ហេតុអ្វី​កសិករ​ខ្លះធ្វើកសិកម្ម​ខាត​ដើម ខណៈអ្នក​ខ្លះ​អាច​រក​ប្រាក់ចំណេញ​បាន​?​

ធ្លាប់ឆ្ងល់ទេថា ក្នុងភូមិជាមួយគ្នា ដីក្បែរគ្នា និងដាំដំណាំដូចគ្នា ប៉ុន្តែហេតុអ្វីបានជាកសិករខ្លះប្រមូលផលបានលុយវាល់លាន ឯកសិករខ្លះទៀតបែរជាជួបបញ្ហាខាតដើម ឬជំពាក់បំណុលគេទៅវិញ?

កសិកម្មមិនមែនត្រឹមតែជាពលកម្មបង្ហូរ​ញើសលើវាលស្រែឡើយ ប៉ុន្តែវាគឺជា​ល្បែងសេដ្ឋកិច្ច និងបច្ចេកទេស។ យោងតាមអ្នកជំនាញសេដ្ឋកិច្ចកសិកម្ម និងបទពិសោធន៍ជាក់ស្ដែង នេះគឺជាមូលហេតុចម្បងៗទាំងប្រាំមួយ​ ដែលធ្វើឱ្យមានគម្លាតរវាងកសិករជោគជ័យ និងកសិករដែលបរាជ័យ។

១. ការទទួលបាន​ព័ត៌មាន

កសិករដែលរកចំណូលបានច្រើន គឺជាអ្នកដែលមានព័ត៌មាន​ក្នុងដៃ។ ពួកគេទទួលបានការណែនាំទាន់ពេលពីមន្ត្រីជំនាញ ឬតាមដានបច្ចេកទេសតាមរយៈវេទិកាឌីជីថល។

  • កសិករជោគជ័យ៖ ដឹងថាពេលណាគួរដាំ ប្រើថ្នាំអ្វីឱ្យចំមុខសញ្ញា និងរបៀបដោះស្រាយបញ្ហាពេលសត្វល្អិតរាតត្បាត។
  • កសិករខាតដើម៖ ធ្វើតាមគ្នា ឬធ្វើតាមទម្លាប់ចាស់ៗ។ ការដាំដុះដោយគ្មានព័ត៌មានច្បាស់​លាស់​ប្រៀបដូចជាការដើរក្នុងទីងងឹតដូច្នោះដែរ។

២. ទុន និងធនធាន

វិធីប្រើលុយបង្កើតលុយ។ កសិករដែលមានលទ្ធភាពទទួលបានឥណទានទាប ឬមានដើមទុនផ្ទាល់ខ្លួន អាចវិនិយោគលើពូជដែលមានគុណភាពខ្ពស់ ជីត្រឹមត្រូវ និងគ្រឿងចក្រទំនើប។

ផ្ទុយទៅវិញ កសិករដែលខ្វះទុន តែងប្រើពូជដែលទុកខ្លួនឯងដែលគុណភាពចុះខ្សោយ​ឬប្រើជីមិនគ្រប់កម្រិត ដែលនាំឱ្យទិន្នផលទាប និងមិនអាចប្រកួតប្រជែងលើទីផ្សារបាន។

៣. ការគាំទ្រពីស្ថាប័ន និងគោលនយោបាយ

មិនមែនកសិករទាំងអស់ទទួលបានការគាំទ្រស្មើគ្នានោះទេ។ កសិករខ្លះស្ថិតក្នុងតំបន់ដែលមានគម្រោងរដ្ឋ ឬអង្គការចុះជួយ ចាប់តាំងពីការផ្ដល់បច្ចេកទេស រហូតដល់ការតភ្ជាប់ទីផ្សារ។ អ្នកជំនាញពីស្ថាប័ន IFPRI (វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិ) បញ្ជាក់ថា ការទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធធារាសាស្ត្រ គឺជាកត្តាកំណត់ជោគវាសនានៃប្រាក់ចំណូលរបស់កសិករ។

៤. ទីតាំង និងភូមិសាស្ត្រ

កសិករដែលមានដីមានជីជាតិ មានប្រព័ន្ធទឹកគ្រប់គ្រាន់ និងនៅជិតផ្លូវដឹកជញ្ជូន គឺមានប្រៀបជាងគេបាត់ទៅហើយ។ សម្រាប់កសិករដែលនៅតំបន់ដាច់ស្រយាល ពួកគាត់ត្រូវចំណាយខ្ពស់លើការដឹកជញ្ជូន និងប្រឈមនឹងហានិភ័យខ្លាំងនៅពេលអាកាសធាតុប្រែប្រួល។

៥. ជំនាញ និងការបត់បែន

កសិកម្មសម័យថ្មី មិនមែនប្រើតែកម្លាំងបាយនោះទេ គឺត្រូវប្រើចំណេះដឹង។

  • កសិករដែលចេះប្រើបច្ចេកវិទ្យា ដូចជាការវាស់​កម្រិតpH ដី ឬការប្រើប្រព័ន្ធដំណក់ទឹក អាចកាត់បន្ថយចំណាយបានច្រើន។
  • អ្នកជំនាញសេដ្ឋកិច្ចកសិកម្មបានលើកឡើងថាការបត់បែនតាមបច្ចេកវិទ្យា​គឺជាខែលការពារកសិករពីការខាតបង់។ កសិករដែលនៅតែប្រកាន់ខ្ជាប់វិធីសាស្ត្រហួសសម័យ នឹងពិបាកដើរឱ្យទាន់ការប្រែប្រួលនៃតម្លៃទីផ្សារ និងអាកាសធាតុ។

៦. ការចូលទៅកាន់ទីផ្សារ

នេះគឺជាចំណុចស្លាប់រស់របស់​កសិករ​យើង​។ កសិករឆ្លាតវៃ ស្វែងរកទីផ្សារមុននឹងដាំ ឬលក់ផ្ទាល់ទៅឱ្យម៉ូយធំៗ ឬក្រុមហ៊ុនកែច្នៃ ដែលទទួលបានតម្លៃខ្ពស់។ ប៉ុន្តែ​រឿង​នេះអាច​ពិបាក​សម្រាប់​កសិករខ្នាតតូច​របស់​យើង ហើយ​ពួក​គាត់​ពឹងផ្អែកទាំងស្រុងលើឈ្មួញកណ្ដាល។ ការ​ពឹង​តែ​លើ​ឈ្មួញកណ្ដាល នៅពេលប្រមូលផលព្រមគ្នា តម្លៃត្រូវបានឈ្មួញបង្អាប់ ដែលធ្វើឱ្យចំណេញបានតិចតួច ឬខាតដើមតែម្ដង។

អ្នក​ជំនាញ​ផ្នែកសេដ្ឋកិច្ចកសិកម្មមួយចំនួនបានលើកឡើងថា ដើម្បីឱ្យកសិករប្រែពីខាតមកចំណេញ ត្រូវផ្លាស់ប្ដូរពីការធ្វើកសិកម្មបែប «ចិញ្ចឹមពោះ​» មកជា «កសិកម្មពាណិជ្ជកម្ម»។ វាទាមទារឱ្យមានការចេះគណនាថ្លៃដើមឱ្យបានច្បាស់លាស់ និងការចងក្រងជាបណ្ដុំផលិត (សហគមន៍) ដើម្បីមានអំណាចក្នុងការចរចាតម្លៃ។

ការខាតដើមមិនមែនជាជោគវាសនានោះទេ ប៉ុន្តែវាជាលទ្ធផលនៃការខ្វះខាតធនធាន និងព័ត៌មាន។ បើបងប្អូនចង់ក្លាយជាកសិករដែលរកចំណូលបាន ចូរចាប់ផ្ដើមពីការរៀន​និងតាមដានព័ត៌មាន​ឱ្យបានជាប់ជានិច្ច៕

ដោយ៖ ចាន់ តារា
ប្រភព៖ Agri facts daily​/ FAO /