បងប្អូនកសិករជាច្រើនកំពុងខិតខំប្រឹងប្រែងចិញ្ចឹមនិងថែមាន់ទាំងយប់ទាំងថ្ងៃ ប៉ុន្តែនៅចុងបញ្ចប់នៃវគ្គចិញ្ចឹម បែរជាមិនឃើញប្រាក់ចំណេញ ឬខាតបង់ទៅវិញ។ សំនួរដ៏សំខាន់គឺ តើលុយទាំងនោះបាត់ទៅណា?
អ្នកជំនាញខាងការងារនេះលើកឡើងថាការចិញ្ចឹមមាន់គឺជាអាជីវកម្ម មិនមែនជាការផ្សងសំណាង។ នេះគឺជាការវិភាគពីមូលហេតុដែលនាំឱ្យខាតបង់ និងគន្លឹះឆ្ពោះទៅរកប្រាក់ចំណេញ។

មូលហេតុចម្បងដែលនាំឱ្យកសិករខាតបង់
តាមការសង្កេតរបស់អ្នកជំនាញ កសិករភាគច្រើនធ្លាក់ក្នុងអន្ទាក់នៃកត្តា ៥ យ៉ាង៖
- ការមិនកត់ត្រាទិន្នន័យ៖ បើបងប្អូនមិនដឹងថាចំណាយអស់ប៉ុន្មានលើចំណី និងថ្នាំ នោះបងប្អូនក៏មិនដឹងថាត្រូវលក់ក្នុងតម្លៃប៉ុន្មានដើម្បីចំណេញដែរ។
- ការខ្ជះខ្ជាយចំណី៖ ចំណីគឺជាការចំណាយធំបំផុត (អាចដល់៧០% នៃដើមទុន)។ ស្នូកចំណីមិនត្រឹមត្រូវ ឬការដាក់ចំណីហូរហៀរ គឺជាការបោះលុយចោលដោយមិនដឹងខ្លួន។
- ការបង្ការជំងឺមានកម្រិត៖ កសិករខ្លះមិនធ្វើវ៉ាក់សាំងមាន់ទេ រង់ចាំទាល់មាន់ឈឺទើបដើររកទិញថ្នាំព្យាបាល។ ការព្យាបាលយឺតពេល មិនត្រឹមតែអស់លុយថ្លៃថ្នាំទេ តែថែមទាំងបាត់បង់មាន់ទៀតផង។
- ការទិញសម្ភារៈដោយគ្មានផែនការជាមុន៖ ការជឿតាមការផ្សាយពាណិជ្ជកម្មដោយទិញថ្នាំ ឬចំណីថ្លៃៗដែលមិនចាំបាច់ ធ្វើឱ្យដើមទុនហក់ឡើងខ្ពស់។
- ការលក់ដោយគ្មានយុទ្ធសាស្ត្រ៖ លក់ចេញតាមតែចិត្តចង់ ឬលក់នៅពេលទីផ្សារកំពុងជោកជាំ នាំឱ្យត្រូវគេបង្អាប់ថ្លៃ។
គន្លឹះគ្រប់គ្រងដើម្បីប្រាក់ចំណេញ
ប្រាក់ចំណេញមិនមែនបានមកពីហេង ឬសំណាងនោះទេ ប៉ុន្តែវាបានមកពីការគ្រប់គ្រងបានត្រឹមត្រួវ។
- តាមដានការស៊ីចំណីប្រចាំថ្ងៃ៖ ដឹងច្បាស់ថាមាន់ស៊ីអស់ប៉ុន្មាន និងឡើងសាច់បានប៉ុន្មាន ធៀបចំណី និងគីឡូរបស់មាន់។
- តាមដានអត្រាងាប់ឱ្យបានហ្មត់ចត់៖ រាល់ក្បាលមាន់ដែលងាប់ គឺជាដើមទុនដែលបាត់បង់ ត្រូវរកមូលហេតុឱ្យឃើញភ្លាម។
- ទិញដោយឆ្លាតវៃ៖ ជ្រើសរើសវត្ថុធាតុដើមដែលមានគុណភាពក្នុងតម្លៃសមរម្យ មិនមែនឱ្យតែថ្លៃគឺសុទ្ធតែល្អនោះទេ។
- បង្ការមុនព្យាបាល៖ អនាម័យ និងវ៉ាក់សាំង គឺជាខែលការពារប្រាក់ចំណេញរបស់បងប្អូន។
- លក់នៅពេលតម្រូវការខ្ពស់៖ រៀបចំផែនការឱ្យមាន់គ្រប់គីឡូលក់នៅចំរដូវបុណ្យទាន ឬពេលដែលទីផ្សារខ្វះខាតសាច់មាន់។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកសិកម្មមកពី អង្គការ FAO និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ២ ដែលកសិករគួរយល់ដឹង៖
- កម្លាំងពលកម្ម៖ កសិករច្រើនតែភ្លេចគិតពីកម្លាំងពលកម្មខ្លួនឯងចូលក្នុងដើមទុន។ ប្រសិនបើបងប្អូនចិញ្ចឹមមាន់បានចំណេញតិចជាងការទៅធ្វើការឱ្យគេ នោះមានន័យថាអាជីវកម្មបងប្អូនមិនទាន់មានប្រសិទ្ធភាពសេដ្ឋកិច្ចនៅឡើយទេ។
- ទំហំផលិតកម្ម៖ អ្នកជំនាញសង្កត់ធ្ងន់ថា ការចិញ្ចឹមក្នុងបរិមាណតិចតួចពេក ធ្វើឱ្យថ្លៃដើមដឹកជញ្ជូន និងការទិញចំណីហក់ឡើងខ្ពស់។ ការចិញ្ចឹមក្នុងបរិមាណសមស្របដែលទីផ្សារត្រូវការ នឹងជួយកាត់បន្ថយថ្លៃដើមជាមធ្យមលើមាន់មួយក្បាល។
ប្រសិនបើបងប្អូនមិនអាចតាមដានតួលេខបានទេ បងប្អូនក៏មិនអាចធ្វើឱ្យការចិញ្ចឹមមាន់រីកចម្រើនបានដែរ។ សូមកុំចិញ្ចឹមមាន់តាមបែបផ្សងសំណាង តែត្រូវចិញ្ចឹមដោយប្រើតួលេខ និងបច្ចេកទេស។ ប្រសិនបើបងប្អូនចង់ផ្លាស់ប្តូរពីកសិករហត់តែខ្លួន ទៅជាសហគ្រិនកសិកម្មមានប្រាក់ចំណេញ បងប្អូនត្រូវចាប់ផ្ដើមកត់ត្រា និងគ្រប់គ្រងរាល់កាក់សេនចាប់ពីថ្ងៃនេះតទៅ។
ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Nualter Herbovet
