គន្លឹះសំខាន់ៗ​ជួយការពារដំណាំម្ទេសពីកម្ដៅថ្ងៃ​

បងប្អូន​កសិករធ្លាប់សង្កេតទេថា នៅពេលអាកាសធាតុក្តៅខ្លាំង ដើមម្ទេសហាក់ដូចជា​អស់កម្លាំង ស្លឹកឡើងស្រពោន ទោះបីជាយើងស្រោចទឹកក៏ដោយ? កម្ដៅថ្ងៃគឺជាកត្តាចាំបាច់សម្រាប់រស្មីសំយោគ ប៉ុន្តែបើកម្ដៅខ្លាំងហួសប្រមាណ វានឹងក្លាយជាសត្រូវបំផ្លាញទិន្នផលទៅវិញ។ ថ្ងៃនេះ កសិ/Kakse សូមចែករំលែកពីឥទ្ធិពលនៃកម្ដៅថ្ងៃលើដំណាំម្ទេស និងបច្ចេកទេសជួយឱ្យម្ទេសធន់នឹងកម្ដៅ​។

១. បញ្ហាដែលជួបប្រទះពេលអាកាសធាតុក្តៅខ្លាំង

យោងតាមការសិក្សារបស់ មជ្ឈមណ្ឌលបន្លែពិភពលោក (World Vegetable Center) កម្ដៅដែលលើសពី៣២ទៅ​ដល់​៣៥​អង្សាក្នុងរយៈពេលយូរ នឹងបង្កផលប៉ះពាល់ដូចជា៖

  • ស្លឹកស្រពោន និងរួញ៖ ដើម្បីការពារការបាត់បង់ជាតិទឹក ម្ទេសនឹងបិទរន្ធញើស និងរមួរស្លឹកឡើងលើ។ ពេលខ្លះបងប្អូនអាចច្រឡំថាជាជំងឺម៉ូសាអ៊ិក ប៉ុន្តែតាមពិតវាគ្រាន់តែជាការការពារខ្លួនពីកម្ដៅប៉ុណ្ណោះ។
  • លំអងផ្កាស្វិត៖ កម្ដៅខ្លាំងធ្វើឱ្យលំអងផ្កាម្ទេសងាប់ ឬស្វិត មិនអាចបង្កកំណើតបាន។ នេះជាមូលហេតុចម្បងដែលធ្វើឱ្យជ្រុះផ្កា និងក្ដិប ទោះបីយើងដាក់ជីបំប៉នផ្កាច្រើនយ៉ាងណាក៏ដោយ​។
  • ផ្លែក្រញ៉ង់ វៀច៖ ប្រសិនបើផ្កាអាចកាន់ផ្លែបាន ក៏ផ្លែដែលចេញមកមានសណ្ឋានមិនស្អាត ខ្វះសាច់ និងមានទំហំតូច ដោយសារការបឺតស្រូបសារធាតុចិញ្ចឹមត្រូវបានរអាក់រអួល។
  • ជំងឺខ្លោចថ្ងៃលើផ្លែ (Sunscald)៖ ផ្លែម្ទេសដែលត្រូវកម្ដៅថ្ងៃចំខ្លាំងពេក (ដោយសារខ្វះស្លឹកបាំង) នឹងឡើងស្នាមពណ៌ស ឬប្រផេះក្រៀម ស្រដៀងនឹងការរលាក។

២. ដំណោះស្រាយ និងបច្ចេកទេសថែទាំ

ដើម្បីជួយឱ្យម្ទេសឆ្លងផុតដំណាក់កាលស្ត្រេស​ដោយសារកម្ដៅ បងប្អូនគួរអនុវត្តដូចខាងក្រោម៖

 គ្រប់គ្រងការស្រោចទឹក និងសំណើម

  • ពេលវេលា៖ គួរស្រោចទឹកនៅពេល​ព្រឹកព្រលឹម (មុនម៉ោង ៨) ឬពេលល្ងាចត្រជាក់។ ការស្រោចទឹកពេលថ្ងៃត្រង់អាចធ្វើឱ្យឫសឆក់​កម្តៅ និងធ្វើឱ្យស្លឹកឆេះដោយសារដំណក់ទឹកងាយនឹងឡើងកម្តៅ។
  • ការប្រើចំបើងគ្របដី៖ យោងតាមអង្គការ​ FAO ការប្រើចំបើង ឬប្លាស្ទិកគ្របរង ជួយរក្សាសីតុណ្ហភាព​ដីឱ្យនៅត្រជាក់ និងកាត់បន្ថយការហួតជាតិទឹកបានរហូតដល់ ៥០%។

ការជម្រះផ្លែ និងកាត់បន្ថយបន្ទុក

  • កុំស្តាយផ្លែមិនល្អ៖ បើឃើញផ្លែក្រញ៉ង់ វៀច ឬរលាកថ្ងៃ ត្រូវប្រលេះចេញភ្លាម។ ការធ្វើបែបនេះគឺដើម្បីឱ្យដើមសន្សំកម្លាំងទៅចិញ្ចឹមត្រួយ និងផ្កាថ្មីដែលនឹងចេញមកនៅពេលអាកាសធាតុអំណោយផលជាងមុន។

បន្ថែមអាវុធការពាររុក្ខជាតិ

  • ប្រើកាល់ស្យូមបូរ៉ូន (Calcium-Boron)៖ សារធាតុនេះជួយឱ្យកោសិការុក្ខជាតិរឹងមាំ ធន់នឹងកម្ដៅ និងកាត់បន្ថយការជ្រុះផ្កាក្ដិប។
  • ស័ង្កសី (Zinc)៖ ជួយឱ្យរុក្ខជាតិផលិតអ័រម៉ូនធន់នឹងភាពរាំងស្ងួត និងកម្តៅថ្ងៃ។

ប្រុងប្រយ័ត្នសត្រូវឆ្លៀតឱកាស

នៅពេលអាកាសធាតុក្តៅ និងស្ងួត គឺជាពេលដែលពពួក ទ្រីប (Thrips) ចៃ (Aphids) និងរុយស រីករាលដាលខ្លាំងបំផុត។ ពួកវាចូលចិត្តបឺតជញ្ជក់ត្រួយម្ទេសដែលកំពុងខ្សោយ។ បងប្អូនត្រូវឧស្សាហ៍ចុះពិនិត្យក្រោមស្លឹក និងប្រើទឹកខ្មេះធ្យូងជីវៈ ឬថ្នាំបាញ់ពីស្តៅការពារជាប្រចាំ។ បច្ចេកទេស​ប្រលេះមែកក្រោមជើងក្អែក​ នឹងជួយឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយការស្តុកកម្តៅនៅគល់ដើមបានយ៉ាងច្រើន!

ដោយ៖ ចាន់ តារា
ប្រភព៖ FAO /RHS /World Vegetable Center