ចំណុច​ស្លាប់រស់​ក្នុង​ការ​ចិញ្ចឹមមាន់​កសិករ​គួរ​ដឹង

បងប្អូនកសិករជាច្រើនកំពុងខិតខំប្រឹងប្រែងចិញ្ចឹមនិង​ថែមាន់ទាំងយប់ទាំងថ្ងៃ ប៉ុន្តែនៅចុងបញ្ចប់នៃវគ្គចិញ្ចឹម បែរជាមិនឃើញប្រាក់ចំណេញ ឬខាតបង់ទៅវិញ។ សំនួរដ៏សំខាន់គឺ តើលុយទាំងនោះបាត់ទៅណា?

អ្នក​ជំនាញ​ខាង​ការងារ​នេះ​លើក​ឡើង​ថា​ការចិញ្ចឹមមាន់គឺជាអាជីវកម្ម មិនមែនជាការផ្សងសំណាង​។ នេះគឺជាការវិភាគពីមូលហេតុដែលនាំឱ្យខាតបង់ និងគន្លឹះឆ្ពោះទៅរកប្រាក់ចំណេញ​។

មូលហេតុចម្បងដែលនាំឱ្យកសិករខាតបង់

តាមការសង្កេតរបស់អ្នកជំនាញ កសិករភាគច្រើនធ្លាក់ក្នុងអន្ទាក់នៃកត្តា ៥ យ៉ាង៖

  • ការមិនកត់ត្រាទិន្នន័យ៖ បើបងប្អូនមិនដឹងថាចំណាយអស់ប៉ុន្មានលើចំណី និងថ្នាំ នោះបងប្អូនក៏មិនដឹងថាត្រូវលក់ក្នុងតម្លៃប៉ុន្មានដើម្បីចំណេញដែរ។
  • ការខ្ជះខ្ជាយចំណី៖ ចំណីគឺជាការចំណាយធំបំផុត (អាច​ដល់​៧០% នៃដើមទុន)។ ស្នូកចំណីមិនត្រឹមត្រូវ ឬការដាក់ចំណីហូរហៀរ គឺជាការបោះលុយចោលដោយមិនដឹងខ្លួន។
  • ការបង្ការជំងឺមាន​កម្រិត​៖ កសិករខ្លះមិន​ធ្វើ​វ៉ាក់សាំង​មាន់ទេ រង់ចាំទាល់​មាន់ឈឺទើបដើររកទិញថ្នាំព្យាបាល។ ការព្យាបាលយឺតពេល មិនត្រឹមតែអស់លុយថ្លៃថ្នាំទេ តែថែមទាំងបាត់បង់មាន់ទៀតផង។
  • ការទិញសម្ភារៈដោយគ្មានផែនការជាមុន​៖ ការជឿតាមការ​ផ្សាយ​ពាណិជ្ជកម្មដោយទិញថ្នាំ ឬចំណីថ្លៃៗដែលមិនចាំបាច់ ធ្វើឱ្យដើមទុនហក់ឡើងខ្ពស់។
  • ការលក់ដោយគ្មានយុទ្ធសាស្ត្រ៖ លក់ចេញតាមតែចិត្តចង់ ឬលក់នៅពេលទីផ្សារកំពុងជោកជាំ នាំឱ្យត្រូវគេបង្អាប់ថ្លៃ។

គន្លឹះគ្រប់គ្រងដើម្បីប្រាក់ចំណេញ

ប្រាក់ចំណេញមិនមែនបានមកពី​ហេង​ ឬសំណាង​នោះទេ ប៉ុន្តែវាបានមកពីការគ្រប់គ្រង​បាន​ត្រឹមត្រួវ​។

  • តាមដានការស៊ីចំណីប្រចាំថ្ងៃ៖ ដឹងច្បាស់ថាមាន់ស៊ីអស់ប៉ុន្មាន និងឡើងសាច់បានប៉ុន្មាន ធៀប​ចំណី និង​គីឡូរបស់​មាន់​។
  • តាមដានអត្រាងាប់ឱ្យបានហ្មត់ចត់​៖ រាល់ក្បាលមាន់ដែលងាប់ គឺជាដើមទុនដែលបាត់បង់ ត្រូវរកមូលហេតុឱ្យឃើញភ្លាម។
  • ទិញដោយឆ្លាតវៃ៖ ជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពក្នុងតម្លៃសមរម្យ មិនមែនឱ្យតែថ្លៃគឺសុទ្ធតែល្អនោះទេ។
  • បង្ការមុនព្យាបាល៖ អនាម័យ និងវ៉ាក់សាំង គឺជាខែលការពារប្រាក់ចំណេញរបស់បងប្អូន។
  • លក់នៅពេលតម្រូវការខ្ពស់៖ រៀបចំផែនការឱ្យមាន់គ្រប់គីឡូលក់នៅចំរដូវបុណ្យទាន ឬពេលដែលទីផ្សារខ្វះខាតសាច់មាន់។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកសិកម្មមកពី អង្គការ FAO និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ២ ដែលកសិករគួរយល់ដឹង៖

  • កម្លាំងពលកម្ម​៖ កសិករច្រើនតែភ្លេចគិតពី​កម្លាំងពលកម្មខ្លួនឯង​ចូលក្នុងដើមទុន។ ប្រសិនបើបងប្អូនចិញ្ចឹមមាន់បានចំណេញតិចជាងការទៅធ្វើការឱ្យគេ នោះមានន័យថាអាជីវកម្មបងប្អូនមិនទាន់មានប្រសិទ្ធភាពសេដ្ឋកិច្ចនៅឡើយទេ។
  • ទំហំផលិតកម្ម​៖ អ្នកជំនាញសង្កត់ធ្ងន់ថា ការចិញ្ចឹមក្នុងបរិមាណតិចតួចពេក ធ្វើឱ្យថ្លៃដើមដឹកជញ្ជូន និងការទិញចំណីហក់ឡើងខ្ពស់។ ការចិញ្ចឹមក្នុងបរិមាណសមស្របដែលទីផ្សារត្រូវការ នឹងជួយកាត់បន្ថយថ្លៃដើមជាមធ្យមលើមាន់មួយក្បាល។

ប្រសិនបើបងប្អូនមិនអាចតាមដានតួលេខ​បានទេ​ បងប្អូនក៏មិនអាចធ្វើឱ្យការ​ចិញ្ចឹម​មាន់​រីកចម្រើន​បានដែរ​។ សូមកុំចិញ្ចឹមមាន់តាមបែបផ្សងសំណាង តែត្រូវចិញ្ចឹមដោយប្រើតួលេខ និងបច្ចេកទេស។ ប្រសិនបើបងប្អូនចង់ផ្លាស់ប្តូរពី​កសិករហត់តែខ្លួន ទៅជា​សហគ្រិនកសិកម្មមានប្រាក់ចំណេញ បងប្អូនត្រូវចាប់ផ្ដើមកត់ត្រា និងគ្រប់គ្រងរាល់កាក់សេន​ចាប់ពីថ្ងៃនេះតទៅ។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Nualter Herbovet