សួស្តីបងប្អូនកសិករទាំងអស់គ្នា! ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើង និងអ្នកជិតខាងប្រើជីប្រភេទដូចគ្នា ម៉ាកដូចគ្នា និងដាក់ក្នុងបរិមាណដូចគ្នា បែរជាទទួលបានលទ្ធផលខុសគ្នាដាច់? អ្នកខ្លះដាក់ទៅដំណាំលូតលាស់ល្អខៀវស្រងាត់ តែអ្នកខ្លះទៀតដាក់ទៅដំណាំបែរជាក្រិន ឬខូចទៅវិញ។
ថ្ងៃនេះ យើងនឹងមកបកស្រាយអាថ៌កំបាំងនេះ តាមរយៈការពន្យល់ពីកត្តាវិទ្យាសាស្ត្រកសិកម្មសំខាន់ៗដែលធ្វើឱ្យដំណាំឆ្លើយតបនឹងជីខុសៗគ្នា។

១. តម្រូវការអាហារខុសគ្នារវាងមុខដំណាំ
ដំណាំនីមួយៗមានរបបអាហារមិនដូចគ្នាទេ។ យោងតាម អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ដំណាំត្រូវបានបែងចែកតាមតម្រូវការអាហារចម្បង៖
- បន្លែស្លឹក (ស្ពៃ ខាត់ណា)៖ ត្រូវការអាសូត (N) ខ្ពស់ដើម្បីបណ្ដុះស្លឹក។
- ដំណាំយកមើម (ដំឡូង ការ៉ុត)៖ ត្រូវការប៉ូតាស្យូម (K) ខ្ពស់ដើម្បីពង្រីកមើម។
- ដំណាំសណ្ដែក៖ មានសមត្ថភាពទាញយកអាសូតពីខ្យល់ដោយខ្លួនឯង ដូច្នេះបើបងប្អូនដាក់ជីអាសូតច្រើនពេក វានឹងធ្វើឱ្យសណ្ដែកមានតែស្លឹក តែគ្មានផ្កា និងផ្លែឡើយ។
២. ដំណាក់កាលនៃការលូតលាស់
ការដាក់ជីត្រូវមើលទៅតាមអាយុកាលរបស់ដំណាំ។ ប្រៀបដូចជាមនុស្សអញ្ចឹង ក្មេងត្រូវការអាហារផ្សេង មនុស្សចាស់ត្រូវការអាហារផ្សេង។
- វគ្គកូនដំណាំ៖ ត្រូវការផូស្វ័រ (P) ច្រើនដើម្បីពង្រឹងឫស។
- វគ្គលូតលាស់ដើមស្លឹក៖ ត្រូវការអាសូត (N) ច្រើន។
- វគ្គផ្កានិងផ្លែ៖ ត្រូវការប៉ូតាស្យូម (K) និងមីក្រូសារធាតុ (ដូចជាកាល់ស្យូម និងបូរ៉ុង) ដើម្បីឱ្យផ្លែផ្អែម និងកាន់ផ្កាល្អ។
ការដាក់ជីអាសូត (N) ច្រើនពេកនៅពេលដំណាំជិតចេញផ្កា នឹងធ្វើឱ្យដំណាំជក់ស្លឹក ឬឆ្កួតស្លឹក ហើយយឺតយ៉ាវក្នុងការផ្ដល់ផល។
៣. កត្តាដី៖ រោងចក្រកែច្នៃអាហារ
ទោះបីជាជីល្អយ៉ាងណា បើរោងចក្រ (ដី) មិនដំណើរការ ក៏ដំណាំស៊ីមិនបានដែរ។ យោងតាម វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) កត្តាដីមានឥទ្ធិពលបំផុតគឺ៖
- កម្រិត pH ដី (ដីជូរ ឬដីកំបោរ)៖ បើដីជូរខ្លាំង (pH < 5.5) វានឹងចាក់សោមិនឱ្យដំណាំស្រូបយកផូស្វ័រ និងកាល់ស្យូមបានឡើយ ទោះបងប្អូនដាក់ជីច្រើនយ៉ាងណាក៏ដោយ។
- វាយនភាពដី៖ ដីខ្សាច់រក្សាជីមិនបានយូរទេ (ងាយហូរច្រោះតាមទឹក) ចំណែកដីឥដ្ឋរក្សាជីបានល្អ តែបើហាប់ពេក ឫសដំណាំដកដង្ហើមមិនរួច ក៏មិនអាចបឺតជីបានដែរ។

៤. បរិស្ថាន៖ ពន្លឺ ទឹក និងសីតុណ្ហភាព
- ទឹក៖ គឺជាមធ្យោបាយដឹកជញ្ជូនជី។ បើខ្វះទឹក ជីមិនរលាយ ដំណាំក៏ស្រូបមិនបាន។ តែបើទឹកច្រើនពេក ជីនឹងហូរទៅបាត់អស់ ឬធ្វើឱ្យឫសរលួយ។
- ពន្លឺថ្ងៃ៖ ដំណាំត្រូវការកម្ដៅថ្ងៃដើម្បីធ្វើរស្មីសំយោគ បំប្លែងជីឱ្យទៅជាថាមពលលូតលាស់។ ក្នុងរដូវដែលមេឃស្រទុំខ្លាំង ដំណាំនឹងស្រូបយកជីបានតិចជាងធម្មតា។
អ្នកជំនាញកសិកម្មតែងពន្យល់ថាការលូតលាស់របស់ដំណាំ មិនមែនអាស្រ័យលើបរិមាណជីសរុបដែលយើងដាក់នោះទេ ប៉ុន្តែវាអាស្រ័យលើសារធាតុចិញ្ចឹមណាដែលខ្វះខាតជាងគេបំផុត។ មានន័យថា បើដីរបស់បងប្អូនខ្វះជាតិស័ង្កសី (Zn) ទោះបីបងប្អូនចាក់ជីអ៊ុយរ៉េ (N) ចូលរាប់បាវ ក៏ដំណាំនៅតែមិនលូតលាស់ដែរ ព្រោះវាគាំងត្រឹមជាតិស័ង្កសីដែលខ្វះខាតនោះ។
ដំបូន្មានសម្រាប់បងប្អូនកសិករ៖
- ពិនិត្យដីមុនដាក់ជី៖ វាស់ pH ដី ដើម្បីដឹងថាដីជូរ ឬអត់។
- ដាក់ជីតាមតម្រូវការ៖ ជ្រើសរើសរូបមន្តជីឱ្យត្រូវនឹងប្រភេទដំណាំ និងអាយុកាលរបស់វា។
- កុំដាក់ជីម្ដងទាំងដុំ៖ បែងចែកការដាក់ជាចំណែកតូចៗ តែញឹកញាប់ (ជាពិសេសក្នុងរដូវភ្លៀង)។
- បន្ថែមជីសរីរាង្គ៖ ដើម្បីជួយឱ្យដីធូរ និងជួយរក្សាជាតិជីគីមីឱ្យនៅបានយូរក្នុងដី។
ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Plant Nutrition for Food security
