ជីអ៊ុយរ៉េ​និងជីអាម៉ូញ៉ូមស៊ុលហ្វាត​ប្រើប្រាស់ខុសប្លែកគ្នា​បែបណា?

នៅក្នុងការដាំដុះ អាសូតគឺជាសារធាតុចិញ្ចឹមដែលមិនអាចខ្វះបានសម្រាប់រុក្ខជាតិ ដើម្បីលូតលាស់ស្លឹក និងដើម។ ក្នុងចំណោមជីអាសូតដែលពេញនិយមបំផុតពីរប្រភេទគឺ ជីអ៊ុយរ៉េ និង ជីអាម៉ូញ៉ូមស៊ុលហ្វាត  កសិករយើង​អាចមានចម្ងល់ថា តើមួយណាផ្ដល់ផលចំណេញ និងប្រសិទ្ធភាពខ្ពស់ជាង?

ដើម្បីឆ្លើយនឹងសំណួរនេះ យើងត្រូវពិនិត្យមើលលក្ខណៈខុសគ្នាសំខាន់ៗដូចខាងក្រោម៖

១. បរិមាណសារធាតុចិញ្ចឹម

  • ជីអ៊ុយរ៉េ៖ មានផ្ទុកអាសូតខ្ពស់បំផុត រហូតដល់ ៤៦% (46-0-0)។
  • ជីអាម៉ូញ៉ូមស៊ុលហ្វាត៖ មានផ្ទុកអាសូតត្រឹមតែ ២១% ប៉ុន្តែវាមានចំណុចពិសេសមួយគឺមានផ្ទុកស្ពាន់ធ័រ២៤% (21-0-0-24S)។

២. ផលប៉ះពាល់លើកម្រិត pH របស់ដី

  • ជីអាម៉ូញ៉ូមស៊ុលហ្វាត៖ មានឥទ្ធិពលខ្លាំងក្នុងការ​បញ្ចុះកម្រិត pH។ វាស័ក្តិសមបំផុតសម្រាប់ប្រើលើដីដែលមានជាតិកំបោរខ្ពស់ ឬដីបាសដើម្បីជួយឲ្យដីមានតុល្យភាព និងជួយឲ្យឫសរុក្ខជាតិស្រូបយកជាតិរ៉ែបានល្អ។
  • ជីអ៊ុយរ៉េ៖ នៅពេលដាក់ដំបូង វាមានប្រតិកម្មជិតចំណុច​កណ្ដាល​រវាង​បាស និង​អាស៊ីត​ប៉ុន្តែក្រោយពេលបំប្លែងខ្លួនក្នុងដី វាក៏បង្កើតជាតិអាស៊ីតបន្តិចបន្តួចដែរ តែមិនខ្លាំងដូចជីអាម៉ូញ៉ូមស៊ុលផាតឡើយ។

៣. ការបាត់បង់សារធាតុចិញ្ចឹម

  • ជីអ៊ុយរ៉េ៖ ងាយនឹងបាត់បង់ទៅក្នុងបរិយាកាសក្នុងទម្រង់ជាឧស្ម័នអាម៉ូញាក់ ប្រសិនបើដាក់លើដីដែលសើមហើយក្ដៅ ដោយមិនបានលប់ដី ឬស្រោចទឹកភ្លាមៗ។ ការបាត់​បង់​អាសូតអាចឡើងដល់ ៣០-៥០% ក្នុងលក្ខខណ្ឌខ្លះ។
  • ជីអាម៉ូញ៉ូមស៊ុលហ្វាត៖ មានស្ថេរភាពជាង។ អាសូតក្នុងទម្រង់អាម៉ូញ៉ូមភ្ជាប់ខ្លួនបានល្អជាមួយដី ធ្វើឲ្យវាមានការភាយទៅក្នុងបរិយាកាសតិចជាងជីអ៊ុយរ៉េ នៅពេលប្រើលើផ្ទៃដី។

៤. ការប្រើប្រាស់តាមប្រភេទដំណាំ

  • ជ្រើសរើសអ៊ុយរ៉េ៖ នៅពេលយើង​ចង់បានជីដែលផ្ដល់អាសូតលឿន និងក្នុងបរិមាណច្រើនសម្រាប់ផ្ទៃដីធំៗ ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកម្លាំងពលកម្ម។ វាល្អសម្រាប់ដំណាំស្រូវ ជម្រុញការលូតលាស់ដើម និងស្លឹក។
  • ជ្រើសរើសអាម៉ូញ៉ូមស៊ុលហ្វាត៖ នៅពេលដំណាំរបស់អ្នកត្រូវការជាតិស្ពាន់ធ័រដើម្បីបង្កើតក្លិន និងរសជាតិ (ដូចជា ខ្ទឹមស ខ្ទឹមបារាំង ស្ពៃក្ដោប) ឬដំណាំយកប្រេង (សណ្ដែកដី សណ្ដែកសៀង)។ វាក៏ជាជម្រើសល្អបំផុតសម្រាប់ដីដែលខ្វះជាតិស្ពាន់ធ័រ​។

៥. កត្តាតម្លៃ

បើគិតទៅលើតម្លៃក្នុងមួយឯកតាអាសូត​ជីអ៊ុយរ៉េ តម្លៃធូរថ្លៃជាង ព្រោះវាមានកំហាប់អាសូតខ្ពស់ (៤៦%)។ ទោះជាយ៉ាងណា បើដីរបស់យើង​ខ្វះជាតិស្ពាន់ធ័រ ការប្រើជីអាម៉ូញ៉ូមស៊ុលហ្វាតអាចនឹងចំណេញជាង ព្រោះអ្នកមិនចាំបាច់ទិញជីស្ពាន់ធ័រមកបន្ថែមដាច់ដោយឡែក។

មិនមានជីណាមួយល្អដាច់គេ​គ្រប់កាលៈទេសៈនោះទេ៖

  • ប្រើជីអ៊ុយរ៉េ ប្រសិនបើដីមានគុណភាពល្អស្រាប់ ហើយអ្នកចង់សន្សំសំចៃថ្លៃដើមលើការផ្ដល់អាសូតក្នុងបរិមាណច្រើន។
  • ប្រើជីអាម៉ូញ៉ូមស៊ុលហ្វាត ប្រសិនបើដីមានកម្រិត pH ខ្ពស់ (ដីបាស) ឬនៅពេលដំណាំត្រូវការជាតិស្ពាន់ធ័រដើម្បីបង្កើនគុណភាពទិន្នផល។

កសិករឆ្លាតវៃ គួរតែប្រើប្រាស់ជីទាំងពីរប្រភេទនេះឆ្លាស់គ្នា ឬតាមតម្រូវការជាក់ស្ដែងនៃស្ថានភាពដី និងប្រភេទដំណាំ ដើម្បីទទួលបានទិន្នផលខ្ពស់បំផុត និងរក្សាសុខភាពដីឲ្យបានយូរអង្វែង

ដោយ៖ សែន តុលា
ប្រភព៖ RISSO CHEMICAL /GREEN GUBRE