោយរក្សាចន្លោះសមរម្យ (ឧទាហរណ៍ ២៥សង់ទីម៉ែត្រ x ២៥សង់ទីម៉ែត្រ) អាចជួយបង្កើនទិន្នផលបានយ៉ាងតិច ២០-៣០% បើធៀបនឹងការស្ទូង​​ញឹកខ្លាំង។

២. ការគ្រប់គ្រងជីអាសូត និងការប្រើធ្យូងជីវៈ

ជំនួសឱ្យការបាចជីគីមីក្នុងបរិមាណច្រើនតែម្ដង បងប្អូនគួរងាកមកប្រើវិធីសាស្ត្របំប៉នដីបន្តិចម្ដងៗ។

ការដាក់ជីតិចៗតែញឹកញាប់ (រៀងរាល់ ១០ ថ្ងៃម្ដង) ឬការលាយជាមួយ ធ្យូងជីវៈ ជួយឱ្យដីរក្សាជាតិចិញ្ចឹមបានយូរ មិនហួត ឬហូរទៅតាមទឹកអស់។ វាកាត់បន្ថយភាពទាក់ទាញសត្វល្អិតចង្រៃ ដែលចូលចិត្តស៊ីស្លឹកស្រូវដែលមានជាតិអាសូត (N) ខ្ពស់ជ្រុល

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) តែងតែណែនាំឱ្យបែងចែកការដាក់ជីជាច្រើនលើក ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការខ្ជះខ្ជាយ។ ចំណែកធ្យូងជីវៈ ត្រូវបានអ្នកជំនាញរកឃើញថាអាចជួយរក្សាសំណើម និងជាជម្រកមេរោគល្អៗក្នុងដី

៣. ប្រើទឹកធ្យូងជីវៈថែរក្សាសុខភាពដំណាំ

ទឹកធ្យូងជីវៈ (Wood Vinegar) គឺជាឱសថធម្មជាតិដ៏សក្ដិសិទ្ធិសម្រាប់ការពារស្រូវ។

ទឹកធ្យូងជីវៈប្រើសម្រាប់ត្រាំគ្រាប់ពូជជួយឱ្យដុះពន្លកល្អ និងបាញ់លើស្លឹកតាំងពីតូចរហូតដល់ស្រូវ​ដាក់គ្រាប់។ វាជួយបណ្ដេញសត្វល្អិត បន្សាបជាតិពុល និងបង្កើនភាពស៊ាំរបស់ស្រូវទៅនឹងជំងឺផ្សេងៗ។

ការសិក្សាពីស្ថាប័នកសិកម្មនៅតំបន់អាស៊ី បានបង្ហាញថាទឹកធ្យូងជីវៈមានសារធាតុសរីរាង្គ​ជាង ២០០ប្រភេទ ដែលជួយជំរុញការលូតលាស់ និងមានសមត្ថភាពប្រឆាំងនឹងបាក់តេរី និងផ្សិតចង្រៃដោយមិនប៉ះពាល់ដល់បរិស្ថាន។ ការធ្វើស្រែដោយផ្អែកលើធម្មជាតិ មិនត្រឹមតែផ្ដល់ផលចំណេញដល់ហោប៉ៅរបស់បងប្អូននៅថ្ងៃនេះទេ ប៉ុន្តែវាគឺជាការរក្សាទុកទ្រព្យសម្បត្តិ (ដីមានជីវជាតិ) សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ដោយ៖ សែន តុលា
ប្រភព៖ IRRI / ឯកសារក្រសួងកសិកម្ម / FAO