ទោះមានចំណីដិតដល់ បើមាន់ខ្សោយពោះវៀន​មិនងាយ​ធំធាត់ទេ

តើអ្នកធ្លាប់ជួបបញ្ហាមាន់ស៊ីចំណីអស់ច្រើន តែមិនឃើញធំធាត់ ឬមិនឡើងសាច់ដែរឬទេ? កសិករជាច្រើនតែងបន្ទោសទៅលើគុណភាពចំណី ប៉ុន្តែការពិតបញ្ហាអាចស្ថិតនៅត្រង់ “ប្រព័ន្ធរំលាយអាហារ” របស់វាទៅវិញទេ។

ហេតុអ្វីបានជាមាន់ស៊ីច្រើន តែមិនធំ?

នៅពេលមាន់ជួបប្រទះនូវបញ្ហាដូចជា៖

  • ការប្រើប្រាស់ថ្នាំផ្សះច្រើនពេក
  • ជំងឺបរាសិតបង្កឲ្យមានបញ្ហាពោះវៀន (Coccidiosis)
  • បញ្ហាស្ត្រេសដោយសារកម្តៅថ្ងៃខ្លាំង
  • ការផឹកទឹកមិនស្អាត ឬប្តូរចំណីភ្លាមៗ

បញ្ហាទាំងនេះធ្វើឱ្យបាត់បង់បាក់តេរីល្អនៅក្នុងពោះវៀន។ នៅពេលវៀនខូច ឬខ្សោយ ទោះបីជាយើង​ផ្តល់​ចំណីល្អកម្រិតណាក៏ដោយ ក៏រាងកាយមាន់មិនអាចស្រូបយកសារធាតុចិញ្ចឹមបានពេញលេញដែរ។ នេះជាមូលហេតុដែលយើងឃើញមាន់នៅតែរហ័សរហួន ស៊ីចំណីធម្មតា ប៉ុន្តែលាមករាវ ហើយខ្លួនស្រាល​ស្គម។

ទឹកដោះគោជូរ៖ ឱសថក្នុងផ្ទះបាយសម្រាប់ស្តារសុខភាពមាន់

ទឹកដោះគោជូរ (Plain Yogurt) គឺជាប្រភពនៃប្រូបាយអូទិក ឬបាក់តេរីមានជីវិត ដែលជួយស្តារតុល្យភាពក្នុងពោះវៀន បណ្តេញមេរោគអាក្រក់ និងជួយឱ្យការរំលាយអាហារមានប្រសិទ្ធភាពឡើងវិញ​។​

ដើម្បីស្តារប្រព័ន្ធរំលាយអាហារមាន់ឱ្យឆាប់រហ័ស អ្នកអាចអនុវត្តតាមវិធីងាយៗខាងក្រោម៖

  • រូបមន្តលាយ៖ ប្រើទឹកដោះគោជូររសជាតិដើម១ ទៅ ២ ស្លាបព្រាបាយ លាយជាមួយទឹកស្អាត ១ លីត្រ។
  • របៀបឱ្យផឹក៖ ដាក់ឱ្យមាន់ផឹករយៈពេល ៤ ទៅ ៦ ម៉ោង នៅពេលព្រឹក។
  • រយៈពេល៖ ប្រើត្រឹមតែ ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។

ចំណុចសំខាន់៖ ត្រូវប្រើតែទឹកដោះគោជូរធម្មជាតិ ដែលគ្មានជាតិស្ករ និងគ្មានរសជាតិផ្លែឈើតែប៉ុណ្ណោះ។

តើពេលណាដែលអ្នកគួរប្រើវិធីនេះ?

  • ក្រោយពេលបញ្ឈប់ការប្រើថ្នាំផ្សះ។
  • នៅពេលឃើញមាន់មានលាមករាវ ឬរាគ។
  • ក្រោយពេលដឹកជញ្ជូនមាន់ពីកន្លែងមួយទៅកន្លែងមួយ។
  • ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង។

ការថែទាំពោះវៀនមាន់ឱ្យមានសុខភាពល្អ គឺជាគន្លឹះសំខាន់បំផុតនៃការចិញ្ចឹមមាន់ឱ្យឆាប់ធំ៕

ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips / The Poultry Site