កុំស្មាន! យល់ដឹងពីបញ្ហាកាល់ស្យូមនិងស្នាមស្អុយលើម្ទេសប្លោក

បងប្អូនកសិករភាគច្រើន នៅពេលឃើញម្ទេសមានស្នាមអុចខ្មៅនៅខាងក្រោមផ្លែ (ស្អុយគូទ) អាច​គិតថាដីខ្វះកាល់ស្យូម ហើយក៏ប្រញាប់ទៅទិញថ្នាំមកបាញ់ភ្លាមៗ។ ប៉ុន្តែការពិត បញ្ហាមិនមែនចាប់ផ្ដើមពីផ្លែ ឬខ្វះជាតិកាល់ស្យូមក្នុងដីតែមួយមុខនោះទេ គឺវាបានកើតឡើងតាំងពីមុនពេលចេញ​ផ្លែ​មកម៉្លេះ។

១. ទឹកគឺជា​ភ្នាក់​ងារ​ដឹកជញ្ជូន​កាល់ស្យូម

កាល់ស្យូមមិនអាចដើរដោយខ្លួនឯងបានទេ វាត្រូវធ្វើដំណើរទៅជាមួយទឹក។ ប្រសិនបើចរន្តទឹកក្នុងដើមរត់មិនល្អ កាល់ស្យូមក៏មិនអាចទៅដល់ផ្លែបានដែរ។

  • ដីស្ងួតពេក៖ កាល់ស្យូមមិនអាចរលាយបាន ហើយឫសក៏មិនអាចបឺតយក​វាបានដែរ​។
  • ដីសើមពេក (ជាំទឹក)៖ ធ្វើឱ្យឫសខ្សោយ ឬរលួយ។ នៅពេលឫសមានបញ្ហា វាក៏ឈប់បឺតយកជីជាតិភ្លាមៗ​។

បងប្អូនត្រូវរក្សាសំណើមដីឱ្យមានតុល្យភាព មិនស្ងួតពេក និង​មិនជោកពេក។ ការដែលទុកឱ្យដីស្ងួតខ្លាំង រួចស្រោចទឹកជោកភ្លាមៗ គឺជាការបង្កកំហុសធ្ងន់ធ្ងរដល់ការដឹកជញ្ជូនកាល់ស្យូម​​។

២. ស្លឹកល្អ តែផ្លែខូច

បងប្អូនខ្លះឆ្ងល់ថា ហេតុអ្វីស្លឹកម្ទេសមើលទៅខៀវល្អ តែផ្លែបែរជាស្អុយ? នេះមកពីកាល់ស្យូមចូលចិត្តទៅរកស្លឹកដែលដកដង្ហើមខ្លាំង ជាជាងទៅរកផ្លែខ្ចី។ ប្រសិនបើអាកាសធាតុអាប់អួរ សំណើមក្នុងអាកាសខ្ពស់ពេក ឬគ្មានខ្យល់បក់ ចរន្តទឹកក្នុងដើមនឹងយឺត ដែលធ្វើឱ្យកាល់​ស្យូម​ទៅមិនដល់ផ្លែ។

៣. តុល្យភាពជី

ការប្រើជីប៉ូតាស្យូម (Potassium) ច្រើនពេកនៅពេលម្ទេសកំពុងផ្លែ អាចធ្វើឱ្យវារារាំងការបឺតយកកាល់ស្យូម។ ទោះបីក្នុងដីមានកាល់ស្យូមច្រើនក៏ដោយ បើប៉ូតាស្យូមច្រើនពេក វានឹងដណ្តើម​គ្នាចូលដើម ហើយកាល់ស្យូមនឹងត្រូវចាញ់។

៤. ជំហានអនុវត្តជាក់ស្តែងសម្រាប់បងប្អូនកសិករ

ដើម្បីទទួលបានម្ទេសប្លោកផ្លែស្អាត គុណភាពខ្ពស់ បងប្អូនគួរអនុវត្តដូចខាងក្រោម៖

  • រក្សាកម្រិត pH ដី៖ ឱ្យនៅចន្លោះ ៥,៨ទៅ​៦,៥ (ប្រើកំបោរសកសិកម្មបាចបើដីជូរ)។
  • ស្រោចទឹកឱ្យទៀងទាត់៖ ជៀសវាងការទុកឱ្យដីស្ងួតខ្លាំង រួចស្រោចទឹកបង្ខំ។
  • ប្រព័ន្ធរំដោះទឹក៖ ត្រូវធ្វើឱ្យចម្ការមានផ្លូវទឹកចេញល្អ កុំឱ្យជាំទឹកពេលភ្លៀងខ្លាំង។
  • កុំប្រើជីប៉ូតាស្យូមលើសកម្រិត៖ ត្រូវប្រើតាមក្បួនខ្នាត។ ប្រឹក្សា​ជាមួយ​អ្នកជំនាញ​។
  • ធ្វើឱ្យដីធូរ៖ ដើម្បីឱ្យឫសដុះបានល្អ និងបំពេញមុខងារបឺតជីជាតិបានពេញលេញ។

៥. សំណួរមុនពេលសម្រេចចិត្តបាញ់ថ្នាំកាល់ស្យូម

មុននឹងបងប្អូនចំណាយលុយទិញថ្នាំកាល់ស្យូមមកបាញ់ សូមសួរខ្លួនឯងនូវ ៤ សំណួរនេះសិន៖

  • តើខ្ញុំស្រោចទឹកបានទៀងទាត់ហើយឬនៅ?
  • តើដីរបស់ខ្ញុំរំដោះទឹកបានល្អដែរទេ?
  • តើឫសម្ទេសរបស់ខ្ញុំមានសុខភាពល្អ (មិនរលួយ) ដែរឬទេ?
  • តើខ្ញុំកំពុងប្រើជីខ្លះច្រើនហួសកម្រិតដែរឬទេ?

ប្រសិនបើចំណុចទាំង ៤ ខាងលើមិនទាន់ល្អទេ ការបាញ់ថ្នាំកាល់ស្យូមបន្ថែម ក៏មិនអាចដោះស្រាយបញ្ហាផ្លែស្អុយបាន ១០០% ដែរ។ កសិកម្មឆ្លាតវៃ គឺចាប់ផ្ដើមពីការគ្រប់គ្រង «ដី និងទឹក» ឱ្យបានល្អ។ ប្រសិនបើបងប្អូនយល់ថាអត្ថបទនេះមានប្រយោជន៍ សូមជួយចែករំលែកបន្តដល់កសិករដទៃទៀតផង។​

ដោយ៖ ចាន់ តារា
ប្រភព៖ Haifa Group /University of Georgia