ជីលាមកជ្រូក​ល្អ​ចំពោះឫស និង​ផ្ការបស់ដំណាំ​

បន្ទាប់ពីយើងបានជជែកគ្នាអំពីលាមកមាន់ និងលាមកគោរួចមក នៅមានប្រភពជីសរីរាង្គដ៏មានឥទ្ធិពលមួយទៀតដែលកសិករខ្មែរយើងជួនកាលមើលរំលង ឬមិនហ៊ានប្រើដោយសារខ្លាចក្លិន និងមេរោគ។ នោះគឺ ជីលាមកជ្រូក។ យោងតាមការចុះផ្សាយរបស់ Gardening Know How និងអ្នកជំនាញកសិកម្ម លាមកជ្រូកគឺជាជីបំប៉នដីដ៏ពូកែមួយ​​ប្រសិនបើបងប្អូនចេះវិធីផ្សំ​វាឱ្យបានត្រឹមត្រូវ។

១. ការប្រៀបធៀបសារធាតុចិញ្ចឹម N-P-K

ដើម្បីឱ្យបងប្អូនងាយយល់ សូមមើលតារាងប្រៀបធៀបកំហាប់សារធាតុចិញ្ចឹមជាមធ្យមខាងក្រោមនេះ៖

ប្រភេទជីសរីរាង្គអាសូត (N)ផូស្វ័រ (P)ប៉ូតាស្យូម (K)កម្រិតកម្ដៅ និងសកម្មភាព
លាមកមាន់ខ្ពស់បំផុត (៣-៥%)មធ្យមមធ្យមជីក្ដៅខ្លាំង (ឆេះដំណាំលឿន)
លាមកជ្រូកមធ្យម (២-៣%)ខ្ពស់មធ្យមជីមធ្យម (ល្អសម្រាប់ឫស និងផ្កា)
លាមកគោទាប (០,៥-១,៥%)ទាបខ្ពស់ជីត្រជាក់ (ល្អសម្រាប់កែប្រែដី)

ចំណុចពិសេសនៃលាមកជ្រូក​គឺ​សម្បូរទៅដោយជាតិ ផូស្វ័រ (P) ច្រើនជាងលាមកគោ ដែលជួយឱ្យឫសដំណាំដុះបានរឹងមាំ និងជំរុញ​ការចេញផ្កាបានល្អ។

២. ហេតុអ្វីមិនត្រូវប្រើលាមកជ្រូកស្រស់?

នេះគឺជាចំណុចសំខាន់បំផុត! ខុសពីសត្វគោដែលស៊ីតែស្មៅ ជ្រូកគឺជាសត្វស៊ីចម្រុះ (ដូចមនុស្សដែរ)។ ដូច្នេះ លាមកជ្រូកស្រស់អាចមានផ្ទុកនូវ៖

  • មេរោគ និងបាក់តេរី៖ ដូចជា E. coli និង Salmonella
  • ស៊ុតព្រូន និងប៉ារ៉ាស៊ីត៖ ដែលអាចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ ឬការបរិភោគបន្លែដែលដាំជាមួយលាមកស្រស់។

អ្នកជំនាញនែ​នាំ​កុំយកលាមកជ្រូកស្រស់ទៅបាចក្នុងចម្ការបន្លែស្លឹកដែលបងប្អូនត្រូវបេះហូបឆៅឱ្យសោះ​។​

៣. របៀបធ្វើជីកំប៉ុស្តលាមកជ្រូកឱ្យមានសុវត្ថិភាព

ដើម្បីសម្លាប់មេរោគ និងគ្រាប់ស្មៅ បងប្អូនត្រូវធ្វើកំប៉ុស្ដ​៖

  • ការលាយបញ្ជូលគ្នា៖ លាយលាមកជ្រូកជាមួយសារធាតុដែលមានជាតិកាបូនខ្ពស់ (ដូចជា ចំបើងស្ងួត ស្លឹកឈើក្រៀម ឬអង្កាម) ក្នុងសមាមាត្រ ១ ភាគ ៣ (លាមក ១ ភាគ សំណល់រុក្ខជាតិ២​ភាគ)។
  • រក្សាសំណើម៖ ស្រោចទឹកឱ្យសើមល្មម (ក្តាប់ទៅជាប់ដៃ តែគ្មានទឹកស្រក់តាមចន្លោះម្រាមដៃ)។
  • ការផ្អាប់ឡើងកម្ដៅ៖ គំនរជីត្រូវមានកម្ពស់យ៉ាងតិច ១ ម៉ែត្រ។ ក្នុងរយៈពេលពីរបីថ្ងៃ វានឹងឡើងកម្ដៅខ្លាំង ចន្លោះពី ៥០អង្សាសេ ទៅ ៦៥អង្សាសេ ។ កម្ដៅនេះហើយដែលជាអ្នកសម្លាប់មេរោគ និងប៉ារ៉ាស៊ីត។
  • ការត្រឡប់គំនរជី៖ ត្រូវត្រឡប់គំនរជីរៀងរាល់ ១ ទៅ ២ សប្តាហ៍ម្តង ដើម្បីឱ្យខ្យល់ចេញចូល​។
  • រយៈពេលប្រើប្រាស់៖ គួរទុកឱ្យរលួយសព្វរយៈពេល ៤ ទៅ ៦ ខែ ទើបយកទៅប្រើប្រាស់បានដោយសុវត្ថិភាពបំផុត។

យោងតាម ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងការណែនាំបច្ចេកទេសពី វិទ្យាស្ថាន CARDI លាមកជ្រូកដែលបានផ្អាប់រលួយត្រឹមត្រូវ គឺជាភ្នាក់ងារកែលម្អរចនាសម្ព័ន្ធដីដ៏ល្អ​ ព្រោះវាជួយឱ្យដីខ្សាច់អាចរក្សាទឹកបានល្អ និងជួយឱ្យដីឥដ្ឋក្លាយជាធូរ។

ប្រសិនបើប្រើជីលាមកសត្វ (ដែលមិនទាន់រលួយល្អ ១០០%) ត្រូវបាចវាឱ្យបានយ៉ាងតិច ១២០ ថ្ងៃ មុនពេលប្រមូលផលបន្លែដែលដុះជាប់ដី ដើម្បីធានាថាមេរោគត្រូវបានងាប់អស់ដោយសារកម្តៅថ្ងៃ និងធម្មជាតិ។

លាមកជ្រូកមិនមែនជាកាកសំណល់ដែលគួរឱ្យខ្លាចនោះទេ វាគឺជាប្រភព​នៃ​ជីជាតិ។ ឱ្យតែបងប្អូនអនុវត្តតាមក្បួនផ្អាប់ឱ្យរលួយ សម្លាប់មេរោគ នោះបងប្អូននឹងចំណេញថវិកាទិញជី N-P-K បានយ៉ាងច្រើន ហើយដីចម្ការរបស់បងប្អូននឹងមានជីជាតិយូរអង្វែង។

ដោយ៖ ចាន់ តារា
ប្រភព៖ Gardening Know How/ USDA