ជារៀងរាល់ឆ្នាំ នៅពេលរដូវប្រមូលផលមកដល់ វាមិនមែនជាពេលវេលានៃភាពរីករាយទាំងស្រុងសម្រាប់កសិករគ្រប់រូបនោះទេ។ សម្រាប់អ្នកខ្លះ ការច្រូតកាត់គឺជាគ្រាន់តែជាការផ្ទេរលុយពីដៃម្ខាង(កសិផល) ទៅដៃម្ខាងទៀត(ម្ចាស់បំណុល) តែប៉ុណ្ណោះ។ តើហេតុអ្វីបានជាកសិករយើងធ្លាក់ក្នុងការលំបាកនេះ?

១. ឫសគល់នៃបញ្ហា៖ ហេតុអ្វីបានជាយើងដាំដុះដើម្បីតែសងគេ?
យោងតាមទិន្នន័យសេដ្ឋកិច្ចកសិកម្ម ហានិភ័យចាប់ផ្តើមតាំងពីគ្រាប់ពូជមិនទាន់ដាក់ចុះដី។ដើមទុនខ្ពស់ ប៉ុន្តែគ្មានប្រាក់សន្សំ។ មុននឹងបានផល កសិករមួយចំនួនត្រូវចំណាយលើ គ្រាប់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ប្រេងឥន្ធនៈ និងកម្លាំងពលកម្ម។ នៅពេលគ្មានប្រាក់សន្សំផ្ទាល់ខ្លួន ឬទុកផ្ទាល់ខ្លួនខ្លះ កសិករត្រូវបង្ខំចិត្តខ្ចីបុលពីធនាគារ ឬចងការប្រាក់ក្រៅផ្លូវការដែលមានការប្រាក់ខ្ពស់ខ្លាំង។
នៅពេលប្រមូលផលកសិករមួយចំនួនត្រូវបង្ខំចិត្តលក់ចេញព្រោះតែសម្ពាធបំណុល។ នៅពេលប្រមូលផល កសិករត្រូវការលុយបន្ទាន់ដើម្បីសងបំណុលតាមកាលកំណត់។ នេះជាឱកាសឱ្យឈ្មួញកណ្តាលបង្អាប់ថ្លៃ ព្រោះដឹងថាទោះថោកយ៉ាងណាក៏កសិករត្រូវតែលក់ដែរ។
វដ្តបំណុលដែលតែងកើតមានលើកសិករមួយចំនួន។ កសិករខ្លះខ្ចីបុលដើម្បីដាំពេលដាំបានផលយកទៅសងបំណុល បន្ទាប់ពីសងរួចក៏អស់លុយសម្រាប់ចាយ ឬលុយសម្រាប់ជាទុនសម្រាប់រដូវបន្ទាប់។ ហេតុនេះកសិករត្រូវខ្ចីម្ដងទៀតដើម្បីដាំបន្ត។ នេះហៅថាការធ្វើកសិកម្មបានតែមួយរស់ មិនមែនធ្វើដើម្បីបានចំណេញឡើយ។
២. ផលវិបាកដែលមើលមិនឃើញ
បំណុលមិនត្រឹមតែធ្វើឱ្យយើងអស់លុយប៉ុណ្ណោះទេ ប៉ុន្តែវាបង្កផលប៉ះពាល់យូរអង្វែង។ ទីមួយការបាត់បង់ទ្រព្យសម្បត្តិ។ នៅពេលកសិផលខូចខាតដោយសារអាកាសធាតុ ឬគ្រោះធម្មជាតិផ្សេងទៀត កសិករគ្មានលុយសងបំណុល ក៏ឈានដល់ការបញ្ចាំ ឬលក់ដីស្រែដែលជាឆ្នាំងបាយចុងក្រោយរបស់ខ្លួនដើម្បីដោះស្រាយបំណុល។
អ្វីដែលគួរឲ្យបារម្ភគឺផលប៉ះពាល់លើសុខភាពផ្លូវចិត្ត។ សម្ពាធបំណុលធ្វើឱ្យកសិករមានភាពតានតឹង បាត់បង់ភាពច្នៃប្រឌិត និងអាចឈានដល់ការសម្រេចចិត្តប្រថុយប្រថានកាន់តែខ្លាំងដូចជាការចំណាកស្រុកទាំងប្រថុយប្រថាន ឬខុសច្បាប់ជាដើម។
អ្នកជំនាញសេដ្ឋកិច្ចកសិកម្មលើកឡើងថាបញ្ហាមិនមែនស្ថិតលើកសិករមិនខំធ្វើការទេ ប៉ុន្តែស្ថិតលើថ្លៃឥណទានដែលទទួលបានមានការប្រាក់ខ្ពស់។ ប្រសិនបើកសិករខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់ជាងអត្រាកំណើននៃទិន្នផល នោះទោះបីជាដាំបានផលល្អយ៉ាងណាក៏នៅតែខាតដែរ។
អ្នកជំនាញពីស្ថាប័នកសិកម្មដូចជា FAO បានពន្យល់ថាកសិករត្រូវប្តូរពីការធ្វើកសិកម្មតាមគ្នាមកជាការធ្វើតាមផែនការទីផ្សារ។ ការចងក្រងជាសហគមន៍គឺជាខែលការពារកសិករពីការទម្លាក់តម្លៃពីឈ្មួញកណ្តាល និងជួយឱ្យទទួលបានកម្ចីកសិកម្មដែលមានការប្រាក់ទាប។

៣. ដំណោះស្រាយ៖ តើធ្វើដូចម្តេចដើម្បីការពារខ្លួនពីការជាប់បំណុល?
ដើម្បីឈប់រស់ក្នុងបំណុល បងប្អូនកសិករគួរពិចារណាលើចំណុចទាំងនេះ។ ទីមួយកាត់បន្ថយចំណាយលើធាតុចូល។ កសិករយើងត្រូវព្យាយាមផលិតជីកំប៉ុស ឬថ្នាំកសិកម្មធម្មជាតិដោយខ្លួនឯង ដើម្បីកាត់បន្ថយការទិញពីក្រៅដែលត្រូវប្រើលុយកម្ចី។ ទីពីរកុំពឹងលើដំណាំតែមួយមុខ។ យើងត្រូវដាំដំណាំរួមផ្សំ ឬចិញ្ចឹមសត្វដែលផ្តល់ចំណូលប្រចាំថ្ងៃ (ដូចជា បន្លែ បង្ការ ឬស៊ុត-សាច់) ដើម្បីយកមកទប់ទល់ការចំណាយប្រចាំថ្ងៃ ជៀសវាងការខ្ចីបុលដើម្បីតែទិញម្ហូប។
ចំណុចមួយទៀតគឺការចងក្រងគ្នាជាសហគមន៍កសិកម្ម។ ការលក់រួមគ្នាជួយឱ្យបងប្អូនមានអំណាចចរចាតម្លៃជាមួយក្រុមហ៊ុនធំៗ និងអាចរក្សាទុកកសិផលក្នុងឃ្លាំងរួមបាន ដើម្បីរង់ចាំពេលតម្លៃឡើងខ្ពស់ ទើបលក់ចេញ។ បន្ថែមពីនេះគឺការបង្កើតកញ្ចប់ថវិកាបម្រុង។ រាល់ពេលលក់បានផល យើងត្រូវដកប្រាក់មួយផ្នែកតូចទុកជាដើមទុនសម្រាប់រដូវក្រោយ ជៀសវាងការខ្ចីគេ ១០០% នៃទុនទាំងអស់។
ដូចគ្នាដែរការពិភាក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីបានប្រាក់កម្ចីមានអត្រាការប្រាក់ទាប។ យើងគួរជ្រើសរើសប្រភេទឥណទានកសិកម្មដែលមានលក្ខខណ្ឌបង់សងបត់បែន និងមានអត្រាការប្រាក់ទាប។ បើអាចការបង់សង គួរបង់តែការប្រាក់ប្រចាំខែ ហើយចាំសងដើមវិញនៅពេលប្រមូលផល។
ការធ្វើកសិកម្មគឺជាអាជីវកម្ម។ អាជីវកម្មដែលជោគជ័យមិនមែនវាស់វែងលើតែទិន្នផលច្រើនឬតិចនោះទេ ប៉ុន្តែវាស់វែងលើប្រាក់ចំណេញដែលនៅសល់ក្នុងហោប៉ៅរបស់យើងបន្ទាប់ពីទូទាត់បំណុលរួច។
តើបងប្អូនមានបទពិសោធន៍ ឬជួបប្រទះបញ្ហាប្រឈមជាមួយការគ្រប់គ្រងបំណុលកសិកម្មនេះដែរឬទេ? ចង់ចែករំលែកបទពិសោធអាចទាក់ទងមកហ្វេសប៊ុកផេក កសិ៕
ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Family Farming Knowledge
