បន្ទាប់ពីយើងបានជជែកគ្នាអំពីលាមកមាន់ និងលាមកគោរួចមក នៅមានប្រភពជីសរីរាង្គដ៏មានឥទ្ធិពលមួយទៀតដែលកសិករខ្មែរយើងជួនកាលមើលរំលង ឬមិនហ៊ានប្រើដោយសារខ្លាចក្លិន និងមេរោគ។ នោះគឺ ជីលាមកជ្រូក។ យោងតាមការចុះផ្សាយរបស់ Gardening Know How និងអ្នកជំនាញកសិកម្ម លាមកជ្រូកគឺជាជីបំប៉នដីដ៏ពូកែមួយប្រសិនបើបងប្អូនចេះវិធីផ្សំវាឱ្យបានត្រឹមត្រូវ។

១. ការប្រៀបធៀបសារធាតុចិញ្ចឹម N-P-K
ដើម្បីឱ្យបងប្អូនងាយយល់ សូមមើលតារាងប្រៀបធៀបកំហាប់សារធាតុចិញ្ចឹមជាមធ្យមខាងក្រោមនេះ៖
| ប្រភេទជីសរីរាង្គ | អាសូត (N) | ផូស្វ័រ (P) | ប៉ូតាស្យូម (K) | កម្រិតកម្ដៅ និងសកម្មភាព |
| លាមកមាន់ | ខ្ពស់បំផុត (៣-៥%) | មធ្យម | មធ្យម | ជីក្ដៅខ្លាំង (ឆេះដំណាំលឿន) |
| លាមកជ្រូក | មធ្យម (២-៣%) | ខ្ពស់ | មធ្យម | ជីមធ្យម (ល្អសម្រាប់ឫស និងផ្កា) |
| លាមកគោ | ទាប (០,៥-១,៥%) | ទាប | ខ្ពស់ | ជីត្រជាក់ (ល្អសម្រាប់កែប្រែដី) |
ចំណុចពិសេសនៃលាមកជ្រូកគឺសម្បូរទៅដោយជាតិ ផូស្វ័រ (P) ច្រើនជាងលាមកគោ ដែលជួយឱ្យឫសដំណាំដុះបានរឹងមាំ និងជំរុញការចេញផ្កាបានល្អ។
២. ហេតុអ្វីមិនត្រូវប្រើលាមកជ្រូកស្រស់?
នេះគឺជាចំណុចសំខាន់បំផុត! ខុសពីសត្វគោដែលស៊ីតែស្មៅ ជ្រូកគឺជាសត្វស៊ីចម្រុះ (ដូចមនុស្សដែរ)។ ដូច្នេះ លាមកជ្រូកស្រស់អាចមានផ្ទុកនូវ៖
- មេរោគ និងបាក់តេរី៖ ដូចជា E. coli និង Salmonella។
- ស៊ុតព្រូន និងប៉ារ៉ាស៊ីត៖ ដែលអាចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ ឬការបរិភោគបន្លែដែលដាំជាមួយលាមកស្រស់។
អ្នកជំនាញនែនាំកុំយកលាមកជ្រូកស្រស់ទៅបាចក្នុងចម្ការបន្លែស្លឹកដែលបងប្អូនត្រូវបេះហូបឆៅឱ្យសោះ។

៣. របៀបធ្វើជីកំប៉ុស្តលាមកជ្រូកឱ្យមានសុវត្ថិភាព
ដើម្បីសម្លាប់មេរោគ និងគ្រាប់ស្មៅ បងប្អូនត្រូវធ្វើកំប៉ុស្ដ៖
- ការលាយបញ្ជូលគ្នា៖ លាយលាមកជ្រូកជាមួយសារធាតុដែលមានជាតិកាបូនខ្ពស់ (ដូចជា ចំបើងស្ងួត ស្លឹកឈើក្រៀម ឬអង្កាម) ក្នុងសមាមាត្រ ១ ភាគ ៣ (លាមក ១ ភាគ សំណល់រុក្ខជាតិ២ភាគ)។
- រក្សាសំណើម៖ ស្រោចទឹកឱ្យសើមល្មម (ក្តាប់ទៅជាប់ដៃ តែគ្មានទឹកស្រក់តាមចន្លោះម្រាមដៃ)។
- ការផ្អាប់ឡើងកម្ដៅ៖ គំនរជីត្រូវមានកម្ពស់យ៉ាងតិច ១ ម៉ែត្រ។ ក្នុងរយៈពេលពីរបីថ្ងៃ វានឹងឡើងកម្ដៅខ្លាំង ចន្លោះពី ៥០អង្សាសេ ទៅ ៦៥អង្សាសេ ។ កម្ដៅនេះហើយដែលជាអ្នកសម្លាប់មេរោគ និងប៉ារ៉ាស៊ីត។
- ការត្រឡប់គំនរជី៖ ត្រូវត្រឡប់គំនរជីរៀងរាល់ ១ ទៅ ២ សប្តាហ៍ម្តង ដើម្បីឱ្យខ្យល់ចេញចូល។
- រយៈពេលប្រើប្រាស់៖ គួរទុកឱ្យរលួយសព្វរយៈពេល ៤ ទៅ ៦ ខែ ទើបយកទៅប្រើប្រាស់បានដោយសុវត្ថិភាពបំផុត។
យោងតាម ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងការណែនាំបច្ចេកទេសពី វិទ្យាស្ថាន CARDI លាមកជ្រូកដែលបានផ្អាប់រលួយត្រឹមត្រូវ គឺជាភ្នាក់ងារកែលម្អរចនាសម្ព័ន្ធដីដ៏ល្អ ព្រោះវាជួយឱ្យដីខ្សាច់អាចរក្សាទឹកបានល្អ និងជួយឱ្យដីឥដ្ឋក្លាយជាធូរ។
ប្រសិនបើប្រើជីលាមកសត្វ (ដែលមិនទាន់រលួយល្អ ១០០%) ត្រូវបាចវាឱ្យបានយ៉ាងតិច ១២០ ថ្ងៃ មុនពេលប្រមូលផលបន្លែដែលដុះជាប់ដី ដើម្បីធានាថាមេរោគត្រូវបានងាប់អស់ដោយសារកម្តៅថ្ងៃ និងធម្មជាតិ។
លាមកជ្រូកមិនមែនជាកាកសំណល់ដែលគួរឱ្យខ្លាចនោះទេ វាគឺជាប្រភពនៃជីជាតិ។ ឱ្យតែបងប្អូនអនុវត្តតាមក្បួនផ្អាប់ឱ្យរលួយ សម្លាប់មេរោគ នោះបងប្អូននឹងចំណេញថវិកាទិញជី N-P-K បានយ៉ាងច្រើន ហើយដីចម្ការរបស់បងប្អូននឹងមានជីជាតិយូរអង្វែង។
ដោយ៖ ចាន់ តារា
ប្រភព៖ Gardening Know How/ USDA
