បងប្អូនកសិករភាគច្រើន នៅពេលឃើញម្ទេសមានស្នាមអុចខ្មៅនៅខាងក្រោមផ្លែ (ស្អុយគូទ) អាចគិតថាដីខ្វះកាល់ស្យូម ហើយក៏ប្រញាប់ទៅទិញថ្នាំមកបាញ់ភ្លាមៗ។ ប៉ុន្តែការពិត បញ្ហាមិនមែនចាប់ផ្ដើមពីផ្លែ ឬខ្វះជាតិកាល់ស្យូមក្នុងដីតែមួយមុខនោះទេ គឺវាបានកើតឡើងតាំងពីមុនពេលចេញផ្លែមកម៉្លេះ។

១. ទឹកគឺជាភ្នាក់ងារដឹកជញ្ជូនកាល់ស្យូម
កាល់ស្យូមមិនអាចដើរដោយខ្លួនឯងបានទេ វាត្រូវធ្វើដំណើរទៅជាមួយទឹក។ ប្រសិនបើចរន្តទឹកក្នុងដើមរត់មិនល្អ កាល់ស្យូមក៏មិនអាចទៅដល់ផ្លែបានដែរ។
- ដីស្ងួតពេក៖ កាល់ស្យូមមិនអាចរលាយបាន ហើយឫសក៏មិនអាចបឺតយកវាបានដែរ។
- ដីសើមពេក (ជាំទឹក)៖ ធ្វើឱ្យឫសខ្សោយ ឬរលួយ។ នៅពេលឫសមានបញ្ហា វាក៏ឈប់បឺតយកជីជាតិភ្លាមៗ។
បងប្អូនត្រូវរក្សាសំណើមដីឱ្យមានតុល្យភាព មិនស្ងួតពេក និងមិនជោកពេក។ ការដែលទុកឱ្យដីស្ងួតខ្លាំង រួចស្រោចទឹកជោកភ្លាមៗ គឺជាការបង្កកំហុសធ្ងន់ធ្ងរដល់ការដឹកជញ្ជូនកាល់ស្យូម។
២. ស្លឹកល្អ តែផ្លែខូច
បងប្អូនខ្លះឆ្ងល់ថា ហេតុអ្វីស្លឹកម្ទេសមើលទៅខៀវល្អ តែផ្លែបែរជាស្អុយ? នេះមកពីកាល់ស្យូមចូលចិត្តទៅរកស្លឹកដែលដកដង្ហើមខ្លាំង ជាជាងទៅរកផ្លែខ្ចី។ ប្រសិនបើអាកាសធាតុអាប់អួរ សំណើមក្នុងអាកាសខ្ពស់ពេក ឬគ្មានខ្យល់បក់ ចរន្តទឹកក្នុងដើមនឹងយឺត ដែលធ្វើឱ្យកាល់ស្យូមទៅមិនដល់ផ្លែ។
៣. តុល្យភាពជី
ការប្រើជីប៉ូតាស្យូម (Potassium) ច្រើនពេកនៅពេលម្ទេសកំពុងផ្លែ អាចធ្វើឱ្យវារារាំងការបឺតយកកាល់ស្យូម។ ទោះបីក្នុងដីមានកាល់ស្យូមច្រើនក៏ដោយ បើប៉ូតាស្យូមច្រើនពេក វានឹងដណ្តើមគ្នាចូលដើម ហើយកាល់ស្យូមនឹងត្រូវចាញ់។

៤. ជំហានអនុវត្តជាក់ស្តែងសម្រាប់បងប្អូនកសិករ
ដើម្បីទទួលបានម្ទេសប្លោកផ្លែស្អាត គុណភាពខ្ពស់ បងប្អូនគួរអនុវត្តដូចខាងក្រោម៖
- រក្សាកម្រិត pH ដី៖ ឱ្យនៅចន្លោះ ៥,៨ទៅ៦,៥ (ប្រើកំបោរសកសិកម្មបាចបើដីជូរ)។
- ស្រោចទឹកឱ្យទៀងទាត់៖ ជៀសវាងការទុកឱ្យដីស្ងួតខ្លាំង រួចស្រោចទឹកបង្ខំ។
- ប្រព័ន្ធរំដោះទឹក៖ ត្រូវធ្វើឱ្យចម្ការមានផ្លូវទឹកចេញល្អ កុំឱ្យជាំទឹកពេលភ្លៀងខ្លាំង។
- កុំប្រើជីប៉ូតាស្យូមលើសកម្រិត៖ ត្រូវប្រើតាមក្បួនខ្នាត។ ប្រឹក្សាជាមួយអ្នកជំនាញ។
- ធ្វើឱ្យដីធូរ៖ ដើម្បីឱ្យឫសដុះបានល្អ និងបំពេញមុខងារបឺតជីជាតិបានពេញលេញ។
៥. សំណួរមុនពេលសម្រេចចិត្តបាញ់ថ្នាំកាល់ស្យូម
មុននឹងបងប្អូនចំណាយលុយទិញថ្នាំកាល់ស្យូមមកបាញ់ សូមសួរខ្លួនឯងនូវ ៤ សំណួរនេះសិន៖
- តើខ្ញុំស្រោចទឹកបានទៀងទាត់ហើយឬនៅ?
- តើដីរបស់ខ្ញុំរំដោះទឹកបានល្អដែរទេ?
- តើឫសម្ទេសរបស់ខ្ញុំមានសុខភាពល្អ (មិនរលួយ) ដែរឬទេ?
- តើខ្ញុំកំពុងប្រើជីខ្លះច្រើនហួសកម្រិតដែរឬទេ?
ប្រសិនបើចំណុចទាំង ៤ ខាងលើមិនទាន់ល្អទេ ការបាញ់ថ្នាំកាល់ស្យូមបន្ថែម ក៏មិនអាចដោះស្រាយបញ្ហាផ្លែស្អុយបាន ១០០% ដែរ។ កសិកម្មឆ្លាតវៃ គឺចាប់ផ្ដើមពីការគ្រប់គ្រង «ដី និងទឹក» ឱ្យបានល្អ។ ប្រសិនបើបងប្អូនយល់ថាអត្ថបទនេះមានប្រយោជន៍ សូមជួយចែករំលែកបន្តដល់កសិករដទៃទៀតផង។
ដោយ៖ ចាន់ តារា
ប្រភព៖ Haifa Group /University of Georgia
