ចំណាយ​៦០ម៉ឺន​រៀល​អាច​បាន​ឡជីវឧស្ម័ន​មួយ​​​សម្រាប់​​​ដាំស្ល ដុត​បំភ្លឺ មិនបារម្ភ​ហ្គាសឡើងថ្លៃ

ការ​ប្រើ​ប្រាស់​ឡជីវឧស្ម័ន​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​ជួយ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័នមេតានពីលាមកសត្វ ការផ្លាស់ប្តូរពីប្រើជីគីមី ដោយមកប្រើជីឡជីវ​ឧស្ម័ន និងជីកំប៉ុស្តិ៍ផ្សំពីជីឡជីវឧស្ម័ន និង​ការ​កាត់បន្ថយ​ការ​ប្រើ​ឥន្ធៈ​ដើម្បី​ចម្អិន​អាហារ។​

ឡជីវឧស្ម័នត្រូវ​បាន​រចនា​ឡើង​ដោយសភាព​រឹង​មាំ ងាយ​ស្រួល​ថែទាំ សម្ភារសាងសង់អាច​រក​បាន​ក្នុង​ស្រុក ហើយ​តំបន់​ដែល​មាន​កម្ពស់ទឹក​ខ្ពស់​ក៏​អាច​សាងសង់​បាន​ និង​មានការ​ចំណាយ​តិច​​។​

ក្នុង​ការសាង​សង់​ឡជីវឧស្ម័ន​នេះ​ អ្នក​ប្រើ​ប្រាស់​ចំណាយ​ត្រឹម​តែ​៦០ម៉ឺន​រៀលប៉ុណ្ណោះ និង​អាច​ទទួល​បានជីវឧស្ម័ន​សម្រាប់​ដុត​កម្ដៅ​កម្អិត​ម្ហូបអាហារ​បាន​យ៉ាយ​ស្រួល និង​មិន​បានរម្ភ​ពី​ការ​ឡើង​ថ្លៃ​នៃ​តម្លៃហ្គាស​។​ ឡជីវឧស្ម័ន​ក្រៅ​ពីប្រើ​សម្រាប់​ដាំ​ស្ល ក៏​អាច​ប្រើ​សម្រាប់​ដុតបំភ្លឺ​និង​ដំណើរ​ការ​ម៉ាស៊ីន​ផង​ដែរ។

មាឌ​របស់​ឡ​ជីវឧស្ម័ន​មាន​ផ្សេងៗ​គ្នា​ដែល​តូច​បំផុត​ទំហំ​បួនម៉ែតគុប និង​ធំបំផុត​ទំហំ​១០​ម៉ែត្រគុប និង​អាច​ផលិត​ជីវឧស្ម័ន​បាន​០,៨​ម៉ែត្រគុប​ទៅ​៤ម៉ែត្រគុប​ក្នុង​មួយ​ថ្ងៃ​។​

ក្នុង​មួយ​ម៉ែត្រ​គុប​ជីវឧស្ម័ន​អាច​គ្រប់​គ្រាន់​សម្រាប់​៖

  • ជំនួសឧសបាន៤-៥គីឡូក្រាម
  • ជំនួសប្រេងកាតបាន០,៦-០,៧លីត្រ
  • ជំនួយស​ធ្យូងបាន១,៦គីឡូក្រាម
  • ជំនួយ​ហ្គាស (LPG) បាន ០,៤​​គីឡូក្រាម
  • ដំណើរ​ការ​ចង្ក្រាន​ចំហអេះបាន​២ម៉ោង​កន្លះ
  • ដំណើរការ​ចង្កៀង​បាន​៥-៨​ម៉ោង
  • បង្កើត​អគ្គិសនី​បាន​ ១,៦-១,៧​គីឡូវ៉ាត់ម៉ោង
  • ដំណើរ​ការ​ម៉ាស៊ីន​ស៊ីនកម្លាំង​​១សេះ​បាន​២ម៉ោង។

ឡជីវឧស្ម័ននេះ​ស្ថិត​ក្នុង​គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន អនុវត្ត​ដោយ​ក្រ​សួង​​កសិកម្ម ដោយ​មានការ​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​អង្គការ ​Green Climate Fund នៅ​ក្នុង​ខេត្ត​ចំនួន​បួន​រួមមាន​កំពង់ចាម ត្បូងឃ្មុំ តាកែវ និង​កំពត​។

គម្រោងនេះនឹងជំរុញភាពធន់នឹងអាកាសធាតុ នៃហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗ និងជួយសម្របសម្រួលការធ្វើពាណិជ្ជកម្មដំណាំស្រូវ ពោត ដំឡូងមី និងផលិតកម្ម ស្វាយ។ គម្រោងនឹងជួយបង្កើនផលិតភាព និងការធ្វើពិពិធកម្មដំណាំ ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពសម្រាប់ស្តុកផលិតផល ដំណើរការការធ្វើតេស្តគុណភាព សុវត្ថិភាព ការលើកកម្ពស់ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពល កកើតឡើងវិញតាមរយៈការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ដល់អ្នកទទួលផល លើកកម្ពស់ការប្រើប្រាស់ ការគ្រប់គ្រង និងការស្តុកទុក ជីឡជីវឧស្ម័ន និងជីកំប៉ុស្តិ៍ផ្សំពីជីឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់លើដំណាំ។

គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នឹងសម្របសម្រួលសាងសង់ឡជីវឧស្ម័ន ចំនួន ១២.០០០ និងរោងជីកំប៉ុស្តិ៍ ចំនួន ៦.០០០ ចាប់ពីឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២៤៕

ដោយ៖ ចាន់ តារា