សត្វល្អិត៥ប្រភេទ ជាសម្ព័ន្ធមិត្តរបស់កសិករ

ក្រៅពីសត្វអណ្តើកមាសដែលយើងបានស្គាល់ នៅមានកងទ័ពសម្ព័ន្ធមិត្ត៥ ប្រភេទទៀតដែលដើរតួយ៉ាងសំខាន់ក្នុងការយាមល្បាត និងកម្ចាត់សត្រូវបំផ្លាញដំណាំជូនបងប្អូនកសិករដោយមិនគិតកម្រៃ។ នេះគឺជាបញ្ជីឈ្មោះសត្វល្អិតមិត្តភក្តិកសិករ ៥ ប្រភេទ និងវិធីទាក់ទាញពួកវាឱ្យមករស់នៅ​ក្នុង​ចម្ការ​យើង​។

១. កណ្ដូបបុកស្រូវ

កណ្ដូបបុកស្រូវ (Praying Mantis)គឺជាអ្នកប្រមាញ់លំដាប់កំពូលក្នុងពិភពសត្វល្អិត។ វាមានភ្នែកមុតស្រួច និងដៃដែលរឹងមាំសម្រាប់ចាប់សត្រូវ។ វាស៊ីសត្វល្អិតស្ទើរគ្រប់ប្រភេទដែលយាយីដំណាំ រួមមាន កណ្តូប មេអំបៅយប់ រុយ និងសូម្បីតែដង្កូវធំៗ។

ពួកវាចូលចិត្តទីជម្រកដែលមានស្មៅខ្ពស់ៗ ឬគុម្ពោតព្រៃនៅជុំវិញរបងចម្ការ ដើម្បីលាក់ខ្លួនពួនស្ទាក់ចាប់ចំណី។ ការដាំដំណាំចម្រុះមុខ និងការមិនប្រើថ្នាំពុលគីមី នឹងធ្វើឱ្យពួកវារស់នៅបានយូរអង្វែង។

២. សត្វស្លាបសំណាញ់

សត្វស្លាបសំណាញ់ (Green Lacewings) ទោះ​បីជាសត្វពេញវ័យមើលទៅមានរាងតូច​ប៉ុន្តែដំណាក់កាលជាដង្កូវរបស់វាត្រូវបានគេប្រសិទ្ធនាមថាតោស៊ីចៃ​លើ​ដំណាំ​(Aphid Lions)។

ដង្កូវរបស់វាស៊ីចៃ (Aphids) បានរាប់រយក្បាលក្នុងមួយថ្ងៃៗ ព្រមទាំងស៊ីមមាច និងពងសត្វល្អិតចង្រៃផ្សេងៗទៀតផង។ ពួកវាចូលចិត្តផ្កាដែលមានទឹកដម និងលម្អងផ្កាច្រើន ដូចជា ផ្កាជីវ៉ាន់ស៊ុយ ផ្កាស្បៃរឿង និងផ្កាឈូករ័ត្ន។

៣. រុយសំកាំង

បងប្អូនប្រហែលជាធ្លាប់ឃើញសត្វម្យ៉ាងដែលមើលទៅដូចឃ្មុំ តែងហើរចុះឡើងនៅក្បែរផ្កា។ ពួក​វា​គេ​ហៅ​ថា​រុយ​សំកាំង​(Hoverflies)។

ដូចសត្វស្លាបសំណាញ់ដែរ កូនចៅ (ដង្កូវ) របស់រុយសំកាំង គឺជាអ្នកកម្ចាត់ចៃដី និងចៃស្លឹកដ៏ពូកែ។ ចំណែកសត្វពេញវ័យ ជួយនាំលម្អងផ្កាឱ្យដំណាំបានយ៉ាងល្អ។ ដាំផ្កាដែលមានពណ៌លឿង ឬស (ដូចជា ផ្កាស្បៃរឿង ឬផ្កាស្ពៃ) នៅតាមចន្លោះរងបន្លែ ជួយ​ទាក់ទាញ​ពួក​មាន​មក​រស់​នៅ​។

៤. ឱម៉ាល់ប៉ារ៉ាស៊ីត

កុំបារម្ភ! ឱម៉ាល់ប៉ារ៉ាស៊ីត (Parasitoid Wasps) តូចខ្លាំងណាស់ ហើយវាមិនចេះទិចមនុស្សឡើយ​។ វាគឺជាអាវុធជីវសាស្ត្រដែលអង្គការ FAO និយមប្រើបំផុត។

វាជួយបញ្ឈប់ការរីករាលដាលនៃសត្រូវដំណាំ ដោយទៅពង​ដាក់ក្នុងខ្លួនដង្កូវ ឬកញ្ចែចង្រៃ ដូចជាកញ្ចែដូង។ នៅពេលកូនឱម៉ាល់ញាស់ វានឹងស៊ីសត្វចង្រៃនោះពីខាងក្នុង។ ពួកវាត្រូវការផ្កាតូចៗបំផុតដើម្បីបឺតជញ្ជក់ទឹកដម។ ការដាំ ជីនាងវង ជីរអង្កាម ឬស្លឹកគ្រៃ ឱ្យចេញផ្កា គឺជាការទាក់ទាញដ៏ល្អបំផុត។

៥. សត្វកន្ទុំរុយ

កន្ទុំរុយ(Dragonflies) ប្រៀបដូច​ជា​យន្តហោះចម្បាំង​ក្នុងចម្ការ ដែលជួយការពារដំណាំកសិករពីសត្វល្អិតហើរលើអាកាស។

ពួកវាស៊ីមូស រុយ និងមេអំបៅដែលបំផ្លាញដំណាំ បានយ៉ាងលឿនបំផុតនៅលើអាកាស។ កន្ទុំរុយត្រូវការប្រភពទឹក។ ការមានស្រះទឹកតូចៗ ឬអាងទឹកដែលមានរុក្ខជាតិទឹក ដូចជា ត្រកួន ឬកំប្លោក នឹងទាក់ទាញពួកវាឱ្យមកពងកូន និងយាមល្បាតក្នុងចម្ការ។

កាលណាដី និងបរិស្ថានក្នុងចម្ការមានតុល្យភាព បងប្អូនមិនចាំបាច់ហត់បាញ់ថ្នាំគីមីច្រើនឡើយ ព្រោះមិត្តភក្តិទាំងនេះនឹងជួយយាមចម្ការជូនបងប្អូន ២៤ ម៉ោងលើ ២៤ ម៉ោង។

ដោយ៖ ចាន់ តារា
ប្រភព៖ University of Florida /Cornell / USDA