កសិករ​មួយ​ចំនួន​ប្រមូល​ផលបាន​គ្រាន់តែ​សងបំណុល តើ​គួរ​ដោះស្រាយ​បែបណា?

ជារៀងរាល់ឆ្នាំ នៅពេលរដូវប្រមូលផលមកដល់ វាមិនមែនជាពេលវេលានៃភាពរីករាយទាំង​ស្រុងសម្រាប់កសិករគ្រប់រូបនោះទេ។ សម្រាប់អ្នកខ្លះ ការច្រូតកាត់គឺជាគ្រាន់តែជាការផ្ទេរលុយពីដៃម្ខាង(កសិផល) ទៅដៃម្ខាងទៀត(ម្ចាស់បំណុល) តែប៉ុណ្ណោះ។ តើហេតុអ្វីបានជាកសិករយើងធ្លាក់ក្នុងការ​លំបាកនេះ?

១. ឫសគល់នៃបញ្ហា៖ ហេតុអ្វីបានជាយើងដាំដុះដើម្បីតែសងគេ?

យោងតាមទិន្នន័យសេដ្ឋកិច្ចកសិកម្ម ហានិភ័យចាប់ផ្តើមតាំងពីគ្រាប់ពូជមិនទាន់ដាក់ចុះដី​។​ដើមទុនខ្ពស់ ប៉ុន្តែគ្មានប្រាក់សន្សំ។ មុននឹងបានផល កសិករ​មួយ​ចំនួន​ត្រូវចំណាយលើ គ្រាប់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ប្រេងឥន្ធនៈ និងកម្លាំងពលកម្ម។ នៅពេលគ្មានប្រាក់សន្សំផ្ទាល់​ខ្លួន ឬ​ទុក​ផ្ទាល់​ខ្លួន​ខ្លះ​ កសិករត្រូវបង្ខំចិត្តខ្ចីបុលពីធនាគារ ឬចងការប្រាក់ក្រៅផ្លូវការ​ដែលមានការប្រាក់ខ្ពស់ខ្លាំង។

នៅពេល​ប្រមូល​ផល​កសិករ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​លក់​ចេញ​ព្រោះតែសម្ពាធបំណុល។ នៅពេលប្រមូលផល កសិករត្រូវការលុយបន្ទាន់ដើម្បីសងបំណុលតាមកាលកំណត់។ នេះជាឱកាសឱ្យឈ្មួញកណ្តាលបង្អាប់ថ្លៃ ព្រោះដឹងថាទោះថោកយ៉ាងណាក៏កសិករត្រូវតែលក់ដែរ។

វដ្តបំណុលដែល​តែង​កើត​មា​ន​លើ​កសិករ​មួយ​ចំនួន​។​ កសិករខ្លះ​ខ្ចីបុលដើម្បីដាំ​ពេល​ដាំបានផលយកទៅសង​បំណុល បន្ទាប់​ពី​​សងរួចក៏​អស់លុយសម្រាប់​ចាយ ឬ​លុយ​សម្រាប់​ជាទុន​សម្រាប់​រដូវ​បន្ទាប់​។ ហេតុ​នេះ​កសិករ​ត្រូវខ្ចីម្ដងទៀតដើម្បីដាំបន្ត។ នេះហៅថាការធ្វើកសិកម្មបាន​តែមួយ​រស់ មិនមែនធ្វើដើម្បីបាន​ចំណេញឡើយ។

២. ផលវិបាកដែលមើលមិនឃើញ

បំណុលមិនត្រឹមតែធ្វើឱ្យយើងអស់លុយប៉ុណ្ណោះទេ ប៉ុន្តែវាបង្កផលប៉ះពាល់យូរអង្វែង​។ ទី​មួយ​ការបាត់បង់ទ្រព្យសម្បត្តិ។ នៅពេលកសិផលខូចខាតដោយសារអាកាសធាតុ ឬគ្រោះធម្មជាតិ​ផ្សេង​ទៀត កសិករគ្មានលុយសងបំណុល ក៏ឈានដល់ការបញ្ចាំ ឬលក់ដីស្រែដែលជាឆ្នាំងបាយចុងក្រោយរបស់​ខ្លួន​ដើម្បី​ដោះស្រាយ​បំណុល​។

អ្វីដែល​គួរ​ឲ្យ​បារម្ភ​គឺ​ផលប៉ះពាល់លើ​សុខភាព​ផ្លូវចិត្ត។​ សម្ពាធបំណុលធ្វើឱ្យកសិករមានភាពតានតឹង បាត់បង់ភាពច្នៃប្រឌិត និងអាច​ឈាន​ដល់​ការសម្រេចចិត្តប្រថុយប្រថានកាន់តែខ្លាំង​ដូច​ជា​ការ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន ឬខុសច្បាប់ជា​ដើ​ម​។

អ្នកជំនាញសេដ្ឋកិច្ចកសិកម្មលើក​ឡើងថា​បញ្ហាមិនមែនស្ថិតលើកសិករមិនខំធ្វើការទេ ប៉ុន្តែស្ថិតលើថ្លៃឥណទានដែល​ទទួល​បាន​មានការប្រាក់ខ្ពស់​។ ប្រសិនបើកសិករខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់ជាង​អត្រាកំណើននៃទិន្នផល នោះទោះបីជាដាំបានផលល្អយ៉ាងណាក៏នៅតែខាតដែរ​។

អ្នកជំនាញពីស្ថាប័នកសិកម្មដូច​ជា FAO បាន​ពន្យល់​ថាកសិករត្រូវប្តូរពីការ​ធ្វើកសិកម្ម​​តាមគ្នា​មកជាការ​ធ្វើតាមផែនការទីផ្សារ។ ការចងក្រងជាសហគមន៍គឺជាខែលការពារកសិករពីការទម្លាក់​តម្លៃពីឈ្មួញកណ្តាល និងជួយឱ្យទទួលបានកម្ចីកសិកម្មដែលមានការប្រាក់ទាប។

៣. ដំណោះស្រាយ៖ តើធ្វើដូចម្តេចដើម្បីការពារខ្លួនពីការ​ជាប់បំណុល?

ដើម្បីឈប់រស់ក្នុងបំណុល បងប្អូនកសិករគួរពិចារណាលើចំណុចទាំងនេះ។ ទី​មួយ​កាត់បន្ថយចំណាយលើធាតុចូល។ កសិករ​យើង​ត្រូវ​ព្យាយាមផលិតជីកំប៉ុស ឬថ្នាំកសិកម្មធម្មជាតិដោយខ្លួនឯង ដើម្បីកាត់បន្ថយការទិញពីក្រៅដែលត្រូវប្រើលុយកម្ចី​។ ទី​ពីរ​កុំពឹងលើដំណាំតែមួយមុខ។ យើង​ត្រូវ​ដាំដំណាំរួមផ្សំ ឬចិញ្ចឹមសត្វដែលផ្តល់ចំណូលប្រចាំថ្ងៃ (ដូចជា បន្លែ បង្ការ ឬស៊ុត-សាច់​) ដើម្បីយកមកទប់ទល់ការចំណាយប្រចាំថ្ងៃ ជៀសវាងការខ្ចីបុលដើម្បីតែទិញម្ហូប​។

ចំណុច​មួយ​ទៀត​គឺការ​ចងក្រងគ្នា​ជាសហគមន៍កសិកម្ម។ ការលក់រួមគ្នាជួយឱ្យបងប្អូនមានអំណាចចរចាតម្លៃជាមួយក្រុមហ៊ុនធំៗ និងអាចរក្សាទុកកសិផលក្នុងឃ្លាំងរួមបាន ដើម្បីរង់ចាំពេលតម្លៃឡើងខ្ពស់ ទើបលក់ចេញ។ បន្ថែម​ពី​នេះ​គឺ​ការ​បង្កើត​កញ្ចប់ថវិកាបម្រុង។ រាល់ពេលលក់បានផល យើង​ត្រូវដកប្រាក់មួយផ្នែកតូចទុកជាដើមទុនសម្រាប់រដូវក្រោយ ជៀសវាងការខ្ចីគេ ១០០% នៃទុន​ទាំង​អស់​។

ដូច​គ្នា​ដែរ​ការ​​ពិភាក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដើម្បី​បាន​ប្រាក់​កម្ចី​មានអត្រាការប្រាក់ទាប​។ យើង​គួរ​ជ្រើសរើសប្រភេទឥណទានកសិកម្មដែលមានលក្ខខណ្ឌបង់សងបត់បែន និង​មាន​អត្រាការប្រាក់​ទាប​។​ បើ​អាច​ការ​បង់សង គួរ​បង់តែការប្រាក់ប្រចាំខែ ហើយចាំ​សងដើមវិញនៅពេលប្រមូលផល។

ការធ្វើកសិកម្មគឺជាអាជីវកម្ម។ អាជីវកម្មដែលជោគជ័យមិនមែនវាស់វែងលើ​តែ​ទិន្នផល​ច្រើនឬតិចនោះទេ ប៉ុន្តែវាស់វែងលើ​ប្រាក់ចំណេញ​ដែលនៅសល់ក្នុងហោប៉ៅរបស់យើង​បន្ទាប់ពីទូទាត់​បំណុលរួច។

តើបងប្អូនមានបទពិសោធន៍ ឬជួបប្រទះបញ្ហាប្រឈមជាមួយការគ្រប់គ្រងបំណុលកសិកម្មនេះដែរឬទេ? ចង់​ចែក​រំលែក​បទពិសោធ​អាច​ទាក់ទង​មក​ហ្វេស​ប៊ុក​ផេក កសិ​៕​

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / Family Farming Knowledge