តើអ្នកធ្លាប់ជួបបញ្ហាមាន់ស៊ីចំណីអស់ច្រើន តែមិនឃើញធំធាត់ ឬមិនឡើងសាច់ដែរឬទេ? កសិករជាច្រើនតែងបន្ទោសទៅលើគុណភាពចំណី ប៉ុន្តែការពិតបញ្ហាអាចស្ថិតនៅត្រង់ “ប្រព័ន្ធរំលាយអាហារ” របស់វាទៅវិញទេ។

ហេតុអ្វីបានជាមាន់ស៊ីច្រើន តែមិនធំ?
នៅពេលមាន់ជួបប្រទះនូវបញ្ហាដូចជា៖
- ការប្រើប្រាស់ថ្នាំផ្សះច្រើនពេក
- ជំងឺបរាសិតបង្កឲ្យមានបញ្ហាពោះវៀន (Coccidiosis)
- បញ្ហាស្ត្រេសដោយសារកម្តៅថ្ងៃខ្លាំង
- ការផឹកទឹកមិនស្អាត ឬប្តូរចំណីភ្លាមៗ
បញ្ហាទាំងនេះធ្វើឱ្យបាត់បង់បាក់តេរីល្អនៅក្នុងពោះវៀន។ នៅពេលវៀនខូច ឬខ្សោយ ទោះបីជាយើងផ្តល់ចំណីល្អកម្រិតណាក៏ដោយ ក៏រាងកាយមាន់មិនអាចស្រូបយកសារធាតុចិញ្ចឹមបានពេញលេញដែរ។ នេះជាមូលហេតុដែលយើងឃើញមាន់នៅតែរហ័សរហួន ស៊ីចំណីធម្មតា ប៉ុន្តែលាមករាវ ហើយខ្លួនស្រាលស្គម។
ទឹកដោះគោជូរ៖ ឱសថក្នុងផ្ទះបាយសម្រាប់ស្តារសុខភាពមាន់
ទឹកដោះគោជូរ (Plain Yogurt) គឺជាប្រភពនៃប្រូបាយអូទិក ឬបាក់តេរីមានជីវិត ដែលជួយស្តារតុល្យភាពក្នុងពោះវៀន បណ្តេញមេរោគអាក្រក់ និងជួយឱ្យការរំលាយអាហារមានប្រសិទ្ធភាពឡើងវិញ។
ដើម្បីស្តារប្រព័ន្ធរំលាយអាហារមាន់ឱ្យឆាប់រហ័ស អ្នកអាចអនុវត្តតាមវិធីងាយៗខាងក្រោម៖
- រូបមន្តលាយ៖ ប្រើទឹកដោះគោជូររសជាតិដើម១ ទៅ ២ ស្លាបព្រាបាយ លាយជាមួយទឹកស្អាត ១ លីត្រ។
- របៀបឱ្យផឹក៖ ដាក់ឱ្យមាន់ផឹករយៈពេល ៤ ទៅ ៦ ម៉ោង នៅពេលព្រឹក។
- រយៈពេល៖ ប្រើត្រឹមតែ ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។
ចំណុចសំខាន់៖ ត្រូវប្រើតែទឹកដោះគោជូរធម្មជាតិ ដែលគ្មានជាតិស្ករ និងគ្មានរសជាតិផ្លែឈើតែប៉ុណ្ណោះ។

តើពេលណាដែលអ្នកគួរប្រើវិធីនេះ?
- ក្រោយពេលបញ្ឈប់ការប្រើថ្នាំផ្សះ។
- នៅពេលឃើញមាន់មានលាមករាវ ឬរាគ។
- ក្រោយពេលដឹកជញ្ជូនមាន់ពីកន្លែងមួយទៅកន្លែងមួយ។
- ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង។
ការថែទាំពោះវៀនមាន់ឱ្យមានសុខភាពល្អ គឺជាគន្លឹះសំខាន់បំផុតនៃការចិញ្ចឹមមាន់ឱ្យឆាប់ធំ៕
ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips / The Poultry Site
